មនុស្សទី៥ ដែលបានព្យាបាលជាសះស្បើយពីជំងឺអេដស៍

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-02-22

បុរសជនជាតិអាល្លឺម៉ង់ម្នាក់ មានអាយុ ៥៣ឆ្នាំ ទើបតែត្រូវបានគេរាយការណ៍ថា ជាសះស្បើយ ១០០% ពីជំងឺអេដស៍។ យោងតាមគេហទំព័រ Forbes គាត់គឺជាមនុស្សទី៥ ​នៅលើពិភពលោក ដែលបានជាទាំងស្រុងពីជំងឺអេដស៍។ បុរស ដែលជាសះស្បើយនេះ បានទទួលការព្យាបាលជំងឺអេដស៍ តាមវិធីផ្សាំកោសិកា កាលពីឆ្នាំ២០១៤។ ពេលនេះ បុរសរូបនេះ បានរួចផុតពីជំងឺគំរាមអាយុជីវិត​របស់លោកហើយ។

ជំងឺអេដស៍ គឺជាជំងឺឆ្លងកាចសាហាវ និងឆក់យកជីវិតមនុស្ស គ្មានប្រណីនោះទេ។ យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ (UN) ក្នុងឆ្នាំ២០២១ មានមនុស្សប្រមាណ ៣៨.៤លាននាក់ទូទាំងសកលលោក កំពុងទទួលរងជំងឺអេដស៍។ ​បើរាប់ពីដើមឆ្នាំ១៩៨០ មក មានមនុស្សជាង ៤០លាននាក់ បាត់បង់ជីវិតដោយសារជំងឺអេដស៍។

ការព្យាបាលជំងឺអេដស៍ គឺជារឿងពិបាកមួយ ដែលការព្យាបាលឱ្យជាសះស្បើយទាំងស្រុង ស្ទើរតែស្មើនឹងករណីកម្រ ឬមិនអាចទៅរួចទៀតផង។ អ្នកជំងឺអេដស៍ អាចត្រឹមពន្យារអាយុជីវិតប៉ុន្មានឆ្នាំប៉ុណ្ណោះ។ នោះមានន័យថា អត្រាមរណភាពខ្ពស់។ ទោះបីព្យាបាលបាន ក៏មានភាគរយទាបបំផុត សម្រាប់ក្រុមមនុស្សសំណាងបំផុត។

ប៉ុន្តែថ្មីៗនេះ មានបុរសអាល្លឺម៉ង់ម្នាក់ អាយុ ៥៣ឆ្នាំ (គេស្គាល់ថា Düsseldorf Patient) បានជាសះស្បើយទាំងស្រុងពីជំងឺអេដស៍ ក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា ក្នុងឆ្នាំ២០១៤។ ក្រោយការព្យាបាលនេះ បុរសជនជាតិអាល្លឺម៉ង់ ក៏បានបញ្ឈប់ការប្រើប្រាស់ថ្នាំព្យាបាលជំងឺអេដស៍ ក្នុងឆ្នាំ២០១៩។ ក៏ប៉ុន្តែវេជ្ជបណ្ឌិត កត់សម្គាល់ថា លោកគ្មានសញ្ញាសេសសល់ នៃមេរោគអេដស៍ទៀតនោះទេ ហើយក៏គ្មានសញ្ញាត្រឡប់មកវិញ នៃជំងឺអេដស៍ផងដែរ។ ពោលគឺគ្មានសញ្ញាបង្ហាញថា លោកនឹងកើតមានជំងឺអេដស៍ម្ដងទៀតនោះទេ មិនថាក្នុងរយៈវែង ឬខ្លីនោះទេ៕

ប្រភព៖ Forbes https://www.forbes.com/?sh=10e444d72254&mibextid=Zxz2cZ

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង