ការយល់ខុស ៥ចំណុច អំពីស្រា ឬស្រាបៀរ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2023-01-18

អ្នកប្រាកដជាយល់ថា ស្រា ស្រាបៀរ ឬភេសជ្ជៈជាតិអាល់កុល ជាគ្រោះថ្នាក់ដល់សុខភាព។ ក៏ប៉ុន្តែមានមនុស្សមួយចំនួន និយមយល់ខុសទៅលើជាតិស្រវឹង ដោយ​គិតថា ការផឹក​ស្រា ឬស្រាបៀរ មិនធ្ងន់ធ្ងរ ដូចអ្វីដែលគេបានហាមនោះទេ។ ទាំងនេះ ជាអ្វីដែលគេយល់ខុស ៥ចំណុច អំពីស្រា ឬស្រាបៀរ៖

១. វាមិនអីទេ សម្រាប់ការផឹកស្រវឹង យូរៗម្ដង៖

ផឹកស្រា ឬស្រាបៀរ រហូតដល់ស្រវឹងខ្លាំង បង្កបញ្ហាសុខភាពខ្លាំង ក្នុងនោះ រួមមាន៖

  • របួសស្នាម
  • មហារីក
  • ជំងឺបេះដូង

២. ផឹកស្រា ឬស្រាបៀរ ក្នុងកម្រិតល្មម មិនបង្កបញ្ហាទេ៖

ពិតណាស់ ការទទួលទានសុរាកម្រិតល្មម អាចផ្ដល់ប្រយោជន៍មួយចំនួន។ ទោះជាយ៉ាងណា វាមិនមានន័យថា ស្រាមិនផ្ដល់ហានិភ័យសោះនោះឡើយ។ មនុស្សមួយចំនួន អាចប្រឈមនឹងហានិភ័យ ខ្ពស់ជាងទទួលបានអត្ថប្រយោជន៍។ មនុស្សទាំងនោះ រួមមាន៖

  • ស្ត្រីពពោះ ឬស្ត្រីកំពុងព្យាយាមមានផ្ទៃពោះ
  • ទទួលថ្នាំ ដែលអាចប្រតិកម្មនឹងស្រាបៀរ
  • មនុស្ស ដែលត្រូវបើកបរយានជំនិះ ឬដំណើរការម៉ាស៊ីន
  • មានជំងឺខ្សោយបេះដូង
  • ធ្លាប់មានជំងឺដាច់សរសៃឈាម
  • មានជំងឺថ្លើម ឬជំងឺលំពែង
  • ប្រឈមនឹងបញ្ហាប្រមឹក

៣. ស្រា ឬស្រាបៀរ មិនស្រវឹងខ្លាំង ដូចស្រាថ្នាំ ស្រាផ្លែឈើ ឬស្រាត្រាំទេ

ភេសជ្ជៈណាក៏ដោយ ឱ្យតែមានជាតិអាល់កុល គឺប៉ះពាល់សុខភាពដូចគ្នា។ ម្យ៉ាងទៀត កម្រិតនៃជាតិអាល់កុល ក្នុងភេសជ្ជៈ អាចប្រាប់ថា អ្នកទទួលទានជាតិអាល់កុល​បរិមាណប៉ុណ្ណា ហើយហានិភ័យលើសុខភាព​ធ្ងន់ ឬស្រាល គឺផ្អែកទៅតាមកម្រិតជាតិអាល់កុលនោះផងដែរ។

៤. បើនៅពិសាបាន មិនស្រវឹង នោះគ្មានបញ្ហា​ទេ

ការទទួលទានមិនស្រវឹង មិនប្រាកដថា អ្នកមានសុវត្ថិភាពនោះទេ។ វាអាចជាសញ្ញាប្រមឹក នោះមានន័យថា រាងកាយរបស់អ្នក អាចទប់ទល់នឹងជាតិស្រវឹង​បានខ្លាំងក្លាជាងមុន។

៥. អ្នកអាចបំបាត់អាការៈស្រវឹង​បាន ដោយពិសាកាហ្វេ

កាហ្វេ មានជាតិកាហ្វេអ៊ីន ដែលជួយឱ្យអ្នកមានស្មារតី និងដឹងពីអ្វី នៅ​ជុំវិញខ្លួន។ នោះគ្មានន័យថា កាហ្វេ អាចជួយអ្នក​ឱ្យរើខ្លួនចេញពីភាពស្រវឹង បានលឿន​នោះទេ។ ជាធម្មតា រាងកាយ ត្រូវការពេលវេលា ដើម្បីបន្សាបជាតិស្រា និងព្យាបាល​ការស្រវឹង។

 

សូមកុំយល់ខុសពីការទទួលទានស្រា ឬស្រាបៀរ និងគួរថែទាំសុខភាពឱ្យបានល្អ៕

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង