ទម្លាប់ល្អៗក្នុងការបំបាត់បញ្ហាស្ត្រេសក្នុងបរិបទកូវីដ-១៩

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-03-26

ក្នុងអំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩​ នៅជុំវិញសកលលោក មនុស្សជាច្រើនបានទទួល ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសសុខភាពផ្លូវចិត្តដែលបង្កឲ្យមានបញ្ហាស្ត្រេស តប់ប្រមល់ សោកសៅ មួរម៉ៅជាដើម។ ការចូលរួមទប់ស្កាតជំងឺកូវីដ-១៩​ ដោយការនៅផ្ទះ មិនមានការជួបជុំ ការកាត់ផ្ដាច់ការចេញទៅក្រៅជារឿងដែលល្អដល់សុខភាពសុវត្ថិភាពរបស់លោកអ្នក ប៉ុន្តែវាអាចធ្វើឲ្យមានបញ្ហាសុខភាពផ្លូវចិត្តមានបញ្ហា។ ដូចនេះដើម្បីការពារបញ្ហាស្ត្រេសកំឡុងពេលការពារកូវីដ-១៩ លោកអ្នកគួរអនុវត្តវិធីសាស្ត្រដូចជា៖

១.  សម្រាកឲ្យបានគ្រប់គ្រាន់៖ លោកអ្នកគួរគេងឲ្យបានគ្រប់គ្រាន់ ​និងស្កប់ស្កល់ដើម្បីធ្វើឲ្យផ្លូវចិត្តស្រស់ស្រាយ​ កាត់បន្ថយភាពតានតឹង ដើម្បីធ្វើឲ្យផ្លូវចិត្តមានសុខភាពល្អ និងមិនមានបញ្ហាស្រ្តេស។

២. កាត់បន្ថយការទទួលព័ត៌មាន៖ ការទទួលព័ត៌មានគឺជារឿងចាំបាច់ក្នុងការទទួលបានដំណឹងថ្មីៗ​ឬការប្រកាសផ្សេងៗ ប៉ុន្តែការអាន ស្ដាប់ឬមើលព័ត៌មានដែលមិនល្អច្រើនពេកអាចប៉ះពាល់ដល់ផ្លូវអារម្មណ៍ ធ្វើឲ្យអារម្មណ៍មិនល្អ ច្របូកច្របល់ ភ័យខ្លាច និងមានការព្រួយបារម្ភខ្លាំងដែលអាចបង្កឲ្យមានបញ្ហាស្ត្រេសបានផងដែរ។

៣. ធ្វើសកម្មភាពសប្បាយៗ៖ ការមើលវីដេអូកំប្លែង​ ការស្ដាប់ចម្រៀង ការអានសៀវភៅ ការលេងកីឡា ការលេងល្បែងកម្សាន្តក្នុងលក្ខណៈគ្រួសារអាចជួយកាត់បន្ថយភាពអផ្សុក ភាពតានតឹង និងជួយឲ្យអារម្មណ៍ស្រស់ស្រាយ រីករាយដែលនេះអាចជួយការពារបញ្ហាស្ត្រេសបានយ៉ាងល្អ។

៤. ពិសារអាហារមានជីវជាតិ៖ អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍សុខភាពរាងកាយប៉ុណ្ណោះទេ តែក៏បានជួយឲ្យសុខភាពផ្លូវចិត្តមានភាពរឹងមាំ ជាពិសេសកំឡុងពេលសម្រាកនៅផ្ទះ។

៥. ទំនាក់ទំនងតាមប្រព័ន្ធអនឡាញ៖ លោកអ្នកគួរធ្វើការទំនាក់ទំនងជាមួយសាច់ញាតិ មិត្តភក្តិឬអ្នកដទៃតាមប្រព័ន្ធអនឡាយដើម្បីជជែកលេង ឬសន្ទនាពីកិច្ចការអ្វីមួយ​ដើម្បីការពារភាពឯកោ ឬអផ្សុកដែលជាមូលហេតុនៃបញ្ហាស្ត្រេស។

ប្រភពៈ CDC II https://www.cdc.gov

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង