Talquetamab៖ ថ្នាំថ្មី សម្រាប់ក្ដីសង្ឃឹម អ្នកជំងឺមហារីកឈាម

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-12-18

ជំងឺមហារីក multiple myeloma គឺជាជំងឺមហារីកខួរឆ្អឹង ហើយក៏ជាប្រភេទមហារីកឈាម ដែលកើតមានញឹកញាប់មួយ ក្នុងលេខរៀងទីពីរផងដែរ។ បច្ចុប្បន្ន គេមិនទាន់អាចព្យាបាលជំងឺមហារីកនេះ ឱ្យជាដាច់នៅឡើយ។ ក្នុងការសិក្សាសាកល្បងវិធីព្យាបាលថ្មីមួយ ដោយប្រើឱសថ «Talquetamab» គេរកឃើញថា ៧៣% នៃអ្នកចូលរួមក្នុងការសិក្សា អាចព្យាបាលជំងឺមហារីកជោគជ័យបាន ៣០%។

 

ក្នុងការកើតមានជំងឺមហារីក multiple myeloma កោសិកាផ្លាស្មា អាចកើនឡើងខ្ពស់ ជារូបរាង និងចំនួន ដែលមិនអាចគ្រប់គ្រងបាន ហើយវាអាចទប់ស្កាត់ការកកើតកោសិកា​ឈាមថ្មីៗ។ កោសិកាប្លាស្មាល្អ អាចជួយបង្កើតអង្គដិប្រាណ ដើម្បីប្រឆាំងនឹងជំងឺ។ ផ្ទុយទៅវិញ កោសិកាប្លាស្មាមហារីក អាចបង្កើតអង្គដិប្រាណ មិនប្រក្រតី ហៅថា M-proteins ដែលមិនអាចការពាររាងកាយពីការឆ្លងរោគ​នោះទេ។ បន្ថែមពីលើនេះទៀត កោសិកាមហារីក Myeloma អាចកកកុញនៅក្នុងខួរឆ្អឹង ហើយបង្កើតជាដុំសាច់។​ កោសិកានេះ នឹងកើនឡើងជាដរាប និងមហារីកក៏កាន់តែខ្លាំង។

 

បច្ចុប្បន្ន ផ្នែកវេជ្ជសាស្ត្រ មានវិធីព្យាបាលពីរប្រភេទ សម្រាប់មហារីក multiple myeloma រួមមាន (១) ការប្រើឱសថ​គីមី (២) ការពង្រឹងភាពស៊ាំ និង (៣) ការផ្លាស់ប្ដូរកោសិកាឈាមដើម។ តាមការព្យាបាលដោយវិធីទាំងនេះ វេជ្ជបណ្ឌិតអាចបង្កើនគុណភាពជីវិតអ្នកជំងឺ ក៏ដូចជា គ្រប់គ្រងស្ថានភាពជំងឺ។ ទោះជាយ៉ាងណា ជំងឺនេះ មិនអាចព្យាបាលដាច់ ១០០% នោះទេ។ កាន់តែធ្ងន់ធ្ងរនោះគឺ ក្នុងស្ថានភាពខ្លះ មហារីកនេះ នឹងឈប់ឆ្លើយតបនឹងការព្យាបាល។ ការឈប់ឆ្លើយតបនេះ ត្រូវបានហៅថា refractory myeloma។

 

ការសិក្សាថ្មី ដោយប្រើឱសថ «Talquetamab» បានបង្ហាញលទ្ធផលពិសេស និងគួរឱ្យកត់សម្គាល់។ ឱសថនេះ អាចព្យាបាល refractory myeloma បានដល់ទៅ ៣០%។ គេប្រើថ្នាំប្រភេទថ្មីនេះ ក្រោយទទួលទានថ្នាំពង្រឹងប្រព័ន្ធភាពស៊ាំ (immunotherapy drug)។ បច្ចុប្បន្ន ការសិក្សាស្ថិតក្នុងដំណាក់​កាលទី២ ហើយការសិក្សាបន្ត នឹងជួយអភិវឌ្ឍវិធីសាស្ត្រថ្មី ឱ្យ​កាន់តែច្បាស់ និងមានប្រសិទ្ធភាព។ ទោះមិនអាចជួយឱ្យអ្នកជំងឺជាដាច់ ១០០% ឬមិនអាចជួយជីវិតមនុស្សគ្រប់រូប វាជាក្ដីសង្ឃឹមមួយ សម្រាប់អ្នកជំងឺមហារីកជាច្រើន៕

 

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង