វិធីព្យាបាលមហារីកថ្មី សម្រាប់ជំងឺមហារីក ដែលមានភាពធន់នឹង Immunotherapy

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-08-23

វិធីព្យាបាលដោយពង្រឹងប្រព័ន្ធភាពស៊ាំ (Immunotherapy) គឺជាវិធី ដែលប្រើប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ សំដៅទៅរកកោសិកាមហារីក និងសម្លាប់កោសិកាមហារីកនោះ។ ជាពិសេស វាអាចជួយជីវិតអ្នកជំងឺមហារីក នៅពេលអ្នកជំងឺបរាជ័យក្នុងការព្យាបាលដោយ (១) ការវះកាត់ (២) កាំរស្មី ឬ (៣) ថ្នាំគីមី។ ទោះជាយ៉ាងណា វិធី Immunotherapy មិនអាចជួយអ្នកជំងឺទាំងអស់នោះទេ ព្រោះដុំសាច់ខ្លះ អាចវិវត្តខ្លួន ដែលអាចធន់នឹងការព្យាបាល ដោយប្រព័ន្ធភាពស៊ាំ។

 

ក្នុងពេលនេះ វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីក ក្នុងប្រទេសអង់គ្លេស បានរកឃើញវិធីព្យាបាលថ្មី ដែលអាចវាយបកនឹងមហារីក ដែលធន់នឹង Immunotherapy។ បច្ចេកវិទ្យាថ្មី ដែលអ្នកវិទ្យាសាស្ត្របានប្រើ គឺមានឱសថ Immunotherapy លាយនឹងឱសថថ្មីម្យ៉ាង ឈ្មោះថា «Guadecitabine»Guadecitabine គឺជាឱសថសាកល្បង ដែលមាននាទីបង្វិលសមត្ថភាពរបស់កោសិកាមហារីក ក្នុងការប្រឆាំងនឹងថ្នាំ Immunotherapy។ ក្នុងរបកគំហើញនេះ អ្នកជំងឺមហារីក ដែលត្រូវបានគេរំពឹងថា នឹងបាត់បង់ជីវិត ក្រោយសាកល្បង ការព្យាបាលគ្រប់វិធីសាស្រ្ត ត្រូវបានជួយសង្គ្រោះឱ្យរស់បានយូរជាងមុន។

 

ការផ្សំថ្នាំពង្រឹងភាពស៊ាំ ដូចជា ថ្នាំ Pembrolizumab ជាមួយនឹងថ្នាំ Guadecitabine បានបញ្ឈប់ការលូតលាស់មហារីក ក្នុងអ្នកជំងឺ ដែលបានចូលរួម ប្រមាណ ១ ភាគ ៣ នៅក្នុងវគ្គសាកល្បងទី១។ អ្នកជំងឺ ដែលបានចូលរួម មានអ្នកជំងឺមហារីកសួត មហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀន។

 

អ្នកជំនាញផ្នែកសុខាភិបាល និងវេជ្ជបណ្ឌិតជាច្រើន បានបង្ហាញពីក្ដីសង្ឃឹមទៅលើវិធីថ្មីនេះ។ គេជឿថា នេះគឺជាការសាកល្បងវិធីព្យាបាលថ្មីៗ បន្ថែមទៅលើអ្វី ដែលមានបច្ចុប្បន្ន ហើយវាអាចមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជំងឺមហារីកច្រើនប្រភេទ៕

 

ប្រភព៖ The Guardian II https://www.theguardian.com/international

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង