ខូចក្រលៀន អាចបង្កើនហានិភ័យជំងឺបេះដូង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-05-24

មនុស្សជាង ៨០០លាននាក់ ជុំវិញសកលលោក មានជំងឺក្រលៀនរ៉ាំរ៉ៃ ដែលចុងក្រោយនឹងឈានដល់ ការបាត់បង់មុខងារក្រលៀនទាំងស្រុង។ ហើយការសិក្សាជាច្រើន បានរកឃើញថា ការខូចមុខងារក្រលៀន ជាកត្តាមួយអាចបង្កឱ្យមនុស្សកើតជំងឺបេះដូង។

 

ការសិក្សារបស់ក្រុមអ្នកស្រាជ្រាវ នៅមន្ទីរពេទ្យ Brigham and Women’s ក្នុងរដ្ឋ Boston នៃសហរដ្ឋអាមេរិក បានឱ្យដឹងថា បញ្ហាខូចក្រលៀន ដែលមានច្រើនប្រភេទ សុទ្ធតែមានទំនាក់ទំនង នឹងការបង្កើនហានិភ័យជំងឺបេះដូងខ្ពស់ជាងមុន។

 

យោងតាមវេជ្ជបណ្ឌិត Leo F. Buckley មាននាទីជាអ្នកស្រាវជ្រាវ នៅដេប៉ាតឺម៉ង់ឱសថ នៃមន្ទីរពេទ្យ Brigham and Women’s និងជាអ្នកដឹកនាំការសិក្សានេះ បានឱ្យដឹងថា មនុស្សដែលមានជំងឺក្រលៀនរ៉ាំរ៉ៃ ភាគច្រើនជាក្រុមមនុស្ស ដែលមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងបញ្ហាលើសទម្ងន់។ ហើយបញ្ហាទាំងនេះ ជាកត្តាប្រឈមនៃជំងឺបេះដូង។

 

មានការស្រាវជ្រាវចាស់ៗជាច្រើនទៀត ក៏បានបញ្ជាក់ដែរថា ជំងឺក្រលៀនរ៉ាំរ៉ៃ គឺជាកត្តាប្រឈមនៃជំងឺបេះដូងច្រើនមុខ រួមមាន ជំងឺសរសៃឈាមបេះដូង កន្ត្រាក់ថតបេះដូង គាំងបេះដូង ខ្សោយបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៕

 

ប្រភព៖ Medical News Today https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង