សារធាតុពុល ក្នុងបរិយាកាស ធ្វើឱ្យអ្នកប្រឈមនឹងមហារីក ១០% ខ្ពស់ជាងធម្មតា

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-06-28

សារធាតុពុល ក្នុងបរិយាកាសធម្មជាតិ ឬកន្លែងធ្វើការ មានផលប៉ះពាល់យ៉ាងគួរឱ្យកត់សម្គាល់ លើសុខភាពមនុស្ស។ កាន់តែធ្ងន់ធ្ងរនោះ គឺវាអាចបង្កជំងឺមហារីក។ សហភាពអឺរ៉ុប ក្នុងមួយឆ្នាំៗ រកឃើញអ្នកជំងឺមហារីកថ្មីប្រមាណ ៣លាននាក់ និងស្លាប់ ១.៣លាននាក់។

 

ជាលើកទីមួយ European Environment Agency បានសិក្សាពីទំនាក់ទំនងជំងឺមហារីក និងបរិស្ថាន ដោយផ្អែកលើទិន្នន័យស្រាវជ្រាវចុងក្រោយ ទាក់ទងនឹងការបំពុលខ្យល់ រ៉ាដុន កាំរស្មីអ៊ុលត្រា Violet ផ្សែងស្រូបដោយប្រយោល និងសារធាតុគីមី។ លទ្ធផលនៃការសិក្សានោះ បានរកឃើញថា ហានិភ័យសារធាតុពុល នៅក្នុងបរិស្ថាន និងក្នុងមជ្ឈដ្ឋានការងារ ជាភ្នាក់ងារបង្កឱ្យករណីជំងឺមហារីកកើនឡើង ១០% ក្នុងទ្វីបអឺរ៉ុប។

 

ក្នុងឆ្នាំ២០១៩ ក្នុងចំណោមបណ្ដាប្រទេសអឺរ៉ុបទាំងអស់ ប្រទេសហុងគ្រី និងក្រូអាត មានអត្រាស្លាប់ដោយជំងឺមហារីកខ្ពស់ជាងគេ (យ៉ាងតិច ៣០០នាក់ ក្នុងប្រជាពលរដ្ឋចំនួន ១០ម៉ឺននាក់)។ ប្រទេសអឺរ៉ុបដែលមានអត្រាអ្នកស្លាប់ ដោយជំងឺមហារីកទាបជាងគេ (១៩៥.៤នាក់ ក្នុងប្រជាពលរដ្ឋចំនួន ១០ម៉ឺននាក់) គឺ ប្រទេសស៊ីប (Cyprus)

 

ប្រទេសស៊ីប គឺជាសមាជិកសហភាពអឺរ៉ុប និងជាកូនកោះតូចមួយ ក្នុងតំបន់មេឌីទែរ៉ាណេ ដែលមានប្រជាជនប្រមាណ ៩០០ ០០០នាក់ប៉ុណ្ណោះ។ ជំងឺមហារីក គឺជាមូលហេតុបង្កមរណភាព ច្រើនជាងគេលេខរៀងទី២ ក្នុងប្រទេសស៊ីប។ ប៉ុន្តែប្រទេសនេះផ្ដល់នូវការសេវាថែទាំសុខភាព ជាពិសេសការពារជំងឺមហារីកបានល្អ។ ស៊ីប មានកម្មវិធីស្កេនរកជំងឺមហារីកសុដន់ជាតិ ទូលំទូលាយទូទាំងប្រទេសតាំងពីឆ្នាំ២០០៧។ ស្ត្រីអាយុចន្លោះពី៥០ឆ្នាំ ទៅ៦៩ឆ្នាំ អាចទទួលសេវានេះដោយមិនគិតថ្លៃ។

 

ប្រទេសស៊ីប​នេះ ក៏មានបច្ចេកវិទ្យាតេស្តហ្សែន តាមដានជំងឺមហារីកសុដន់ និងមហារីកពោះវៀនធំផងដែរ។ ដើម្បីបង្កើនការយល់ដឹងពីមូលហេតុបង្កជំងឺមហារីក ប្រទេសស៊ីបបានបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកក្នុងឆ្នាំ២០១០ មានឈ្មោះថា Mediterranean Centre for Cancer Reasearch

 

ប្រភព៖ European Environment Agency II https://www.eea.europa.eu/, Eurostat II https://ec.europa.eu/eurostat/statistics-explained/index.php?title=Main_Page & National Library of Medicine II https://www.ncbi.nlm.nih.gov/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង