ពេលអាកាសធាតុ ចុះត្រជាក់ តើត្រូវប្រុងប្រយ័ត្ន និងការពារសុខភាពដូចម្តេច?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-12-15

ក្នុង​​អំឡុង​​ពេល​​អាកាសធាតុ​​​ចុះ​ត្រជាក់ ក្រសួងសុខាភិបាល ​បាន​ណែនាំ​ដល់បងប្អូនប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ ដើម្បី​ចៀសផុតពីជំងឺដង្កាត់ ដែលអាចកើតមាន​ជា​យថាហេតុ។ នៅកម្ពុជាយើង អាកាសធាតុ ចុះត្រជាក់ ត្រូវបាន​ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែធ្នូ ហើយនៅខេត្តមួយចំនួន រួមមាន ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប បាត់ដំបង មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព ចុះត្រជាក់រហូតដល់ ១៦°C។  

 

ក្នុងចំណោមជំងឺតាមរដូវកាល ដែលជួបប្រទះញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករា​ គឺភាគច្រើន មានដូចជា ជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើម បណ្តាលមពីវីរុស និងមេរោគស្ត្រិបតូកូក ដែលបង្កឲ្យមានរោគសញ្ញា ដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និង​រលាកក្រពះពោះវៀន​ដោយ​ពពួកវីរុស ជាដើម។

 

វិធានការ ការពារសុខភាព ក្នុងពេលអាកាសធាតុចុះត្រជាក់ ត្រូវបានក្រសួងសុខាភិបាល ណែនាំដូចខាងក្រោម៖

១​-ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា​

២-ចូរស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង​ឈឺសាច់ដុំ ឬមានបញ្ហាសុខភាព​ផ្សេងទៀត​​

៣-ចូរចាំថា ធ្វើដំណើរ តែនៅពេលដែលលោកអ្នកមានសុខភាពល្អ ហើយប្រសិនបើលោកអ្នកគិតថាលោក អ្នកមានជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) គួរពន្យារផែនការធ្វើដំណើររបស់លោកអ្នក រហូតដល់មានសភាព ស្រួលបួល យ៉ាងហោចណាស់ ២៤ ម៉ោង ក្រោយពីមានស្ថានភាពមិនស្រួលខ្លួន ហើយមិនត្រូវប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយូទិក(ថ្នាំផ្សះ) ដោយគ្មានវេជ្ជបញ្ជាឡើយ

៤-ពេលលោកអ្នក ក្អក ឬ​កណ្តាស សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬកន្សែង សូមក្អកឬ កណា្ដស់ដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះទេ​

៥-លាងសម្អាត​ដៃ​របស់លោកអ្នក ឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ហើយចៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះនិង មាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ​

៦-បើប្រាស្រ័យទាក់ទងជាមួយអ្នកឈឺ ត្រូវចេះការពារខ្លួន កុំឲ្យមានការចម្លងរោគ ដោយមិនត្រូវនៅជិតស្និទ្ធ ពេក ​

 

ក្រសួងសុខាភិបាល ក៏បានណែនាំថា ទារក កុមារ និងមនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺ បណ្តាលមកពីអាកាសធាតុត្រជាក់។ ទារក បាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ។ លើសពីនេះ​ទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយ ឲ្យបានគ្រប់បានទេ បើគ្មានជំនួយការត្រឹមត្រូវពីអ្នកថែទាំពួកគេ។

កិច្ចការពារទារក កុមារ និងមនុស្សមានវ័យចំណាស់ ពីជំងឺ បណ្តាលមកពីអាកាសធាតុត្រជាក់ មានដូចខាងក្រោម​៖

១-ទារកអាយុតិចជាងមួយឆ្នាំ មិនគួរឲ្យដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សម្លៀកបំពាក់ដែលកក់ក្តៅ និងដណ្តប់ភួយសម្រាប់ទារក​ឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាព ឲ្យ​បានកក់ក្តៅសម្រាប់ខ្លួនប្រាណពួកគេ ក៏ដូចជា នៅក្នុងបន្ទប់របស់ទារក​

២-មនុស្សវ័យចំណាស់ ជាញឹកញាប់ មានកំដៅ​រាង​កាយតិច ដោយ​សារ​តែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិច ឬចុះថយ ដែលអាចធ្វើឲ្យសីតុណ្ហភាព ក្នុងរាងកាយថយចុះជាងធម្មតា។ ដូច្នេះមនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង​

៣-កុមារ ​និង​មនុស្ស​វ័យ​ចំណាស់ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលមានអាកាសធាតុត្រជាក់ ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួនគាត់។ ចៀសវាងសម្លៀកបំពាក់​តឹង ពីព្រោះវាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្តាលឲ្យ​បាត់បង់កំដៅរាងកាយ​

៤-កុមារ និងមនុស្សវ័យ​ចំណាស់ គួរពាក់មួក និងស្រោមជើង នៅពេលចេញទៅខាងក្រៅក្នុងពេលមានអាកាសធាតុត្រជាក់​ ដើម្បី​រក្សា​កំដៅ​​ក្នុង​រាង​​កាយ​ ដែល​អាច​បាត់​បង់ ​តាម​រយៈ​ដៃ ក្បាល និងជើង​

៥-ពិសារទឹក​ឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គ​ខិតខំទប់​ទល់​ទៅ​នឹ​ង​ភាព​ត្រជាក់៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង