តើអ្នកដឹងទេថា បើមានជំងឺរើម ហើយមិនព្យាបាលទាន់វានៅស្រាល នោះវាអាចបង្កជាផលវិបាកអាក្រក់? យោងតាមគេហទំព័រ Mayo Clinic ជំងឺរើម មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ ប៉ុន្តែបើមិនព្យាបាលទាន់ពេលវេលា វាអាចស៊ីសរីរាង្គឱ្យខូច ព្យាបាលលែងបាន ក្នុងនោះ រួមមាន៖ ភ្នែក ខួរក្បាល និងស្បែក។
ជំងឺរើម គឺជាការឆ្លងវីរុស ដែលបង្កជាកន្តួលក្រហម ឈឺចុកចាប់លើស្បែក។ ជំងឺរើមនេះ អាចកើតឡើង លើគ្រប់ផ្នែកនៃរាងកាយមនុស្ស។ វីរុស ដែលបង្កជំងឺរើម គឺវីរុស varicella-zoster ដែលជាវីរុស បង្កជំងឺអុតស្វាយផងដែរ។ ម្យ៉ាងទៀត ក្រោយអ្នកកើតអុតស្វាយរួច វីរុសនោះ នឹងស្ថិតក្នុងរាងកាយរបស់អ្នក ហើយច្រើនឆ្នាំក្រោយមក វាអាចកើតឡើងវិញ ក្នុងទម្រង់ជាជំងឺរើម។
មូលហេតុបង្កជំងឺរើម៖
១. ឆ្លងមេរោគ varicella-zoster
២. ធ្លាប់កើតជំងឺអុតស្វាយ
៣. ប្រព័ន្ធភាពស៊ាំធ្លាក់ចុះខ្សោយ
កត្តាប្រឈម ឬមនុស្ស ដែលប្រឈមនឹងកើតជំងឺរើម៖
១. អាយុ៖ អាយុ ៥០ឆ្នាំឡើង
២. មានជំងឺធ្វើឱ្យប្រព័ន្ធស៊ាំចុះខ្សោយ៖ ជំងឺអេដស៍ និងជំងឺមហារីក
៣. ការព្យាបាលជំងឺមហារីក៖ ព្យាបាលមហារីក ដោយវិធីកាំរស្មី និងឱសថគីមី
៤. ថ្នាំវេជ្ជសាស្ត្រមួយចំនួន
រោគសញ្ញាជំងឺរើម៖
១. ឈឺ ក្ដៅរលាក និងរសើបស្បែក
២. ប្រតិកម្មនៅពេលមានអ្វីប៉ះ
៣. មានលេចចេញកន្តួលក្រហម នៅប៉ុន្មានថ្ងៃក្រោយ មានការឈឺចាប់
៤. ស្បែកមានពងបែក
៥. រមាស់ស្បែក
៦. ក្ដៅខ្លួន
៧. ឈឺក្បាល
៨. ចាញ់ពន្លឺ
៩. ខ្សោយអស់កម្លាំង
តើជំងឺរើម ជាជំងឺឆ្លងដែរ ឬទេ?
អ្នកជំងឺរើម អាចចម្លងវីរុស varicella-zoster ទៅកាន់អ្នកដទៃ ទៅតាមការប៉ះគ្នាផ្ទាល់ និងប៉ះពាល់ដំបៅ ឬកន្តួលរើម។ ប្រសិនបើមនុស្សនោះ គ្មានប្រព័ន្ធការពាររឹងមាំ នឹងជំងឺអុតស្វាយ ពួកគេងាយនឹងឆ្លងវីរុស និងកើតជំងឺអុតស្វាយមុន រួចឈានចូលការកើតជំងឺរើម។
ផលវិបាកនៃជំងឺរើម៖
១. កើតអាការៈ Postherpetic neuralgia៖ វាជាអាការៈមួយ ដែលការឈឺចាប់ជំងឺរើម ស្ថិតនៅក្នុងរយៈពេលយូរ ក្រោយពងបែក បានជាសះស្បើយទៅហើយ។ វាមានពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ និងការផ្ញើព័ត៌មានខុសទៅកាន់ខួរក្បាល។
២. ខូចភ្នែក ឬបាត់បង់គំហើញ៖ ប្រសិនបើជំងឺរើមកើតក្នុងភ្នែក ឬជុំវិញបរិវេណភ្នែក វាអាចបង្កឱ្យភ្នែកឆ្លងរោគធ្ងន់ធ្ងរ និងឈានដល់ការខូចភ្នែក។
៣. បញ្ហាប្រព័ន្ធប្រសាទ៖ ជំងឺរើមអាចបង្កការរលាកខួរក្បាល និងបញ្ហាស្ដាប់មិនសូវលឺ ក៏ដូចជា លំនឹងរាងកាយ។
៤. ស្បែកឆ្លងមេរោគ៖ បើមិនព្យាបាលពងបែកទាន់ពេលនោះទេ អ្នកជំងឺអាចឆ្លងបាក់តេរីលើស្បែក ធ្ងន់ធ្ងរទៅ វានឹងស៊ីស្បែក។
វិធីព្យាបាលជំងឺរើម៖
១. ប្រើថ្នាំសម្លាប់មេរោគ ក្នុងដំណាក់កាលដំបូង
២. ណាត់ជួបគ្រូពេទ្យតាមដាន និងព្យាបាលរោគសញ្ញាទាក់ទងនឹងជំងឺរើម
វិធីបង្ការជំងឺរើម៖
១. ចាក់វ៉ាក់សាំងបង្ការជំងឺរើម
២. ជួបគ្រូពេទ្យ ប្រសិនបើអ្នក៖
ប្រភព៖ Mayo Clinic https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង