ជំងឺទឹកនោមផ្អែមប្រភេទ១ កើតឡើងញឹកញាប់លើកុមារ និងក្មេងជំទង់។ ដំណាក់វិវដ្តរបស់ជំងឺទឹកនោមផ្អែមប្រភេទ១ មានបីដំណាក់កាល (ដំណាក់កាលទី១ ទី២ និងទី៣)។ ជំងឺនេះ គឺជាជំងឺអូតូអ៊ីម្ញូន ដែលអង្គបដិប្រាណដំណើរការខុសប្រក្រតី ឬច្រឡំវាយប្រហារលើជាលិកា ឬសរីរាង្គរបស់រាងកាយខ្លួនឯង។ ដោយសារការលូតលាស់នៃបច្ចេកវិទ្យា អ្នកវិទ្យាសាស្រ្តបានបង្កើតនូវថ្នាំ Teplizumab ដើម្បីពន្យារទឹកនោមផ្អែមប្រភេទ១ បានដល់ទៅ ២ឆ្នាំ។
អាយុមធ្យម ដែលអាចកើតជំងឺទឹកនោមផ្អែមប្រភេទ១ គឺអាយុ ១៣ឆ្នាំ ឬ១៤ឆ្នាំ ដែលជាវ័យកុមារ និងជំទង់នៅឡើយ។ ដោយសារកុមារស្ថិតក្នុងវ័យលូតលាស់ ការគ្រប់គ្រងអរម៉ូន និងជាតិស្ករក្នុងឈាមរបស់កុមារ គឺជារឿងដ៏ពិបាកមួយ ដែលតម្រូវឱ្យអាណាព្យាបាល យកចិត្តទុកដាក់ខ្ពស់ ព្រមទាំងស្វែងរកជំនួយពីវេជ្ជបណ្ឌិត។
ការពន្យារជំងឺទឹកនោមផ្អែមប្រភេទ១ អាចធ្វើឡើងមុនពេលកុមារឈានចូលដំណាក់កាលទី៣។ អ្នកវិទ្យាសាស្ត្របានផលិតនូវថ្នាំ Teplizumab ដែលអាចពន្យារជំងឺទឹកនោមផ្អែមប្រភេទ១ បានដល់ទៅ ២ឆ្នាំ។ របកគំហើញនេះ នឹងជួយសម្រួលដល់អាណាព្យាបាល និងក្រុមគ្រួសារ ក្នុងការមើលថែសុខភាពកុមារ និងជួយសង្គ្រោះជីវិតកុមារផងដែរ។
កុមារអាចប្រើថ្នាំ Teplizumab នៅពេលដែលកុមារ ស្ថិតក្នុងដំណាក់កាលទី២ ដើម្បីពន្យារការឈានចូលដំណាក់កាលទី៣។ វាអាចពន្យឺតប្រព័ន្ធការពារ ពីការវាយប្រហារលើកោសិកាខ្លួនឯង។ នោះវានឹងជួយឱ្យកោសិកាសំខាន់ៗ ទទួលការការពារគ្រប់គ្រាន់ សម្រាប់ឱ្យរាងកាយផលិតអាំងស៊ុយលីនបានធម្មតា និងបានយូរជាងមុន។
តើការពន្យារជំងឺទឹកនោមផ្អែមនេះ មានអត្ថប្រយោជន៍អ្វីខ្លះ?
ពិតណាស់ថា ថ្នាំប្រភេទថ្មីនេះ មិនអាចបង្ការជំងឺទឹកនោមផ្អែមប្រភេទ១ លើកុមារ បានទាំងស្រុងនោះទេ។ ទោះជាយ៉ាងណា របកគំហើញថ្មីនេះ អាចជួយកុមារ ពន្យារពេលនៃការកើតទឹកនោមផ្អែមធ្ងន់ធ្ងរ។ រយៈពេលពន្យារប្រមាណ ២ឆ្នាំនេះ អាចផ្ដល់ពេលវេលាឱ្យកុមារលូតលាស់បានល្អ រហូតដល់មានសមត្ថភាពគ្រប់គ្រងស្ថានភាពជំងឺ។ ពោលគឺវាអាចផ្ដល់ពេលឱ្យកុមារលូតលាស់ និងជួយសម្រួលបន្ទុកគ្រួសារផងដែរ៕
ប្រភព៖ Tata 1mg Capsules II https://www.1mg.com/articles/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង