ថង់ទឹកប្រមាត់ គឺជាសរីរាង្គតូចមួយ ស្ថិតនៅក្រោមថ្លើម ហើយនាទីរបស់វា គឺស្តុកទុកទឹកប្រមាត់ ដែលផលិតចេញពីថ្លើម រួចបញ្ជូនទឹកប្រមាត់ទៅក្នុងពោះវៀនតូច ដើម្បីរំលាយអាហារ។ ជាទូទៅ ជំងឺរលាកទឹកប្រមាត់កើតឡើង នៅពេលទឹកប្រមាត់ជាប់ស្ទះ នៅក្នុងថង់ទឹកប្រមាត់ ហើយក្រោយមក ឆ្លងបាក់តេរី និងកើតជាការរលាក។ ជាទូទៅ ការស្ទះទឹកប្រមាត់កើតឡើង ដោយសារមានក្រួសក្នុងថង់ប្រមាត់ រារាំងទឹកប្រមាត់ មិនឱ្យហូរចេញបានពីក្នុងថង់។
អ្នកជំងឺរលាកថង់ទឹកប្រមាត់ ទទួលរងរោគសញ្ញាច្រើនប្រភេទ រួមមាន ការឈឺចាប់ខ្លាំងពិបាកទ្រាំ នាំឱ្យអ្នកជំងឺត្រូវការការព្យាបាល ឬការវះកាត់ ដើម្បីព្យាបាលរោគសញ្ញា ដែលកើតមានរយៈពេលយូរ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺត្រូវវះកាត់យកថង់ទឹកប្រមាត់ចេញ។ ប៉ុន្តែសំណាងល្អ គឺការវះកាត់យកថង់ទឹកប្រមាត់ចេញ មិនបង្កឱ្យបាត់បង់ជីវិតនោះទេ គឺអ្នកជំងឺអាចរស់នៅធម្មតា។
រោគសញ្ញាជំងឺរលាកថង់ទឹកប្រមាត់៖
១. ឈឺចុកចាប់ខ្លាំង នៅផ្នែកខាងស្ដាំខាងលើនៃពោះ
២. ឈឺចាប់រាលដាលដល់ខ្នង និងក្រោមដងកាំបិតខាងស្ដាំ
៣. ក្អួតចង្អោរ
៤. ក្ដៅខ្លួន
៥. មានជំងឺខាន់លឿង (ស្បែកលឿង ភ្នែកលឿង)
៦. រាករូស និងកាកសំណល់មានពណ៌ស្លេក
៧. ហើមពោះ
ផលវិបាកនៃជំងឺរលាកថង់ទឹកប្រមាត់៖
១. ឆ្លងរោគ និងមានខ្ទុះក្នុងថង់ទឹកប្រមាត់
២. ងាប់កោសិកាក្នុងថង់ទឹកប្រមាត់
៣. របួសបំពង់ទឹកប្រមាត់ ដែលប៉ះពាល់ដល់ថ្លើម
៤. ឆ្លងរោគ និងរលាកលំពែង
៥. ឆ្លងរោគ និងរលាកស្រោមពោះ
មូលហេតុបង្កជំងឺរលាកថង់ទឹកប្រមាត់៖
១. ក្រួសក្នុងដង់ប្រមាត់
២ ឆ្លងបាក់តេរីក្នុងប្រព័ន្ធថង់ទឹកប្រមាត់
៣. មានដុំសាច់នៅលំពែង ឬនៅថ្លើម
៤. ផ្ដល់ឈាមដល់ថង់ទឹកប្រមាត់មិនគ្រប់គ្រាន់ (អាចបង្កដោយជំងឺទឹកនោមផ្អែម)
៥. កើតមានកករខាប់ ក្នុងថង់ទឹកប្រមាត់
ក្រុមមនុស្សប្រឈមនឹងជំងឺរលាកថង់ទឹកប្រមាត់៖
១. គ្រួសារមានប្រវត្តិកើតជំងឺរលាកថង់ទឹកប្រមាត់
២. ស្ត្រីអាយុ ៥០ឆ្នាំឡើង
៣. មានអាយុ ៦០ឆ្នាំឡើង (ទាំងបុរស ទាំងស្ត្រី)
៤. ញ៉ាំខ្លាញ់ និងកូឡេស្តេរ៉ូលច្រើន
៥. លើសទម្ងន់
៦. មានជំងឺទឹកនោមផ្អែម
៧. ស្ត្រីកំពុងមានផ្ទៃពោះ ឬធ្លាប់មានផ្ទៃពោះច្រើនដងមកហើយ
៨. ប្រើថ្នាំគ្រាប់ពន្យារកំណើត
៩. សម្រកទម្ងន់ក្នុងពេលខ្លី លឿនពេកនាំឱ្យកើតមានក្រួសក្នុងថង់ទឹកប្រមាត់
រោគវិនិច្ឆ័យជំងឺរលាកថង់ទឹកប្រមាត់៖
១. រាប់កោសិកាឈាម
២. តេស្តមុខងារសួត
៣. ថតអ៊ុលត្រាសោន
៤. ថតកាំរស្មីអិចត្រង់ពោះ
៥. ថត CT ស្កេន
៦. ធ្វើ HIDA ស្កេន
៧. តេស្ត PTC
៨. តេស្ត ERCP
វិធីព្យាបាលជំងឺរលាកថង់ទឹកប្រមាត់៖
១. វះកាត់យកថង់ទឹកប្រមាត់ចេញ
២. ផឹកថ្នាំសម្លាប់បាក់តេរី និងប្រឆាំងការឆ្លងបាក់តេរី
៣. ប្រើទឹកថ្នាំ និងផឹកថ្នាំបំបាត់ការឈឺចាប់ IV
៤. ទុកពោះទទេរ រហូតដល់រោគសញ្ញាចុះខ្សោយ
៥. ផឹកថ្នាំរំលាយក្រួសក្នុងថង់ប្រមាត់
៦. ផឹកថ្នាំបង្ការកុំឱ្យកើតមានក្រួស
៧. ទទួលទានអាហារខ្លាញ់តិច
វិធីបង្ការជំងឺរលាកថង់ទឹកប្រមាត់៖
១. ទទួលទានអាហារសុខភាព (មានបន្លែផ្លែឈើ អូមេហ្កា៣ និងជៀសវាងអាហារខ្លាញ់ខ្ពស់ និងកូឡេស្តេរ៉ូលខ្ពស់)
២. ហាត់ប្រាណ (បន្ថយកម្រិតកូឡេស្តេរ៉ូល និងបន្ថយហានិភ័យកើតមានក្រួស)
៣. សម្រកទម្ងន់យឺតៗតាមសម្រួល (ការសម្រកទម្ងន់លឿន នាំឱ្យប្រឈមនឹងការវិវត្តក្រួសក្នុងថង់ប្រមាត់)
ប្រភព៖ John Hopkins Medicine II https://www.hopkinsmedicine.org/health & Cleveland Clinic II https://my.clevelandclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង