សុដន់ លេចចេញរូបភាពទាំងនេះ អាចបង្ហាញសញ្ញាមហារីក!

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-05-01

ជំងឺមហារីកសុដន់ កើតមានច្រើន ជាទូទៅលើស្ត្រី ហើយកោសិកាមហារីកសុដន់ ជាកោសិកា ដែលលូតលាស់ខ្លាំង កាចសាហាវ មិនងាយនឹងទប់ទល់នោះទេ។ ទោះបីស្ត្រី ជាក្រុមប្រឈមខ្ពស់ តែបុរសខ្លះ ក៏ជៀសមិនផុតពីហានិភ័យ កើតមហារីកសុដន់​នេះ​ដែរ។ ការកត់សម្គាល់ រោគសញ្ញានៅលើសុដន់ ជាវិធី ដែលមានប្រសិទ្ធភាពខ្ពស់មួយ ក្នុងការតាមដានការលូតលាស់រោគសញ្ញានៃជំងឺមហារីកសុដន់ ដើម្បីឱ្យងាយស្រួល ក្នុងការទប់ស្កាត់ និងព្យាបាលបានទាន់ពេល។

 

ទាំងនេះ ជារូបភាពមួយចំនួន នៅលើសុដន់ ដែលបង្ហាញពីលទ្ធភាព​នៃការកើតមានជំងឺមហារីកសុដន់៖

១. មានដុំពក និងដុំសាច់សុដន់ឡើងក្រាស់

ទាំងពីរនេះ ជាសញ្ញាដំបូងបំផុតនៃមហារីកសុដន់ ហើយងាយស្រួលកំណត់សម្គាល់ជាងគេ។ វិធីមួយ ជួយឱ្យអ្នក​ស្គាល់ពីលក្ខណៈសុដន់របស់ខ្លួន​ច្បាស់ និងដឹងថា សុដន់មានការប្រែប្រួលបែបណា គឺអ្នកឧស្សាហ៍ពិនិត្យសុដន់របស់ខ្លួន ឱ្យបានយ៉ាងតិចមួយខែម្ដង ដោយខ្លួនឯង ឬកាន់តែល្អ ពិនិត្យជាមួយពេទ្យជំនាញ។

 

ពេលវេលាល្អបំផុត សម្រាប់ពិនិត្យសុដន់ គឺរយៈពេលប៉ុន្មានថ្ងៃ ក្រោយមករដូវ។ ប្រសិនបើស្ត្រីអស់រដូវ ស្ត្រីគួរកំណត់ថ្ងៃមួយណាជាក់លាក់ សម្រាប់តេស្តមើលឱ្យបានម្ដង ក្នុងមួយខែ។

 

២. ហូរទឹករំអិល​ចេញ​ពី​ក្បាលសុដន់

ការហូរទឹករំអិល ឬទឹកដោះចេញពីចុងសុដន់ អាចគ្រាន់តែជារឿងធម្មតា ប្រសិនបើអ្នកស្ថិតក្នុងដំណាក់កាលបំបៅដោះកូន។ ផ្ទុយទៅវិញ បើអ្នកមិនបំបៅដោះកូននោះទេ តែមានទឹកហូរ​ចេញមក អ្នកមិនគួរមើលរំលងរោគសញ្ញានេះទេ។ នោះអាចជារោគសញ្ញាមហារីកសុដន់ ដែលអាចមានសណ្ឋានជាទឹកថ្លា ឬជាឈាម។

 

គួរតែជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យមើលពីមូលហេតុនៃរោគសញ្ញានេះ។

 

៣. ផ្លាស់ប្ដូរទំហំ និងទម្រង់នៃសុដន់

បើសុដន់ មានការផ្លាស់ប្ដូរទម្រង់ ឬអាចមានការហើម ពេលខ្លះ វាជាសញ្ញានៃការមករដូវធម្មតា។ ប៉ុន្តែប្រសិនបើសុដន់ប្រែប្រួលបែបនេះ ក្នុងពេល​ដែលស្ត្រី មិនទាំង​មានរដូវផង វាអាចជាសញ្ញាមហារីក​ហើយ។

 

៤. ចុងសុដន់ លឹប​ចូល​ទៅ​ក្នុង​ ឬ​ចុង​សុដន់​បញ្ច្រាស់

ការលូតលាស់ ​នាំមកនូវការប្រែប្រួល​រូបរាងសុដន់​របស់​ស្ត្រី។ ប៉ុន្តែប្រសិនបើមានសញ្ញាគួរឱ្យសង្ស័យបែបនេះ គួរការពារទុកមុន ដោយពិគ្រោះពីបញ្ហាជាមួយដុកទ័រជំនាញភ្លាម។

 

៥. របបស្បែក ឬសើរស្បែកសុដន់

កុំភ័យខ្លាំងពេក កាលណា មានរោគសញ្ញាទាំងនេះ ព្រោះវាក៏អាចជាសញ្ញាជំងឺសើរស្បែកដែរ។ ក៏ប៉ុន្តែបើចង់ដឹងកាន់តែច្បាស់ សូមពិនិត្យសុខភាពសុដន់ ព្រោះរោគសញ្ញានេះ ក៏ជារោគសញ្ញា​មហារីកសុដន់ដូចគ្នា។

 

៦. ស្នាមកន្តួលលើស្បែកសុដន់

ស្នាមក្រហម ឬកន្តួលលើស្បែក អាចជាសញ្ញានៃបញ្ហារលាកស្បែកសុដន់។ ប្រសិនបើមានសញ្ញាទាំងនេះ គួរតែតេស្តមើលស្ថានភាពសុដន់ ព្រោះនេះអាចជាទម្រង់នៃមហារីកសុដន់ ដែលមានលក្ខណៈកាច។ មហារីកសុដន់ប្រភេទនេះ បង្កផលប៉៉ះពាល់លើស្បែក និងសរសៃកូនកណ្ដុររបស់សុដន់ ដែលបង្កជារោគសញ្ញាកន្តួលក្រហមបែបនេះ។

 

៧. ស្បែកសុដន់ មានស្នាមអុចៗ ឬខូង

សុដន់ស្ត្រី នៅពេលរលាកហើម អាចមានស្ថានភាពអុចៗ គ្រើមៗ ឬខូងៗ ដូចសំបកក្រូច។ ក្នុងស្ថានភាពនេះ ស្ត្រីត្រូវតែពិនិត្យសុខភាពសុដន់ មិនគួរទុកយូរទេ​៕

 

ប្រភព៖ Healthline https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង