ថ្នាំព្យាបាលមហារីកថ្មី ច្នៃពីវីរុសនៃជំងឺពងបែកមាត់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-09-29

អ្នកវិទ្យាសាស្ត្រ បានច្នៃវីរុសនៃជំងឺពងបែកមាត់ (Sore virus herpes simplex) ទៅជា​ថ្នាំសម្លាប់កោសិកាមហារីក បាន ១០០% ជួយជីវិតអ្នកជំងឺ បានយ៉ាងមានប្រសិទ្ធភាព។

 

បុរសម្នាក់​ ឈ្មោះ​ថា Krzysztof Wojkowski អាយុ ៣៩ឆ្នាំ មកពីភាគ​ខាង​លិច​នៃ​ទីក្រុងឡុង បានមានសំណាងរួចផុតជីវិតពីជំងឺមហារីក។ លោកបានរកឃើញមាន​ជំងឺមហារីក Mucoepidermoid ដែលជាជំងឺមហារីកក្រពេញទឹកមាត់មួយប្រភេទ កាលពីឆ្នាំ២០១៧។ វេជ្ជបណ្ឌិត គ្មានវិធីព្យាបាល​មហារីករបស់លោកឱ្យជានោះទេ ហើយអ្វីដែលគេអាចធ្វើបាន គឺ​ជួយផ្ដល់ការថែទាំរង់ចាំថ្ងៃចុងក្រោយ។

 

ទោះជាយ៉ាងណា វេជ្ជបណ្ឌិត​បានប្រើការសាកល្បង​វិធីថ្មីនេះ ដោយចាក់នូវថ្នាំកែច្នៃនេះ ដល់លោក Wojkowski រយៈពេល ២សប្ដាហ៍ម្ដង រយៈពេល ៥សប្ដាហ៍។ កោសិកា​មហារីករបស់លោក ក៏ចាប់ផ្ដើមរលាយបាត់បន្តិចម្ដងៗ។ ក្នុងពេលនេះ លោកកំពុងរស់នៅ​ ដោយគ្មានមហារីក រយៈពេល ២ឆ្នាំមកហើយ។

 

ក្នុងការសាកល្បង វិធីច្នៃវីរុសកម្ចាត់មហារីកថ្មីនេះ ក្នុងជំហានដំបូង គេឃើញថា៖

១. អ្នកជំងឺ ៣នាក់ ក្នុងចំណោម ៩នាក់ ដែលទទួលវិធីព្យាបាល RP2 បានកម្ចាត់ដុំសាច់មហារីក ១០០%។

២. អ្នកជំងឺ ៧នាក់ ក្នុងចំណោម ៣០នាក់ ដែលទទួលវិធីព្យាបាល RP2 ជាមួយនឹងឱសថពង្រឹងភាពស៊ាំ nivolumab ក៏ទទួលបានអត្ថប្រយោជន៍ពីវិធីព្យាបាលថ្មីដែរ។

៣. អ្នកជំងឺមហារីកស្បែក melanoma ៤នាក់ ក្នុងចំណោម ៩នាក់ លែងលូតលាស់កោសិកាមហារីក

៤. អ្នកជំងឺមហារីកភ្នែក uveal melanoma ២នាក់ ក្នុងចំណោម ៨នាក់ លែងលូតលាស់កោសិកាមហារីក

៥. អ្នកជំងឺមហារីកក្បាល និងក ម្នាក់ ក្នុងចំណោម ៣នាក់ លែងលូតលាស់កោសិកាមហារីក

 

គួរបញ្ជាក់ថា វិធីសាស្ត្រថ្មីនេះ ជារបកគំហើញសំខាន់មួយ ដែលត្រូវការការសិក្សាបន្ត ហើយវាអាចជួយជីវិតមនុស្ស ក្នុងស្ថានភាពចុងក្រោយនៃជំងឺមហារីក៕

 

ប្រភព៖ Sky News II https://news.sky.com/ & BBC News II https://www.bbc.com/news

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង