ការមានផ្ទៃពោះ ជាទំនួលខុសត្រូវមួយ ដែលមិនមែនស្ត្រី ឬក្រុមគ្រួសារគ្រប់រូប អាចរ៉ាប់រងបានងាយស្រួលនោះទេ។ ក្នុងករណីស្ត្រីមានបំណង មិនចង់រក្សាទារកក្នុងផ្ទៃ ស្ត្រីមានវិធីសាស្ត្រពីរ គឺធ្វើការវះកាត់ និងប្រើថ្នាំវេជ្ជសាស្ត្រ។ ការប្រើថ្នាំវេជ្ជសាស្ត្រ មានន័យថា ស្ត្រីលេបថ្នាំគ្រាប់ ដើម្បីរំលូតទារក នៅក្នុងផ្ទៃ។ តើថ្នាំរំលូត ដំណើរការបែបណា ហើយវាមានគ្រោះថ្នាក់ដែរឬទេ? សូមអានអត្ថបទនេះ លម្អិត។
តើអ្វីទៅគឺជា ការប្រើថ្នាំរំលូតកូន?
ការប្រើថ្នាំរំលូតកូន គឺជាការប្រើថ្នាំវេជ្ជសាស្ត្រពីរប្រភេទ ដើម្បីយកទារកចេញ និងទប់ស្កាត់ផ្ទៃពោះ។ ក្នុងការប្រើថ្នាំនេះ ទីមួយ គឺគេប្រើថ្នាំ mifepristone និងក្រោយមក គេប្រើ misoprostol។ ស្ត្រី ត្រូវទទួលទាន mifepristone មុន ទើបស្ត្រីអាចទទួលទាន misoprostol បន្ទាប់ ក្នុងចន្លោះពេល ៤ ទៅ ២៤ម៉ោង ក្រោយទទួលទាន mifepristone។
តើថ្នាំរំលូតកូន ដំណើរការបែបណា?
ថ្នាំ mifepristone បិទមិនឱ្យប្រូហ្សេស្តេរ៉ូន (progesterone) ធ្វើការវិវត្ត។ ប្រូហ្សេស្តេរ៉ូន ជាអរម៉ូនមួយ ដែលវិវត្តក្នុងដំណើរកកើតផ្ទៃពោះ។ ប្រសិនបើគ្មានប្រូហ្សេស្តេរ៉ូន ស្រទាប់ស្បូន មិនអាចគាំទ្រផ្ទៃពោះបាននោះទេ។ ថ្នាំមួយប្រភេទទៀត គឺ misoprostol មាននាទីបង្កឱ្យមាត់ស្បូនបើក និងជួយឱ្យស្បូនបញ្ចេញសមាសធាតុសេសសល់ ដែលបង្កផ្ទៃពោះ។
ក្រោយទទួលទាន mifepristone ស្ត្រីតែងប្រឈមនឹងការហូរឈាម កម្រិតស្រាល ឬការហូរឈាមកម្រិតធ្ងន់ ចន្លោះពី ១ម៉ោង ទៅ ៤ម៉ោង។ ការហូរឈាម អាចធ្ងន់ធ្ងរ ជាងឈាមនៃការមករដូវ។ ស្ត្រីអាចជួបប្រទះការកកឈាម ឬអាចបន្តហូរឈាមរហូតដល់ ៣សប្ដាហ៍។
គួរបញ្ជាក់ផងដែរថា ប្រសិនបើស្ត្រី ធ្វើតេស្តទឹកនោម តេស្តនឹងចេញសញ្ញាវិជ្ជមាន រយៈពេលជាច្រើនសប្ដាហ៍ ក្រោយប្រើប្រាស់ថ្នាំរំលូននេះ។ មូលហេតុ គឺវាត្រូវការរយៈពេលយូរគួរសម ដើម្បីឱ្យកម្រិតអរម៉ូនផ្ទៃពោះថយចុះ។ ជាធម្មតា ក្រោយទទួលទានថ្នាំរយៈពេល ១សប្ដាហ៍ ទៅ ២សប្ដាហ៍ ស្ត្រីត្រូវទៅមន្ទីរពេទ្យ ឬគ្លីនិក ដើម្បីពិនិត្យអ៊ុលត្រាសោន ឱ្យដឹងថា ថ្នាំមានប្រសិទ្ធភាព ឬអត់។
តើថ្នាំរំលូតកូន មានប្រសិទ្ធភាពប៉ុណ្ណា?
ថ្នាំរំលូតកូន មានប្រសិទ្ធភាពដល់ទៅ ៩៥.៥% ទៅ ៩៨.៨% ក្នុងការជួយស្ត្រី យកទារកចេញ ប្រសិនបើស្ត្រីប្រើប្រាស់ថ្នាំ ក្នុងពេលមានផ្ទៃពោះរយៈពេល ៦៣ថ្ងៃ។ កាលណារយៈពេលមានផ្ទៃពោះ កាន់តែយូរ ប្រសិទ្ធភាពនឹងកាន់តែធ្លាក់ចុះ។ អ្នកជំនាញ មិនណែនាំឱ្យប្រើថ្នាំនេះ ក្រោយមានផ្ទៃពោះ ១០សប្ដាហ៍នោះទេ។
តើការប្រើថ្នាំរំលូត ផ្ដល់ផលប៉ះពាល់បែបណា? តើវាមានសុវត្ថិភាពដែរ ឬទេ?
ស្ត្រី ដែលទទួលទានថ្នាំ misoprostol នឹងប្រឈមបញ្ហា៖
១. ហូរឈាមខ្លាំង
២. គ្រុនក្ដៅកម្រិតទាប
៣. រងារញាក់
៤. ឡើងកម្ដៅក្នុងខ្លួន
ទោះជាវាមានផលប៉ះពាល់ដូចខាងលើ គេជឿថា ថ្នាំមានហានិភ័យទាប ហើយកម្របង្កផលវិបាក។ ប៉ុន្តែករណីធ្ងន់ធ្ងរផ្សេងៗ អាចកើតមានកន្លងមក នោះគឺបណ្ដាលមកពីស្ថានភាពសុខភាព និងជំងឺប្រចាំកាយរបស់ស្ត្រីផ្ទាល់៕
ប្រភព៖ Forbes Health II https://www.forbes.com/health/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង