មនុស្សមានដុំសាច់ខួរក្បាល ឬជំងឺមហារីក អាចមានដំណើរខុសធម្មតា

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-12-26

ជំងឺមហារីកបង្ករោគសញ្ញាជាច្រើន ហើយវាងាយនឹងគេយល់ខុសថា ជារោគសញ្ញានៃជំងឺផ្សេងៗ ឬរបួស ជាដើម។ រោគសញ្ញាគោលរបស់ជំងឺមហារីក មានបីគឺ (១) ស្រកទម្ងន់ខុសប្រក្រតី (២) ខ្សោយកម្លាំង និង (៣) មានដុំពក ដុំសាច់ខុសប្លែក​។ ប៉ុន្តែនៅពេលខ្លះ រោគសញ្ញា អាចជាដំណើរមិនប្រក្រតី ដូចជា ការដើរឆ្គងៗ មិននឹងនរ ឬវៀច មិនត្រង់ផ្លូវ។

 

យោងតាម NHS រោគសញ្ញា Ataxia អាចជារោគសញ្ញាបង្កដោយដុំសាច់ខួរក្បាល និងជំងឺមហារីកមួយចំនួន។ Ataxia គឺជាការខ្សោយសាច់ដុំ ដែលមនុស្សមិនអាចគ្រប់គ្រងចលនាសាច់ដុំរបស់ខ្លួនបាន ដែលនាំឱ្យមានផលលំបាកក្នុងការធ្វើសកម្មភាពមួយចំនួន ដូចជា (១) ការដើរ និងការរក្សាលំនឹង (២) ការធ្វើចលនាដៃ (៣) ការនិយាយ និងការលេបទឹកមាត់ និង (៤) ការធ្វើចលនាភ្នែក ជាដើម។

 

ជាទូទៅ Ataxia កើតឡើងដោយសារការខូចផ្នែកមួយនៃខួរក្បាល ដែលមាននាទីគ្រប់គ្រងសាមគ្គីភាពនៃចលនាសាច់ដុំ (Cerebellum) ឬទំនាក់ទំនងរបស់សាច់ដុំ។ កត្តាទូទៅ ដែលនាំឱ្យកើតមាន Ataxia មានដូចជា (១) ការទទួលទានជាតិអាល់កុលលើសបរិមាណ (២) ជំងឺដាច់សរសៃឈាម (៣) ដុំសាច់ (៤) ការអន់ថយនៃខួរក្បាល (៥) ជំងឺក្រិន (៦) ថ្នាំវេជ្ជសាស្ត្រមួយចំនួន និង (៧) ជំងឺហ្សែន។

 

ជំងឺមហារីក រួមនឹងដុំសាច់ អាចធ្វើឱ្យខូចផ្នែកនៃខួរក្បាល ដែលគេហៅថា Cerebellum។ កាលណាខួរក្បាលរបស់មនុស្ស ខូចខាតផ្នែកនេះ មនុស្សអាចបាត់បង់លំនឹង និងភាពប្រក្រតីនៃការធ្វើចលនា។ នៅពេលខ្លះ កំហូច Cerebellum ធ្ងន់ធ្ងរអាចបង្កឱ្យមនុស្ស មានបញ្ហាដំណើរមិនប្រក្រតី (Ataxia) រហូតដល់ជាច្រើនសប្ដាហ៍ ឬឈានដល់ជាច្រើនខែ ក្រោយកើតមានកំហូច៕

 

ប្រភព៖ Express II https://www.express.co.uk/ & Mayo Clinic II https://www.mayoclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង