មនុស្សចាស់ អាយុចាប់ពី ៥០ឆ្នាំ ទៅ ៨០ឆ្នាំ គួរវាស់សម្ពាធឈាមខ្លួនឯង ឱ្យបានទៀតទាត់ ២ដង ក្នុង ១ថ្ងៃ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-10-05

សម្ពាធឈាមខ្ពស់ ឬជំងឺលើសឈាម គឺជាស្ថានភាពសុខភាពមួយ ដែលបានប៉ះពាល់មនុស្សរាប់លាននាក់។ វាអាចបង្កហានិភ័យ ឈានដល់​ការគំរាមកំហែងអាយុជីវិត។ អ្នកវិទ្យាសាស្ត្រ រកឃើញថា មនុស្សចាស់មិនច្រើននោះទេ ដែលពិនិត្យសម្ពាធឈាមរបស់ខ្លួន នៅតាមផ្ទះទៀងទាត់។ ដូចនេះ មនុស្សចាស់ អាយុចាប់ពី ៥០ឆ្នាំ ទៅ ៨០ឆ្នាំ គួរវាស់សម្ពាធឈាម ឱ្យបានញឹកញាប់ ប្រមាណ ២ដង ក្នុង ១ថ្ងៃ។

 

CDC អាមេរិក រាយការណ៍ថា មនុស្សពេញវ័យប្រមាណតែ ២៤% ប៉ុណ្ណោះ ដែលគ្រប់គ្រងជំងឺលើសឈាមបានល្អ តាមរយៈការផ្លាស់ប្ដូររបបអាហារ ការហាត់ប្រាណ និងការទទួលទានថ្នាំព្យាបាលជំងឺលើសឈាម។ ការសិក្សាទៅលើមនុស្សចាស់ មានអាយុ ៥០ឆ្នាំ ទៅ ៨០ឆ្នាំ រកឃើញថា មានតែ ៤៨% (ទាបជាងពាក់កណ្ដាល) នៃក្រុមមនុស្សចាស់ទាំងនេះទេ ដែល​វាស់ពិនិត្យសម្ពាធឈាម នៅតាមផ្ទះបានទៀងទាត់ល្អ។

 

ការវាស់ពិនិត្យសម្ពាធឈាម ដោយមានឧបករណ៍ផ្ទាល់ខ្លួននៅផ្ទះ គឺជារឿងសំខាន់ ដែលមានអត្ថប្រយោជន៍ច្រើន ដូចជា៖

១. វាជួយឱ្យអ្នកធ្វើរោគវិនិច្ឆ័យ ដឹងអំពីស្ថានភាពសម្ពាធឈាម មុនដំណាក់កាលធ្ងន់ធ្ងរ។ ម្យ៉ាងទៀត គេអាចរកឃើញថា ​មានជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោម ដែលជាកត្តាបង្កសម្ពាធឈាមខ្ពស់ផងដែរ។

២. វាជួយតាមដានស្ថានភាព នៃការព្យាបាលជំងឺលើសឈាម។

៣. វាជួយឱ្យអ្នកគ្រប់គ្រងសម្ពាធឈាម និងជំងឺលើសឈាមបានល្អ។

៤. វាជួយកាត់បន្ថយចំណាយ​លើ​ការពិនិត្យ និងការព្យាបាលនៅមន្ទីរពេទ្យ។

 

ជាធម្មតា តើគួរពិនិត្យសម្ពាធឈាមញឹកញាប់ប៉ុណ្ណា?

អ្នកគួរពិនិត្យសម្ពាធឈាម ២ដង ក្នុង ១ថ្ងៃ៖

  • លើកទីមួយ នៅពេលព្រឹក មុនពេលទទួលទានអាហារ ឬថ្នាំ
  • លើកទីពីរ នៅពេលល្ងាច

 

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/ & Mayo Clinic II https://www.mayoclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង