កុមារយំគាំង ដោយសារមូលហេតុទាំងនេះ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-04-02

ការយំគាំងលើកុមារ ឬ Breath-holding spells គឺជាស្ថានភាពមួយ នៅពេលទារក ឬកុមារ ឈប់ដកដង្ហើមរយៈពេលអាចយូរដល់មួយនាទី និងអាចសន្លប់បាត់ស្មារតី។ ទារកអាចប្រឈមនឹងបញ្ហានេះ នៅពេលទារកមានអារម្មណ៍ភ័យខ្លាចខ្លាំង មិនសប្បាយចិត្ត ខឹង ជួបការភ្ញាក់ផ្អើលភ្លាមៗមួយរំពេច ឬមានការឈឺចាប់លើដងខ្លួនខ្លាំង។

 

យោងតាមគេហទំព័រ NHS ជាទូទៅ វាមិនមែនជារឿងគ្រោះថ្នាក់នោះទេ ប៉ុន្តែប្រសិនបើវាជាករណីដំបូង សម្រាប់អាណាព្យាបាលមួយចំនួន វាអាចនឹងបង្កភាពភ័យព្រួយ។ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីការយំគាំងលើកុមារ​ សូមអានអត្ថបទនេះ លម្អិត។

 

តើនៅពេលកុមារយំគាំង កុមារមានសញ្ញាបែបណាខ្លះ?

១. យំ ហើយបន្ទាប់មក នៅស្ងាត់ស្ងៀម ហើយក្នុងពេលតែមួយ ព្យាយាមខ្ទប់ដង្ហើមខ្លួនឯង

២. បើកមាត់ធំៗ បង្ហាញថា រកយំ ប៉ុន្តែមិនបញ្ចេញសំឡេងនោះទេ

៣. ឡើងពណ៌ខៀវ ឬប្រផេះ

៤. ទន់ខ្លួន ឬក៏រឹងខ្លួន ឬដងខ្លួនអាចកន្ត្រាក់

៥. សន្លប់រយៈពេល ១នាទី ទៅ ២នាទី

 

ការយំគាំងលើកុមារ បង្កដោយមូលហេតុចម្បងទាក់ទងនឹងអារម្មណ៍។ កាលណាកុមារ មានអារម្មណ៍ដិតដាមខ្លាំង ដូចជា ភ័យខ្លាំង ឈឺចាប់ខ្លាំង ខ្លាចខ្លាំង ឬខឹងខ្លាំង នោះកុមារ អាចយំគាំង។

 

ការយំគាំង មាន ២ប្រភេទ៖

១. Blue breath-holding spells៖ ជាប្រភេទ ដែលកើតឡើងញឹកញាប់ ហើយវាកើតឡើង នៅពេលកុមារផ្លាស់ប្ដូរចង្វាក់នៃការដកដង្ហើម

២. Reflex anoxic seizure៖ ជាប្រភេទយំគាំង នៅពេលចង្វាក់បេះដូងកុមារ ធ្លាក់ចុះយឺត

 

អ្វីដែលគួរធ្វើ នៅពេលកុមារយំគាំង៖

១. សម្រួលអារម្មណ៍មិនស្លន់ស្លោ ព្រោះស្ថានភាពកុមារនឹងបាត់ទៅវិញ ក្រោម ១នាទី

២. ដាក់កុមារដេកផ្អៀង (កុំលើកកុមារឡើង)

៣. នៅជាមួយកុមារ ទាល់តែបាត់ការសន្លប់

៤. ត្រូវមើលឱ្យដឹងថា កុមារមិនបានប៉ះទង្គិចក្បាល ដៃ ជើង ឬផ្នែកណាមួយនោះទេ

៥. ត្រូវឱ្យកុមារសម្រាកឱ្យបានគ្រប់គ្រាន់ ក្រោយស្ថានភាពនេះ

 

អ្វីដែលមិនគួរធ្វើ នៅពេលកុមារយំគាំង៖

១. កុំអង្រួន ឬក្រឡុកកូន ឬកុំប្រើទឹកជះលើកូន

២. កុំដាក់ដៃ ឬអ្វីទាល់តែសោះ ចូលក្នុងមាត់កូន

៣. កុំផ្ដល់ចលនាដង្ហើម ឬជំនួយ CPR ដល់កូន

៤. កុំនិយាយថា កូនធ្វើជាគាំង ឬធ្វើជាសន្លប់ដោយចេតនា

 

ការព្យាបាលការយំគាំងលើកុមារ៖

ការយំគាំងនេះ គ្មានថ្នាំ ឬវិធីព្យាបាលពិតប្រាកដ ឬត្រឹមត្រូវនោះទេ។ ជាធម្មតាអាការៈបែបនេះ នឹងបាត់ទៅវិញ នៅពេលកុមារឈានចូលអាយុ ៤ ទៅ ៥ឆ្នាំ។ ក៏ប៉ុន្តែការយំគាំង នៅពេលខ្លះ មានទាក់ទងនឹងជំងឺស្លេកស្លាំង បង្កដោយកង្វះសារជាតិដែក។ ដូចនេះ ជម្រើសល្អ គឺ​​អ្នកគួរពិនិត្យកម្រិតជាតិដែក ក្នុងឈាមរបស់កូន ព្រោះកូនរបស់អ្នកប្រហែលជាត្រូវការជាតិដែកបំប៉ន៕

 

ប្រភព៖ NHS https://www.nhs.uk/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង