ជំងឺលើសឈាម ជាជំងឺទូទៅមួយ ដែលកើតមានលើមនុស្សជាច្រើន។ នោះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) គេប៉ាន់ស្មានថា មានមនុស្សប្រមាណ ១១៣០លាននាក់ ទូទាំងសកលលោក កំពុងមានជំងឺលើសឈាម។ ទោះជាជំងឺនេះ ជាជំងឺទូទៅយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សជាច្រើនយល់ខុស អំពីជំងឺលើសឈាមផងដែរ ទៅលើចំណុចមួយចំនួន។ ចង់ដឹងថា មានចំណុចអ្វីខ្លះ? សូមអានអត្ថបទនេះលម្អិត៖
ចំណុច ដែលមនុស្សទូទៅ យល់ខុសអំពីជំងឺលើសឈាម៖
១. សម្ពាធឈាម មិនមែនជារឿងសំខាន់
មនុស្សមួយចំនួន មិនបានគិតដិតដល់ ឬក៏យល់ខុសថា សម្ពាធឈាម មិនមែនជារឿងសំខាន់នោះទេ។ តាមពិតវាសំខាន់ណាស់ ហើយជាពិសេសបើសម្ពាធឈាមឡើងខ្ពស់ ឈានដល់មានអាការៈលើសឈាម វាកាន់តែគ្រោះថ្នាក់។ បើគ្មានការព្យាបាលនោះទេ អ្នកជំងឺលើសឈាម អាចប្រឈមនឹងជំងឺដទៃទៀតជាច្រើន រួមមាន (១) ជំងឺគាំងបេះដូង (២) ជំងឺដាច់សរសៃឈាមខួរក្បាល (៣) ជំងឺក្រលៀន (៤) ជំងឺខ្សោយបេះដូង (៥) ឈឺចុកទ្រូង (៦) បាត់បង់គំហើញ (៧) ខ្សោយមុខងារផ្លូវភេទ និង (៨) ជំងឺសរសៃឈាម។ ដោយសារតែជំងឺលើសឈាម បរិមាណឈាម និងអុកស៊ីសែន ដែលធ្វើដំណើរទៅបំប៉នបេះដូង នឹងថយចុះ ដែលនាំឱ្យងាយខូចសរីរាង្គចម្បង ពោលគឺ បេះដូង។
២. ជំងឺលើសឈាម ជាជំងឺតំណពូជ ដូចនេះ កូនចៅអ្នកជំងឺលើសឈាម ប្រាកដជាជៀស មិនផុតនោះទេ
នេះក៏ជាការយល់ខុសរបស់មនុស្សមួយចំនួន ព្រោះជំងឺលើសឈាម អាចជៀសវាងបាន ប្រសិនបើអនុវត្តការថែទាំសុខភាពបានត្រឹមត្រូវ។ ការសិក្សា បានបង្ហាញថា ជំងឺលើសឈាម ពិតជាមានសមាសភាពតំណពូជពិតមែន។ ទោះជាយ៉ាងណា វាមិនមានន័យថា ជំងឺលើសឈាម ជាជំងឺជៀសមិនផុតនោះទេ របស់កូនចៅអ្នកជំងឺលើសឈាម។ វិធីមួយល្អៗមួយចំនួន អាចជួយបង្ការជំងឺលើសឈាម ក្នុងនោះមាន (១) របបអាហារល្អ (២) ការទទួលទានជាតិអាល់កុលមានកម្រិត (៣) ទទួលទានអំបិលតិច (៤) រក្សា BMI ទាប និង (៥) ធ្វើលំហាត់ប្រាណឱ្យបានច្រើន។
៣. មនុស្សចាស់មិនអាចជៀសផុត ពីជំងឺលើសឈាមឡើយ
នេះគឺជាការយល់ខុសមួយ ព្រោះថា មនុស្សចាស់ ក៏អាចបង្ការជំងឺលើសឈាមបានដែរ ទៅតាមទម្លាប់នៃការថែទាំសុខភាព។ ទោះបីជាមនុស្សចាស់ ជាក្រុមមនុស្ស ដែលតែងតែប្រឈមខ្ពស់ ជាងក្រុមមនុស្សដទៃទៀតក្ដី មនុស្សចាស់ អាចបង្ការជំងឺលើសឈាមដោយ៖ (១) កាត់បន្ថយជាតិអំបិល ក្នុងចំណីអាហារ (២) ហាត់ប្រាណឱ្យបានទៀងទាត់ (៣) ផ្ដាច់បារី និង (៤) បរិភោគអាហារសុខភាព។
៤. អាចកំណត់សម្គាល់រោគសញ្ញាបាន ប្រសិនបើមានជំងឺលើសឈាម
វិធីដែលអាចកត់សម្គាល់បានថា អ្នកមានជំងឺលើសឈាមគឺ វិធីវាស់សម្ពាធឈាម។ កុំយល់ខុសឱ្យសោះថា អ្នកអាចចំណាំរោគសញ្ញាបាន ព្រោះជំងឺលើសឈាម ជាជំងឺដែលគ្មានរោគសញ្ញានោះទេ។ អ្នកជំនាញហៅជំងឺនេះ ថាជាជំងឺ “Silent Killer”។ ក្នុងសហរដ្ឋអាមេរិក មានមនុស្សប្រហែល ៧៥លាននាក់ មានជំងឺលើសឈាម ប៉ុន្តែក្នុងនោះ មានអ្នកជំងឺលើសឈាម ១១លាននាក់ មិនដឹងថា ខ្លួនមានជំងឺលើសឈាមនោះទេ។
៥. គ្រាន់តែកាត់បន្ថយអំបិលថែមក្នុងចំណីអាហារ នោះមានសុវត្ថិភាពហើយ
ពេលខ្លះអ្នកប្រហែលជាយល់ខុសថា អ្នកអាចបន្ថយជាតិអំបិលបាន ដោយកាត់បន្ថយការថែមអំបិលក្នុងចំណីអាហារ។ ប៉ុន្តែអ្នកគួរយល់ថា ក្នុងចំណីអាហារជាច្រើន មានផ្ទុកជាតិអំបិលរួចជាស្រាប់។ ពោលគឺ ដើម្បីប្រុងប្រយ័ត្នការទទួលទានជាតិអំបិល លោកអ្នកគួរពិនិត្យមើលបរិមាណជាតិអំបិល លើការណែនាំរបស់ចំណីអាហារ ដែលលោកអ្នកទទួលទាន។
៦. ប្រសិនបើទទួលទានថ្នាំលើសឈាម ហើយសម្ពាធឈាមថយចុះធម្មតា អាចឈប់ទទួលទានថ្នាំបាន
កាលណាអ្នកជំងឺទទួលទានថ្នាំព្យាបាលជំងឺលើសឈាម សម្ពាធឈាមរបស់ពួកគាត់ នឹងថយចុះ ទៅស្ថានភាពធម្មតា។ ទោះជាបែបនេះក៏ដោយ វាមិនមានន័យថា អ្នកអាចផ្អាកទទួលទានថ្នាំបន្តទៅមុខទៀតបានឡើយ។ លោកអ្នកអាចឈប់ទទួលទានថ្នាំនោះបាន ទាល់តែវេជ្ជបណ្ឌិត បានណែនាំច្បាស់លាស់។ គួរសួរនាំវេជ្ជបណ្ឌិត ដើម្បីតាមដានស្ថានភាពជំងឺ និងការធូរស្បើយ។
៧. ជំងឺលើសឈាម អាចព្យាបាលបាន
ក្នុងពេលបច្ចុប្បន្ននេះ ជំងឺលើសឈាម មិនអាចព្យាបាលបាននោះទេ។ អ្វីដែលអ្នកជំងឺ អាចធ្វើបាន គឺកាត់បន្ថយស្ថានភាពជំងឺលើសឈាមតែប៉ុណ្ណោះ។
៨. មានតែបុរសទេ ដែលកើតមានជំងឺលើសឈាម
កុំយល់ខុសឱ្យសោះថា មានតែបុរសទេ ដែលអាចប្រឈមនឹងជំងឺនេះ។ មនុស្សគ្រប់ភេទ អាចប្រឈមនឹងជំងឺលើសឈាម។ បុរសប្រឈមខ្ពស់នឹងជំងឺនេះពិតមែន កាលណាបុរសស្ថិតក្នុងអាយុក្រោម ៤៥ឆ្នាំ។ ប៉ុន្តែចាប់ពីអាយុ ៤៥ឆ្នាំ ដល់ ៦៤ឆ្នាំ បុរស និងស្ត្រី មានហានិភ័យជំងឺលើសឈាម ប្រហាក់ប្រហែលគ្នា៕
Medical News Today https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង