តើអាការៈញ័រទ្រូង ជាអាការៈអ្វី? អាការៈញ័រទ្រូង គឺជាអាការៈមួយរបស់ចង្វាក់បេះដូង ដែលចង្វាក់បេះដូង ប្រែប្រួលខុសពីធម្មតា ក្នុងរយៈពេលដ៏ខ្លីមួយ។ ប្រសិនបើវាមិនពាក់ព័ន្ធនឹងរោគសញ្ញាដទៃទៀតនោះទេ អាការៈញ័រទ្រូង មិនមែនជាគ្រោះថ្នាក់ឡើយ។ អាការៈនេះ អាចកើតម្ដង ទៅ ២ដង ឬច្រើនដង ក្នុងមួយថ្ងៃ។ ប្រសិនបើវាកើតឡើងជាញឹកញយ អ្នកគួរជួបគ្រូពេទ្យជំនាញ។
រោគសញ្ញានៃអាការៈញ័រទ្រូង៖
១. បេះដូងលោតញាប់ (ចាប់ពី ១១០ចង្វាក់ឡើងទៅ ក្នុង ១នាទី)
២. បេះដូងលោតលើសមួយចង្វាក់
៣. ចង្វាក់បេះដូងរអាក់រអួល
៤. បេះដូងលោតរំលងចង្វាក់
៥. បេះដូងលោតខ្លាំងៗ
មូលហេតុបង្កអាការៈញ័រទ្រូង៖
១. មានអារម្មណ៍រំជើបរំជួលខ្លាំង
២. ទទួលទានកាហ្វេច្រើន
៣. ជក់បារី
៤. មានផ្ទៃពោះ
៥. អាការៈ Arrhythmia៖
វាជាអាការៈមួយ ដែលបេះដូង អាចមានចង្វាក់លឿនពេក ឬយឺតពេក ក៏ប៉ុន្តែខុសពីអាការៈញ័រទ្រូង អាការៈ Arrhythmia គឺជាអាការៈ ដែលកើតឡើងក្នុងរយៈពេលវែង។ ករណីមួយចំនួននៃអាការៈនេះ អាចបង្កឱ្យមនុស្សឈានចូលជំងឺខ្សោយបេះដូង ឬជំងឺដាច់សរសៃឈាម។
អាការៈញ័រទ្រូង ជាអាការៈទូទៅ ដែលជាទូទៅ មិនតម្រូវឱ្យមានការព្យាបាលនោះទេ លើកលែងតែអ្នកមានបញ្ហាបេះដូង ឬជំងឺបេះដូងទៅវិញ។ នោះមានន័យថា អាការៈមួយចំនួន អាចជារោគសញ្ញាជំងឺបេះដូង។ ដូចនេះ អ្នកជំងឺបេះដូង គួរទទួលការព្យាបាលជំងឺបេះដូង៕
ប្រភព៖ Cleveland Clinic II https://health.clevelandclinic.org/ & Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង