ជាងកន្លះខែមកនេះ ចំនួនអ្នកទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតែមានចំនួនតិចតួច
របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបានក្រសួងសុខាភិបាល ចេញប្រកាសរៀងរាល់ថ្ងៃ។ ក្នុងនោះ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ គឺរយៈពេលជាងកន្លះខែមកនេះ ចំនួនអ្នកទៅចាក់វ៉ាក់សាំង មិនថា ដូសទី១ ដូសទី២ ឬដូសជំរុញ ដូសទី៣ ដូសទី៤ និងដូសទី៥ ទេ គឺនៅតែមានចំនួនតិចតួចនៅឡើយ បើទោះបីជានៅកម្ពុជាយើង រកឃើញអ្នកឆ្លងកូវីដ១៩ ឡើងវិញ រៀងរាល់ថ្ងៃ ហើយក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំងយ៉ាងណាក៏ដោយ។
របាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញពីចំនួនអ្នកដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ គឺដូសទី១ មានចំនួន ១៥ ៦០៨ ៤៥៦នាក់។ ដូសទី២ មានចំនួន ១៤ ៣៩០ ៤៥០នាក់។ ដូសទី៣ មានចំនួន ៩ ៤៨៧ ៤៨៤នាក់។ ដូសទី៤ មានចំនួន ២ ៩៣៨ ១៦៥នាក់។ ដូសទី៥ មានចំនួន ៣០៩ ៩០៤នាក់។
ចំណែកចំនួនអ្នកបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បង្ហាញថា អ្នកចាក់វ៉ាក់សាំង ដូសទី១ មានចំនួន ១៥ ១០៦ ៤០២នាក់។ អ្នកចាក់វ៉ាក់សាំង ដូសទី២ មានចំនួន ១៤ ៤១៣ ៨១០នាក់។ អ្នកចាក់វ៉ាក់សាំង ៣ដូស មានចំនួន ៩ ៥៩៣ ២១៦នាក់។ អ្នកវ៉ាក់សាំង ដូសទី៤ មានចំនួន ៣ ១៧៤ ២៦១នាក់។ អ្នកវ៉ាក់សាំង ម្នាក់បាន ៥ដូស មានចំនួន ៣៩៨ ៧៨០នាក់។
ដូច្នេះជាសរុប ចំនួនអ្នកបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ក្នុងរយៈពេល ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ គឺដូសទី១ ចាក់បាន ៥០២ ០៥៤នាក់។ ដូសទី២ ចាក់បាន ២៣ ៣៦០នាក់។ ដូសទី៣ ចាក់បាន ១០៥ ៧៣២នាក់។ ដូសទី៤ ចាក់បាន ២៣៦ ០៩៦នាក់។ ដូសទី៥ ចាក់បាន ៨៨ ៨៧៦នាក់។
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង
ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ៣ឆ្នាំឡើង។ ក្នុងនោះ ក្រៅពីក្រុមគ្រូពេទ្យចល័ត ចុះចាក់វ៉ាក់សាំង តាមភូមិ តាមសាលារៀន តាមផ្សារ តាមរោងចក្រសហគ្រាសក្រុមហ៊ុននានា ក៏មានក្រុមគ្រូពេទ្យ ប្រចាំការ បន្តចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យខេត្តរាជធានី មន្ទីរពេទ្យបង្អែកស្រុក ក្រុងខណ្ឌ និងនៅតាមមណ្ឌលសុខភាព តាមឃុំសង្កាត់ នៅទូទាំងប្រទេស។ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ រង់ចាំចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ មិនថាថ្ងៃធ្វើការធម្មតា ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រទេ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយសូម្បីតែនៅថ្ងៃបុណ្យទាន ឈប់សម្រាក ក៏គ្រូពេទ្យ បន្តប្រចាំការ ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ រៀងរាល់ម៉ោងធ្វើការ មិនថា ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ ឬក៏ដូសទី៥ នោះទេ។
ដូច្នេះប្រជាពលរដ្ឋយើង ត្រូវតែនាំកូនចៅអាយុចាប់ពី ៣ឆ្នាំឡើង ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ សោះ ត្រូវទៅចាក់វ៉ាក់សាំង ដូសទី១ ហើយក្នុងរយៈពេលចាប់ពី ២១ថ្ងៃ រាប់ពីដូសទី១ ត្រូវទៅចាក់វ៉ាក់សាំង ដូសទី២។ ចាប់ពី ៣ខែឡើង រាប់ពីដូសទី២ គឺត្រូវទៅចាក់វ៉ាក់សាំង ដូសទី៣។ ចាប់ពី ៣ខែឡើងទៅ រាប់ពីដូសទី៣ ត្រូវទៅចាក់វ៉ាក់សាំង ដូសទី៤ និងចាប់ពី ៣ខែឡើងទៅ រាប់ពីដូសទី៤ គឺត្រូវទៅចាក់វ៉ាក់សាំង ដូសទី៥។
វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចាក់ដោយមិនអស់លុយ ហើយអាចការពារខ្លួនយើង ពីការឆ្លងកូវីដ។ បើឆ្លង ក៏មិនធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រហូតដល់ដេកពេទ្យ ឬស្លាប់នោះទេ។ ដូច្នេះកុំចាំយូរ ទៅចាក់វ៉ាក់សាំង។ ការពារប្រសើរជាងព្យាបាល៕