នៅពេលអ្នកឃើញមានឈាមក្នុងភ្នែក វាអាចជាសញ្ញានៃការដាច់សរសៃឈាមក្នុងភ្នែក តែវាមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ភ្នែកនោះទេ។ ការដាច់សរសៃឈាមក្នុងភ្នែក (Subconjunctival Hemorrhage) កើតឡើង នៅពេលដាច់កូនសរសៃឈាមតូចមួយ នៅក្រោមផ្នែកថ្លានៃភ្នែក (Conjunctiva)។ Conjunctiva មិនអាចបឺតយកឈាមបានលឿននោះទេ ដូចនេះ វានាំឱ្យឈាមជាប់ស្ទះនៅក្នុងភ្នែក មើលទៅហាក់ដូចជាមានស្នាមរបួស។
ការដាច់សរសៃឈាមក្នុងភ្នែកនេះ ពិបាកឱ្យអ្នកដឹងណាស់ នៅពេលវាកើតឡើង។ អ្នកអាចដឹងបាន លុះត្រាតែអ្នកសម្លឹងមើលកញ្ចក់ ទើបឃើញស្ថានភាពនេះ ដោយផ្ទាល់។ សរសៃឈាមងាយនឹងដាច់ ព្រោះសូម្បីតែការកណ្ដាស់ ឬក្អកខ្លាំងៗ ក៏អាចបង្កឱ្យវាដាច់បានដែរ។
កត្តាបង្ក៖
១. ក្អកខ្លាំង
២. កណ្ដាស់ខ្លាំង
៣. ការគាប ឬរឹតតឹងខ្លាំង ដែលផ្ដល់សម្ពាធដល់ភ្នែក
៤. ក្អួត
៥. ជូតភ្នែកខ្លាំងៗ
៦. រងរបួសពីការប៉ះទង្គិច
កត្តាប្រឈម៖
១. ជំងឺទឹកនោមផ្អែម
២. មានជំងឺលើសឈាម (សម្ពាធឈាមខ្ពស់)
៣. ប្រើថ្នាំបញ្ចុះឈាម
៤. មានបញ្ហាឈាមក មិនប្រក្រតី
វិធីព្យាបាល ដែលសាមញ្ញ ងាយស្រួល និងមានប្រសិទ្ធភាពគឺ ប្រើទឹកបន្តក់ភ្នែក (ទឹកភ្នែកសិប្បនិម្មិត)។ ឈាមនឹងបាត់ទៅវិញ ក្នុងចន្លោះពី ១សប្ដាហ៍ ទៅ ២សប្ដាហ៍។
វិធីបង្ការ៖
១. ប្រសិនបើអ្នកមានបញ្ហាឈាមកកមិនប្រក្រតី ឬមានបញ្ហា ដោយប្រើថ្នាំបញ្ចុះឈាម សូមជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិត
២. ជូតភ្នែកថ្នមៗ
ប្រភព៖ Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង