អ្នកវិទ្យាសាស្ត្រ កំពុងព្យាករអំពីលទ្ធភាពនៃជំងឺរាតត្បាត ដែលអាចនឹងកើតមាន ក្រោយយុគសម័យកូវីដ១៩។ ការទាយទុកមុននូវការវិវត្តជំងឺរាតត្បាត អាចជួយឱ្យសកលលោក ត្រៀមខ្លួនបានល្អជាងមុន ក្នុងការទប់ស្កាត់។ អ្នកជំនាញ មកពីសកលវិទ្យាល័យ ស៊ីដនី ក្នុងប្រទេសអូស្ត្រាលី បានផ្ដល់នូវការយល់ឃើញរបស់ខ្លួន ហើយក្នុងនោះ គេបានវិភាគលើវីរុសចំនួន ៥ប្រភេទ។ តើវីរុសអ្វីខ្លះ ដែលអាចក្លាយជាជំងឺរាតត្បាត សូមអានអត្ថបទលម្អិត ខាងក្រោម។
វីរុស ដែលអាចបង្កជំងឺរាតត្បាត៖
១. Coronaviridae៖
- Coronaviridae គឺជាគ្រួសារវីរុស ដែលបានបង្កជំងឺធំៗជាច្រើន រួមមាន (១) កូវីដ១៩ (២) ជំងឺឆ្លងតាមផ្លូវដង្ហើមមជ្ឈិមបូពា៌ ឬ MERS និង (៣) ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ឬជំងឺ SARS។
- វាជាប្រភេទវីរុស ដែលអាចឆ្លងលើសត្វ និងមនុស្ស។
- រោគសញ្ញាទូទៅរបស់ជំងឺ ដែលបង្កដោយវីរុសប្រភេទនេះ ឃើញមានដូចជា (១) រោគសញ្ញាដូចជំងឺផ្ដាសាយ និង (២) រោគសញ្ញាជំងឺរលាកក្រពះពោះវៀន។
២. Flaviviridae៖
- Flaviviridae គឺជាគ្រួសារវីរុស ដែលបានបង្កជំងឺធ្ងន់ធ្ងរមួយចំនួន ដូចជា (១) ជំងឺគ្រុនឈាម (២) ជំងឺរលាកខួរក្បាលជប៉ុន ឬ Japanese encephalitis (៣) ជំងឺហ្ស៊ីកា និង (៤) ជំងឺគ្រុនក្ដៅ West Nile។
- ជាញឹកញាប់ ជំងឺទាំងនេះមិនបង្កហានិភ័យធ្ងន់ធ្ងរ ដល់ប៉ះពាល់អាយុជីវិតនោះទេ ប៉ុន្តែវាផ្ដល់នូវអាការៈ (១) ក្ដៅខ្លួន (២) ស្នាមកន្តួល ឬ (៣) ឈឺសន្លាក់។
- វីរុសហ្ស៊ីកា អាចបង្កពិការភាពពីកំណើត។
- ភ្នាក់ងារចម្លងវីរុសទាំងនេះ អាចជា (១) សត្វមូស (២) បក្សីទឹក (៣) ជ្រូក និង (៤) មនុស្ស។
៣. Orthomyxoviridae៖
- Orthomyxoviridae គឺជាគ្រួសារវីរុស ដែលបង្កជំងឺគ្រុនផ្ដាសាយ (Influenza)។
- ជំងឺគ្រុនផ្ដាសាយ បែងចែកចេញជាប្រភេទ A B និងប្រភេទកម្រ C និង D។
- ជំងឺនេះអាចឆ្លង ពីសត្វមកមនុស្ស។
៤. Paramyxoviridae៖
- Paramyxoviridae គឺជាគ្រួសាររបស់ (១) វីរុស Nipah និង (២) វីរុស Hendra។
- មនុស្ស ដែលងាយទទួលរងជំងឺបង្កដោយវីរុសប្រភេទទាំងនេះ គឺកុមារ ជាពិសេសគឺកុមារ ដែលខ្វះអាហារូបត្ថម្ភ។
- ជំងឺ ដែលបង្កឡើងដោយវីរុសទាំងនេះ មានដូចជា (១) ជំងឺកញ្ជ្រឹល (២) ជំងឺស្រឡទែន និង (៣) ជំងឺរលាកបំពង់ក លើក្មេងៗ។
- វីរុសថ្មី ដែលគេបានរកឃើញ ក្នុងប្រទេសចិន កាលពីថ្មីៗនេះ «វីរុស LangYa» ក៏ស្ថិតក្រោមអម្បូរវីរុសនេះដែរ។
៥. Togaviridae (alphaviruses)៖
- Togaviridae គឺជាអម្បូរវីរុស ដែលបង្កជំងឺ (១) គ្រុនឈីក (២) គ្រុនក្ដៅ Ross River (៣) ជំងឺរលាកស្រោមខួរភាគខាងកើត ឬ Eastern equine encephalitis (៤) ជំងឺរលាកស្រោមខួរភាគខាងលិច ឬ Western equine encephalitis (៥) និង (៦) ជំងឺរលាកស្រោមខួរ វ៉េណេស៊ុយអេឡា ឬ Venezuelan equine encephalitis។
- វីរុសនេះ បង្កដោយសត្វមូស ដែលភាគច្រើន មាននៅប្រទេសអូស្ត្រាលី៕
ប្រភព៖ The University of Sydney II https://www.sydney.edu.au/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង