ឲ្យតែឈឺ កោសខ្យល់! ក្តៅខ្លួន ក៏កោសខ្យល់! ឈឺក្បាល ក៏កោសខ្យល់! តើការកោសខ្យល់ មានលកណ្ខៈអ្វីពិសេស

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-03-17

ឲ្យតែឈឺ កោសខ្យល់! ក្តៅខ្លួន ក៏កោសខ្យល់! ឈឺក្បាល ក៏កោសខ្យល់! តើការកោសខ្យល់​ មានលកណ្ខៈអ្វីពិសេស បានជាបងប្អូនយើង និយមប្រើប្រាស់វិធីសាស្រ្តនេះ?

ការកោសខ្យល់ ជាវិធីសាស្ត្រព្យាបាលជំងឺមួយ ដែលពេញនិយមខ្លាំង សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ។ បងប្អូនមានដែលសង្កេតឃើញដែរឬទេ? នៅតាមផ្ទះនិមួយៗ ពេលដែលមាន(១)រោគសញ្ញាក្តៅខ្លួន (២)ឈឺក្បាល (៣)វិលមុខ (៤)ឬក៏សល់ហាយពីការជួបជុំ គឺតែងតែប្រើប្រាស់វិធីសាស្ត្រនេះ!​ ទៀតសោត វិធីសាស្រ្តនេះ មិនមែនទើបតែនិយមប្រើប្រាស់នាពេលបច្ចុប្បន្ននោះទេ គឺតាំងពីជំនាន់មុនម្លេះ។

តើវិធីសាស្ត្រនៃការព្យាបាលដោយការកោសខ្យល់នេះ មានអត្ថប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?

ជាការពិត! វិធីសាស្ត្រកោសខ្យល់មិនត្រឹមតែពេញនិយមសម្រាប់បងប្អូនខ្មែរយើងនោះទេ ប្រទេសជិតខាងយើងក៏ពេញនិយមក្នុងការប្រើប្រាស់ការកោសខ្យល់នេះផងដែរដូចជា៖ ប្រទេសចិន ប្រទេសថៃ វៀតណាម និងឡាវជាដើម។

ការស្រាវជ្រាវពីគេហទំព័រ healthline.com បានបង្ហាញថា វិធីសាស្ត្រ​កោសខ្យល់នេះ មានដើមកំណើតពីប្រទេសចិន ហើយវិធីសាស្រ្តនេះ ក៏ជាក្បួនបុរាណប្រចាំប្រទេសចិនផងដែរក្នុងការយកមកព្យាបាលជំងឺ។ ការកោសខ្យល់នេះ ជាវិធីព្យាបាលបែបធម្មជាតិ ដោយការកោសស្បែក ជាមួយនិង ឧបករណ៍ម៉ាស្សា ដែលធ្វើឱ្យឈាមរត់ស្រួល និងជាបច្ចេកទេសព្យាបាលបុរាណដែលគេ ជឿជាក់ថា អាចព្យាបាលឈឺចាប់រ៉ាំរ៉ៃបានយ៉ាងមានប្រសិទ្ធិភាព។

យោងតាមការសិក្សាស្រាវជ្រាវដដែល វិធីសាស្រ្តព្យាបាលដោយកោសខ្យល់នេះ ជាទូទៅត្រូវបានអនុវត្តនៅលើខ្នង គូទ ក ដៃ និងជើង ជាដើម។ វិធីសាស្ត្រព្យាបាល ដោយការកោសខ្យល់ អាចកាត់បន្ថយជំងឺ ដែលបណ្តាលឱ្យ​ឈឺចាប់រ៉ាំរ៉ៃ ដូចជា៖

(១)ជំងឺរលាកសន្លាក់

(២)ជំងឺ fibromyalgia

(៣)ក៏ដូចជាជំងឺ ដែលបង្កឱ្យមានការឈឺចាប់សាច់ដុំ និងសន្លាក់។ ក្រៅពីកាត់បន្ថយការឈឺចាប់ដោយជំងឺរ៉ាំរ៉ៃ ការកោសខ្យល់ ក៏អាចកាត់បន្ថយរោគសញ្ញានៃលក្ខខណ្ឌជំងឺផ្សេងទៀត រួមមាន៖

  1. ជំងឺរលាកថ្លើមប្រភេទ B។ ជំងឺរលាកថ្លើមប្រភេទ B គឺជាការឆ្លងមេរោគ ដែលបណ្តាលឱ្យ (១)រលាកថ្លើម (២)ខូចថ្លើម (៣)និងស្លាកស្នាមថ្លើម។ ការស្រាវជ្រាវបានបង្ហាញថា ការកោសខ្យល់អាចកាត់បន្ថយការរលាកថ្លើមរ៉ាំរ៉ៃ។
  2. ឈឺក្បាលប្រកាំង។ ការឈឺក្បាលបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែបើសិនបើការឈឺក្បាលរបស់លោកអ្នកមិនឆ្លើយតបនឹងថ្នាំដែលវេជ្ជបញ្ជាបានដាក់ឲ្យនោះទេ លោកអ្នកអាចប្រើប្រាស់វិធីសាសាស្ត្រកោសខ្យល់នេះបាន។
  3. ការស្ទះទឹកដោះ របស់ម្តាយ ដែលទើបសម្រាលកូនថ្មីៗ។ ស្ថានភាពនេះ គឺ​ស្ត្រី​បំបៅ​ដោះ​កូន​ជាច្រើន ​បានជួប​ប្រទះ គឺនៅពេលដែលសុដន់ម្តាយពោរពេញដោយទឹកដោះច្រើន សុដន់​ប្រែ​ជា​ហើម និង​ឈឺចាប់ ដែល​ធ្វើ​ឱ្យ​ទារក​ពិបាក​បំបៅដោះរបស់ម្តាយ។
  4. ការឈឺក ឬចុកចាប់នៅត្រង់ក។ (១)ការឈឺចុកចាប់នៅតំបន់ក (២)នៅស្មារខាងក្រោយ ឬក៏(៣)អាការៈចុកស្រពន់ រោយក លោកអ្នកក៏អាចសាកល្បងក្នុងការប្រើប្រាស់វិធីសាស្ត្រកោសខ្យល់ បានផងដែរ។
  5. រោគសញ្ញា Tourette។

ការអស់រដូវរបស់ស្ត្រី។ ការអស់រដូវរបស់ស្ត្រី គឺតែងតែកើតឡើងនៅអាយុ ៤៥ឆ្នាំ ប៉ុន្តែ​ការស្រាវជ្រាវបានឲ្យដឹងថា ប្រសិនបើស្រ្តីប្រើប្រាស់វិធីសាស្ត្រព្យាបាលដោយ​ការកោសខ្យល់នេះ គឺអាចជួយកាត់បន្ថយក្នុងការអស់រដូវបាន ព្រោះវិធីសាស្ត្រនេះ (១)ជួយសម្រួលសសៃរឈាមឲ្យប្រសើរឡើង (២)កាត់បន្ថយការគេងមិនលក់ (៣)ការមករដូវមិនទៀងទាត់ (៤)ការថប់បារម្ភ និង(៥)អស់កម្លាំង។

ក្រោយពីបានស្តាប់ពីអត្ថប្រយោជន៍អំពីវិធីសាស្ត្រការព្យាបាលដោយការកោសខ្យល់រួចមក តើបងប្អូនមានឆ្ងល់ដែរ ឬទេ ថា ការកោសខ្យល់នេះ តើមានផលប៉ះពាល់ដែរ ឬទេ?

លោកអ្នកបានដឹងហើយថា ការកោសខ្យល់ គឺមានការឈឺចាប់ និងធ្វើឲ្យស្បែកឡើងក្រហមជាំ ក្រតួលជាដើម ដោយការកកិតស្បែកជាមួយឧបករណ៍កោសខ្យល់ អាចបណ្តាលឲ្យមានផលប៉ះពាល់សរសៃឈាមតូចៗ ដែលគេស្គាល់ថាជា (capillaries) នៅខាងក្រោមស្បែក និងមានឡើងក្រហមឈាមបន្តិច ប៉ុន្តែសូមកុំបារម្ភ រយៈពេលពីរបីថ្ងៃ នឹងបាត់ទៅវិញ ប៉ុន្តែសូមជៀសវាងការប្រើប្រាស់វិធីសាស្ត្រកោសខ្យល់នេះ ប្រសិនបើអ្នកបានធ្វើការវះកាត់ណាមួយ ក្នុងរយៈពេលប្រាំមួយសប្តាហ៍​ចុងក្រោយនេះ។

ប្រភព៖ Healthline https://www.healthline.com/health/gua-sha#benefits

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង