ជំងឺដាច់សរសៃឈាម អាចកើតមានឡើង ប្រមាណ ១២.២លាននាក់ ក្នុង ១ឆ្នាំៗ។ ប្រហែលពាក់កណ្ដាលនៃអត្រាជំងឺដាច់សរសៃឈាមទាំងអស់ កើតលើស្ត្រី។ ការសិក្សាថ្មីមួយ បានរកឃើញថា ស្ត្រីដែលមានបទពិសោធន៍ គ្មានកូន រលូតកូន ឬកូនស្លាប់ក្នុងពោះ ឬអំឡុងពេលសម្រាល គឺជាក្រុមស្ត្រី ដែលប្រឈមខ្ពស់នឹងហានិភ័យជំងឺដាច់សរសៃឈាម។
ការសិក្សាមួយ ដឹកនាំដោយវេជ្ជបណ្ឌិត Gita Mishra បានទាញយកទិន្នន័យពីការសិក្សាចំនួន៨ ដែលជាការសិក្សា ក្នុងរយៈពេលវែង ក្នុងប្រទេសចំនួន ៧ រួមមាន អូស្ត្រាលី ចិន ជប៉ុន ហូឡង់ ស៊ុយអែត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ សរុបជារួម ក្នុងនោះ មានស្ត្រីទាំងអស់ ចំនួន ៦១៨ ០០០នាក់ ហើយមានអាយុចាប់ពី ៣២ឆ្នាំ ទៅ ៧៣ឆ្នាំ។
ក្នុងការសិក្សានេះ ក៏បានរាប់បញ្ចូលស្ត្រី ដែលមានប្រវត្តិគ្មានកូន រលូតកូន ឬកូនស្លាប់ក្នុងពោះ ឬក្នុងពេលសម្រាលផងដែរ។ ក្នុងចំណោមស្ត្រីទាំងអស់ ស្ត្រីចំនួន ២៤ ៨៧៣នាក់ មានប្រវត្តិបាត់បង់ទារកក្នុងពេលពពោះ ឬក្នុងពេលសម្រាល។ ស្ត្រីចំនួន ៩១ ៥៦៩នាក់ទៀត មានប្រវត្តិបាត់បង់ទារកដោយការរលូត។
លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា ២.៨% នៃស្ត្រីទាំងអស់ (ក្នុងការសិក្សា) មានជំងឺដាច់សរសៃឈាម ដែលមិនគ្រោះថ្នាក់ដល់អាយុជីវិត ០.៧% នៃស្ត្រីផ្សេងទៀត មានជំងឺដាច់សរសៃឈាម ដែលគ្រោះថ្នាក់ដល់អាយុជីវិត។
ប៉ុន្តែប្រសិនបើធ្វើការប្រៀបធៀបរវាងស្ត្រី ដែលមានប្រវត្តិបាត់បង់ទារក ដោយការរលូត ជាមួយនឹងស្ត្រី ដែលបានសម្រាលដោយជោគជ័យ ភាគរយនៃការកើតជំងឺដាច់សរសៃឈាម ពិតជាមានអត្រាខ្ពស់ខ្លាំង។ ស្ត្រីដែលធ្លាប់ជួបបញ្ហារលូតកូន ចំនួនចាប់ពី ៣ដងឡើងទៅ ប្រឈមនឹងជំងឺដាច់សរសៃឈាម ដែលមិនប៉ះពាល់អាយុជីវិត ដល់ទៅ ៣៥% និងជំងឺដាច់សរសៃឈាម ដែលប៉ះពាល់អាយុជីវិត ដល់ទៅ ៨២% ខ្ពស់ជាងស្ត្រីសម្រាលធម្មតា៕
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង