លំហាត់ប្រាណ គឺជាកត្តាចាំបាច់មួយ សម្រាប់រក្សាសុខភាពឱ្យបានល្អ និងប្រឆាំងជំងឺទឹកនោមផ្អែម។ ប៉ុន្តែបច្ចុប្បន្ន មនុស្សជាច្រើន មិនបានចំណាយពេលវេលា និងការយកចិត្តទុកដាក់គ្រប់គ្រាន់ លើលំហាត់ប្រាណនោះទេ។ អត្រាជំងឺទឹកនោមផ្អែម និងមរណភាព បង្កដោយទឹកនោមផ្អែម បានបន្តកើនឡើង។ អ្នកស្រាវជ្រាវ បានរកឃើញថា ការដើរហាត់ប្រាណ ក្រោយទទួលទានអាហាររួច ត្រឹមតែ ២ ទៅ ៥នាទី អាចកាត់បន្ថយហានិភ័យ ជំងឺទឹកនោមផ្អែមប្រភេទ ២។
ចំនួនអ្នកកើតមានជំងឺទឹកនោមផ្អែម បានកើនពី ១០៨លាននាក់ ក្នុងឆ្នាំ១៩៨០ ទៅ ៤២២លាននាក់ ក្នុងឆ្នាំ២០១៤។ រវាងឆ្នាំ២០០០ និងឆ្នាំ២០១៦ អត្រានៃមរណភាព បង្កដោយជំងឺទឹកនោមផ្អែម បានកើនឡើង ៥%។ ជំងឺទឹកនោមផ្អែម គឺជាកត្តាចម្បងបង្ក៖
១. ការពិការភ្នែក
២. ជំងឺខ្សោយក្រលៀន
៣. ជំងឺគាំងបេះដូង
៤. ជំងឺដាច់សរសៃឈាម
៥. ការវះកាត់យកអវយវៈផ្នែកខាងក្រោមនៃរាងកាយចេញ
ការសិក្សា ចេញផ្សាយកាលពីឆ្នាំ២០០៩ បានបង្ហាញថា ការដើរ ២០នាទី ក្រោយទទួលទានអាហារ ជាលំហាត់ប្រាណ ដែលអាចជួយកាត់បន្ថយកម្រិតជាតិស្ករ។ ប៉ុន្តែការសិក្សាខ្នាតធំថ្មីមួយទៀត ទើបរកឃើញថា សូម្បីតែការដើរថ្នមៗ រយៈពេល ២ ទៅ ៥នាទី ក៏អាចជួយរក្សាកម្រិតជាតិស្ករ ឱ្យបានទាបដែរ។
ក្នុងការសិក្សានោះ គេបានវិភាគថា ការឈរ អាចកាត់បន្ថយកម្រិតជាតិស្ករ បានល្អជាងការអង្គុយ ក្រោយទទួលទានអាហារ។ ទោះជាយ៉ាងណា អត្ថប្រយោជន៍របស់វា មិនសំខាន់ដូចការដើរនោះទេ។ មួយទៀត គឺអ្នកអាចទទួលអត្ថប្រយោជន៍ខ្ពស់បំផុត ដោយដើរថ្នមៗ ឬឈរ ចន្លោះពី ៦០នាទី ទៅ ៩០នាទី ក្រោយញ៉ាំអាហាររួច៕
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/ & WHO II https://www.who.int/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង