ប្រភេទឈាមរបស់មនុស្ស ជាកត្តាសំខាន់ ទាក់ទងនឹងសុខភាព។ ប្រភេទឈាមផ្សេងៗគ្នា អាចនាំមកនូវកត្តាប្រឈមផ្សេងគ្នា ទៅនឹងបញ្ហាសុខភាព។ ជាឧទាហរណ៍ ឈាមប្រភេទ O មិនអាចផលិតអង់ទីហ្សែន ឬប្រូតេអ៊ីននោះទេ ដែលនាំឱ្យឈាមប្រភេទ O ជាប្រភេទឈាម ដែលគេអាចបរិច្ចាគ ទៅកាន់មនុស្ស កំពុងត្រូវការជំនួយឈាមបន្ទាន់។ ផ្ទុយទៅវិញ ប្រភេទឈាម O ងាយធ្វើឱ្យមនុស្សឈឺខ្លាំង ប្រសិនបើឆ្លងអាសន្នរោគ។ ចំណែកឯអ្នកមានឈាមប្រភេទ A និង B វិញ ពួកគេងាយប្រឈមនឹងបញ្ហាកំណកឈាម។
ប្រភេទឈាម ក៏មានសមត្ថភាពកំណត់ស្ថានភាព នៃសុខភាពបេះដូងផងដែរ។ យោងតាមសមាគមបេះដូងអាមេរិក (American Heart Association) មនុស្ស ដែលមានឈាមប្រភេទ A ប្រភេទ B ឬប្រភេទ AB ងាយប្រឈមនឹងជំងឺគាំងបេះដូង និងជំងឺខ្សោយបេះដូងជាង មនុស្សឈាមប្រភេទ O។
ការសិក្សាដទៃទៀត ក៏បានរកឃើញថា មនុស្សឈាមប្រភេទ A និង B មានហានិភ័យខ្ពស់ជាងមនុស្សឈាមប្រភេទ O៖
១. ហានិភ័យជំងឺគាំងបេះដូង ៨% ខ្ពស់ជាង
២. ហានិភ័យជំងឺខ្សោយបេះដូង ១០% ខ្ពស់ជាង
៣. ហានិភ័យស្ទះសរសៃឈាមវ៉ែន ៥១% ខ្ពស់ជាង
៤. ហានិភ័យស្ទះសរសៃឈាមសួត ៤៧% ខ្ពស់ជាង (ជាស្ថានភាពកកស្ទះឈាមធ្ងន់ធ្ងរ ងាយបង្កហានិភ័យខ្សោយបេះដូង)
៥. ការខូចសមត្ថភាពគិត (ការចងចាំ ការផ្ដោតអារម្មណ៍ ឬការសម្រេចចិត្ត)
មូលហេតុមួយ ដែលនាំឱ្យមនុស្សឈាមប្រភេទ A B និង AB មានហានិភ័យខ្ពស់ គឺអាចទាក់ទងនឹងការហើមរលាក ដែលមានក្នុងរាងកាយក្រុមមនុស្សទាំងនេះ។ ប្រូតេអ៊ីន ក្នុងឈាមប្រភេទទាំងនេះ ងាយជាងប្រភេទ O ក្នុងការបង្កការកកស្ទះ និងការឡើងក្រាស់នៃសរសៃឈាម និងសរសៃវ៉ែន នាំឱ្យហានិភ័យកកឈាម និងជំងឺបេះដូងកើនឡើងខ្ពស់។
គេក៏បានពន្យល់ថា មូលហេតុខាងលើនេះហើយ ដែលនាំឱ្យមនុស្សឈាមប្រភេទ O ប្រឈមនឹងផលវិបាកជំងឺកូវីដ១៩ ស្រាលជាង។
គួរបញ្ជាក់ថា ជំងឺកូវីដ១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរជាញឹកញាប់បង្កនូវ (១) បញ្ហាបេះដូង (២) កំណកឈាម និង (៣) បញ្ហាសរសៃឈាមបេះដូងផ្សេងៗទៀត។
ទោះជាយ៉ាងណា មនុស្សឈាមប្រភេទ O ប្រឈមនឹងបញ្ហាសុខភាពផ្សេងៗទៀត ធ្ងន់ជាងមនុស្សដទៃ។ បញ្ហាដែលមនុស្សឈាមប្រភេទ O ប្រឈមខ្ពស់គឺ៖
១. ការធ្លាក់ឈាម និងការហូរឈាមមិនប្រក្រតី (ជាពិសេសនៅក្នុងការសម្រាលទារក)
២. ហានិភ័យធ្ងន់ធ្ងរពីការរងរបួស ដោយសារតែងាយបាត់បង់ឈាមច្រើន
ទោះបីជាប្រភេទឈាម ជាកត្តាបង្កធំមួយ គួរឱ្យកត់សម្គាល់ ដែលអាចកំណត់ស្ថានភាពសុខភាព មានកត្តាជាច្រើនផ្សេងទៀត ដែលជះឥទ្ធិពលលើសុខភាពរបស់មនុស្សម្នាក់ៗ។ អ្វីដែលកំណត់សុខភាពបេះដូង មានកត្តាជាច្រើនទៀត ដូចជា (១) របបអាហារ (២) លំហាត់ប្រាណ និង (៣) កម្រិតនៃការប្រឈមនឹងជាតិពុល។ ដូចនេះ ការមើលថែសុខភាពបេះដូង នៅតែជារឿងចម្បងជាងគេ ដើម្បីឱ្យបេះដូងមានសុខភាពល្អ ក៏ដូចជា មានភាពរឹងមាំប្រឆាំងជំងឺទាំងពួង៕
ប្រភព៖ CNET II https://www.cnet.com/ & Washington University School of Medicine in St. Louis II https://medicine.wustl.edu/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង