អ្នកចូលគេងយប់ៗជ្រៅ អាចប្រឈមនឹងជំងឺទឹកនោមផ្អែម និងជំងឺបេះដូង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-10-07

ការ​សិក្សា បានបញ្ជាក់ច្បាស់ៗថា មនុស្សចូលចិត្តគេងយប់ ពិតជាប្រឈមនឹងជំងឺរ៉ាំរ៉ៃ ក្នុងនោះ រួមមាន (១) ជំងឺទឹកនោមផ្អែមប្រភេទ២ និង(២) ជំងឺបេះដូង។

 

ជាធម្មតា អ្នកចូល​គេង នៅម៉ោងយប់ៗជ្រៅពេក​ មិន​មាន​សកម្មភាពអ្វីនោះទេ ដែលធ្វើឱ្យគាត់ដុតជាតិខ្លាញ់បានតិច។ ម្យ៉ាងទៀត មនុស្សប្រភេទនេះងាយនឹងកើតមានស្ថានភាពប្រឆាំងនឹងអាំងស៊ុយលីន ខណៈពេលដែលសាច់ដុំ ត្រូវការអាំងស៊ុយលីនច្រើន ដើម្បីផលិតថាមពល​។ អាំងស៊ុយលីន មាននាទីប្រាប់ឱ្យសាច់ដុំ ស្រូបយកជាតិស្ករ​ក្នុងឈាម។ ដូចនេះ ប្រសិនបើធ្វើលំហាត់ប្រាណ ឬកម្រើកសាច់ដុំ ឱ្យបានច្រើននោះ​ទេ វានឹងប៉ះពាល់ដល់មុខងាររាងកាយ ក្នុងការប្រើប្រាស់អាំងស៊ុយលីន ក៏ដូចជាប៉ះពាល់ប្រព័ន្ធរំលាយអាហារទៀតផង។ នោះគេអាចពន្យល់​បានយ៉ាងងាយស្រួលថា អ្នកចូល​គេងនៅយប់ជ្រៅ ងាយនឹងកើតមាន ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ២។

 

កត្តាដូចជា (១) ការគេងមិនគ្រប់គ្រាន់ (២) ចង្វាក់នៃការកំណត់ពេលគេង និងពេលក្រោកមិនល្អ (៣) ការញ៉ាំយឺតពេល និង (៤) ការត្រូវពន្លឺព្រះអាទិត្យបានតិច តែត្រូវពន្លឺភ្លើងនៅពេលល្ងាចច្រើន មានផលប៉ះពាល់លើភាពប្រែប្រួលអាំងស៊ុយលីន​។ នោះនាំឱ្យអ្នកចូល​គេង នៅពេលយប់ជ្រៅ ប្រឈមខ្ពស់នឹងហានិភ័យជំងឺមេតាប៉ូលីស និងជំងឺសរសៃឈាមបេះដូង។

 

បន្ថែមពីលើនេះទៀត ការចូលគេងយឺតនេះ ក៏ជំរុញឱ្យមនុស្ស សម្រេចធ្វើរឿងគ្រោះថ្នាក់ជាច្រើន រួមមាន (១) ប្រើប្រាស់ថ្នាំជក់ ឬជក់បារី​ (២) ផឹកស្រា (៣) ផឹកកាហ្វេ ព្រមទាំង (៤) មិនញ៉ាំអាហារពេលព្រឹក ជាដើម។ ចំណុចទាំងនេះ សុទ្ធតែជាបញ្ហាសម្រាប់សុខភាពមនុស្សទូទៅ៕

 

ប្រភព៖ CNN Health II https://edition.cnn.com/health

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង