តើអ្នកខ្លាចឈ្លើងដែរឬទេ? តើអ្នកដឹងទេថា ឈ្លើងជញ្ជក់ឈាមមានអត្ថប្រយោជន៍ សម្រាប់វិស័យវេជ្ជសាស្ត្រ? ជាច្រើនទសវត្សរ៍មកហើយ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង ទួគី និងអ៊ុយក្រែន បានប្រើប្រាស់សត្វឈ្លើងជាវិធីវេជ្ជសាស្ត្រ។ ការប្រើឈ្លើងក្នុងវេជ្ជសាស្ត្រ គឺមិនមែនប្រើជាសមាសធាតុផ្សំក្នុងថ្នាំនោះទេ គឺប្រើឈ្លើងសម្រាប់បឺតឈាមស្រស់ៗ។
សត្វឈ្លើងមានរហូតដល់ទៅ ៦០០ប្រភេទ ដែលរួមមានប្រភេទដែលមិនបឺតឈាមផងដែរ។ ប្រភេទសត្វឈ្លើង ដែលអ្នកវិទ្យាសាស្ត្របានប្រើញឹកញាប់ ក្នុងសេវាសុខាភិបាលកន្លងមក រួមមាន (១) European Hirudo medicinalis និង (២) Mediterranean Hirudo verbana។ ប្រភេទទាំងពីរនេះ មានចង្ការដូចផ្លែរណាមុខ៣ ហើយមានធ្មេញប្រមាណ ១០០ធ្មេញ។
សត្វឈ្លើង ដែលគេបានផ្គត់ផ្គង់ក្នុងទីផ្សារវេជ្ជសាស្ត្រសកល គឺពាក់កណ្ដាលបានមកពីក្រុមហ៊ុនអង់គ្លេស Carl Peters-Bond Biopharm។ ការចិញ្ចឹមឈ្លើង តម្រូវឱ្យមានការផ្ដល់ចំណី កាលណាវាមានអាយុ ៣សប្ដាហ៍ម្ដង និងនៅសប្ដាហ៍ទី៨ បន្តរហូតដល់សប្ដាហ៍ទី ១០។ នៅខែទី៤ គេផ្ដល់ចំណីរហូតដល់ខែទី៥។ ក្រោយមកគេផ្ដាច់អាហារវា រហូតដល់ទៅ២ឆ្នាំ ទើបអាចផ្គត់ផ្គង់ទៅទីផ្សារបាន។
តើវិធីព្យាបាលដោយប្រើឈ្លើង ដំណើរការបែបណា?
គោលបំណងទូទៅនៃការប្រើឈ្លើង ក្នុងវិធីវេជ្ជសាស្ត្រ គឺដើម្បីឱ្យវាបឺតឈាមកក ជួយឱ្យឈាមដើរបានល្អធម្មតា ក្នុងដំណើរការវះកាត់។ ការប្រើឈ្លើង មានភាពងាយស្រួល និងមានសុវត្ថិភាពជាងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន។ ក្នុងពេលដែលឈ្លើងបឺតឈាមអ្នកជំងឺ ទឹកមាត់របស់ឈ្លើងនឹងជ្រាបចូលក្នុងខ្លួនអ្នកជំងឺ។ ទឹកមាត់ឈ្លើង មានផ្ទុកនូវសមាសធាតុ Hirudin និង Calin ដែលបង្ការឈាមពីការកក។ ក្នុងទឹកមាត់ឈ្លើង ក៏មានសារជាតិដូចទៅនឹងអ៊ីស្តាមីន ដែលជួយពង្រីកសរសៃឈាម ព្រមទាំងបង្កើនលំហូរឈាមផងដែរ។
ទៅតាមទំហំ និងស្ថានភាពនៃឈាមកកក គេអាចប្រើឈ្លើងបឺតឈាមរហូតដល់ទៅ ៣ ទៅ ១០ថ្ងៃ រហូតដល់ជាលិកាត្រឡប់មកធម្មតាវិញ។ គ្រូពេទ្យនឹងផ្លាស់ប្ដូរឈ្លើង ពីចាស់ទៅថ្មី ដោយគេប្រើឈ្លើងនិមួយចន្លោះពី ១៥នាទី ទៅ ១២០នាទី។ ដើម្បីកុំឱ្យឈ្លើងវារចេញពីទីតាំង គេប្រើកែវជ័រផ្លាស្ទិក ដើម្បីរារាំងឈ្លើងឱ្យនៅមួយកន្លែង ដោយបិទជាប់នឹងស្បែករបស់អ្នកជំងឺ។
ការសិក្សាមួយបានបង្ហាញថា ការព្យាបាលឈ្លើងជាវិធីវេជ្ជសាស្ត្រ ផ្ដល់នូវប្រសិទ្ធភាព និងភាពជោគជ័យដល់ទៅ ៧៨%៕
ប្រភព៖ National Geographic II https://www.nationalgeographic.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង