ញ៉ាំលឿនពេក មិនល្អដល់សុខភាពទេ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-01-27

មនុស្សជាច្រើន មានទម្លាប់មួយញ៉ាំលឿន និងមិនសូវខ្វល់ពីផលវិបាកនោះទេ។ តាមពិតទៅ វាជាទម្លាប់អាក្រក់ ហើយប៉ះពាល់ដល់សុខភាពណាស់ ជាពិសេសប៉ះពាល់ដល់ទម្ងន់។ ការញ៉ាំលឿន ស្មើនឹងអ្នកទំពារមិនបានច្រើនដងនោះទេ។ យោងតាមការសិក្សាមួយ ក្នុងប្រទេសចិន អ្នកទំពារអាហារបានច្រើន អាចកាត់បន្ថយកាឡូរីបាន ១០% ច្រើនជាងអ្នកទំពារតិច។ ផលវិបាកនៃទម្លាប់ញ៉ាំលឿន មានទាក់ទងនឹងជំងឺរ៉ាំរ៉ៃជាច្រើន ដែលលោកអ្នកអាចស្វែងយល់ក្នុងអត្ថបទនេះ។

 

គេហទ័ព័រ Healthline និង​ The Guardian បានលើកឡើងនូវផលវិបាកសុខភាពនៃការញ៉ាំអាហារលឿន រួមមាន​៖

១. ធ្វើឱ្យអ្នកញ៉ាំច្រើន លើសបរិមាណ

ជាធម្មតា ខួរក្បាលត្រូវការពេលវេលា ដើម្បីកំណត់ព័ត៌មាននៃការញ៉ាំឆ្អែត ឬមិនឆ្អែត។ ខួរក្បាលត្រូវការពេល ២០នាទី ប៉ុន្តែកាលណា អ្នកញ៉ាំលឿនពេក ខួរក្បាលមិនអាចប្រាប់បានទេថា អ្នកញ៉ាំឆ្អែត ឬនៅ។ ដូចនេះ វាអាចញ៉ាំងឱ្យអ្នកញ៉ាំលើសពីបរិមាណ ដែលរាងកាយត្រូវការ នោះអាចឈានដល់ការលើសទម្ងន់។

 

២. ប្រឈមនឹងការលើសទម្ងន់

ការសិក្សា បានបង្ហាញថា ការញ៉ាំអាហារលឿន មានហានិភ័យបង្កការលើសទម្ងន់ គួរឱ្យកត់សម្គាល់។

 

៣. រាងកាយប្រឆាំងអាំងស៊ុយលីន

ការទទួលទានលឿន មានទាក់ទងនឹងការកើតហានិភ័យខ្ពស់ នៃការប្រឆាំងអាំងស៊ុយលីន នោះគឺមានការកើតមាន​កម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងកម្រិតអាំងស៊ុយលីនខ្ពស់។ ទាំងនេះ ក៏ជាកត្តា​បង្កជំងឺទឹកនោមផ្អែមប្រភេទ២ និងបញ្ហាប្រព័ន្ធរំលាយអាហារ។

 

៤. ជំងឺទឹកនោមផ្អែមប្រភេទ២

ការសិក្សាមួយ រកឃើញថា អ្នកញ៉ាំអាហារលឿន ប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ ដល់ទៅ ២.៥ដង ខ្ពស់ជាងធម្មតា។

 

៥. បញ្ហាប្រព័ន្ធរំលាយអាហារ

ទម្លាប់ញ៉ាំលឿន និងការលើសទម្ងន់ អាចបង្កើនហានិភ័យបញ្ហារំលាយអាហារ។ ទាំងនេះ ជាកត្តា​បង្កើនហានិភ័យជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាម​។

 

៦. អារម្មណ៍មិនល្អ

អ្នកញ៉ាំលឿន តែងមានបញ្ហាអារម្មណ៍​ញឹកញាប់ជាងមនុស្សទម្លាប់ញ៉ាំយឺត។

 

ប្រភព៖ Healthline II https://www.healthline.com/ & The Guardian II https://www.theguardian.com/international

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង