អ្នកជំងឺមហារីកទាំងពីរនេះ អាចនឹងមិនត្រូវការវិធីព្យាបាល ក្រោយវះកាត់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-06-25

ជាធម្មតា ក្រោយការវះកាត់ព្យាបាលមហារីក អ្នកជំងឺត្រូវទទួលការព្យាបាលបន្តជាច្រើនបែប ដើម្បីគ្រប់គ្រងស្ថានភាពឱ្យបានល្អ និងជាសះស្បើយពីជំងឺមហារីក។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ កំពុងស្វែងរកវិធី ដែលមិនបាច់ឱ្យអ្នកជំងឺព្យាបាលបន្ត ក្រោយវះកាត់រួច ដើម្បីបន្ថយការចំណាយរបស់អ្នកជំងឺ និងកាត់បន្ថយឥទ្ធិពលអវិជ្ជមានរបស់ការព្យាបាល ទៅលើអ្នកជំងឺ។

 

ការសិក្សាថ្មីពីរ បានបង្ហាញថា អ្នកជំងឺមហារីកមួយចំនួន អាចជៀសវាងការព្យាបាល ដោយប្រើវិទ្យុសកម្ម និងប្រើថ្នាំគីមី បានដោយសុវត្ថិភាព បន្ទាប់ពីទួលការវះកាត់។ ក្នុងចំណោមការសិក្សាទាំងពីរនេះ ការសិក្សាមួយបានផ្ដោតលើ ការធ្វើតេស្តឈាមអ្នកជំងឺមហារីកពោះវៀនធំ និងតាមដានមើលថា តើអ្នកជំងឺណា ដែលអាចរំលង មិនចាំបាច់ព្យាបាលដោយថ្នាំគីមី ក្រោយវះកាត់។ ឯការសិក្សាមួយទៀត អ្នកវិទ្យាសាស្ត្រ បានសាកល្បងឱ្យ អ្នកជំងឺមហារីកសុដន់មួយចំនួន រំលងការព្យាបាលដោយវិទ្យុសកម្ម ក្រោយអ្នកជំងឺវះកាត់យកដុំសាច់ចេញ។

 

. ការសិក្សាលើជំងឺមហារីកពោះវៀនធំ

អ្នកជំងឺជាច្រើនទទួលការព្យាបាល ដោយប្រើថ្នាំគីមី ក្រោយការវះកាត់ព្យាបាលមហារីករួច។ ទោះបីពួកគេបានព្យាបាល ជាសះស្បើយហើយក្ដី ជាធម្មតាអ្នកជំងឺត្រូវប្រើថ្នាំគីមី។ ថ្នាំទាំងនោះ អាចផ្ដល់នូវគុណវិបត្តិ ដូចជា ក្អួតចង្អោរ ជំងឺស្លេកស្លាំង និងបញ្ហាចងចាំ ជាដើម។ វេជ្ជបណ្ឌិតព្យាយាម សិក្សាមើលថា អ្នកជំងឺណា គួរព្យាបាល ឬមិនគួរ។ ប៉ុន្តែការសម្រេចចិត្តឱ្យអ្នកជំងឺរំលងថ្នាំគីមី ជាឧបសគ្គមួយទាក់ទងនឹងសុវត្ថិភាព របស់អ្នកជំងឺ។ ដូចនេះ អ្នកវិទ្យាសាស្ត្រ បានធ្វើតេស្តឈាមអ្នកជំងឺ ដើម្បីជួយដល់ការសម្រេចចិត្ត ថាអ្នកជំងឺណាគួរមិនត្រូវការ ថ្នាំគីមី។

 

គេបានសិក្សាលើអ្នកជំងឺមហារីកពោះវៀនធំ ៤៥៥នាក់ ដែលទទួលការវះកាត់រួច។ គេធ្វើតេស្តឈាមស្វែងរកកោសិកា DNA មហារីក។ ប្រសិនបើលទ្ធផលតេស្ត មិនបង្ហាញសញ្ញាមហារីកនោះទេ គេនឹងមិនផ្ដល់ការព្យាបាលដោយថ្នាំគីមីនោះទេ។ នោះបង្ហាញថា ទោះអ្នកជំងឺព្យាបាលដោយថ្នាំគីមីទៀត ឬអត់ ប្រសិនបើតេស្តមិនឃើញសញ្ញាមហារីក អ្នកជំងឺប្រឈមនឹងការលាប់មហារីកឡើងវិញ ក្នុងភាគរយទាបប៉ុណ្ណោះ។ លទ្ធផលនេះ ក៏មានន័យថា ថ្នាំគីមីហាក់ដូចជាមិនផ្ដល់ប្រយោជន៍ខ្លាំងក្លា សម្រាប់អ្នកជំងឺនោះទេ។ ប្រសិនបើអ្នកជំងឺគ្មានកោសិកាមហារីក ក្នុងរាងកាយក្រោយវះកាត់ វាមានន័យថាអ្នកជំងឺមិនងាយ លាប់ជំងឺមហារីកពោះវៀនធំឡើងវិញនោះទេ ទោះបីមិនប្រើថ្នាំគីមី។

 

 ២. ការសិក្សាលើជំងឺមហារីកសុដន់

អ្នកស្រាវជ្រាវបានសិក្សាលើស្ត្រីចំនួន ៥០០នាក់ ដែលមានជំងឺមហារីកសុដន់ ដំណាក់កាលដំបូង និងមានកម្រិតប្រូតេអ៊ីន Ki67 ទាប។ ប្រូតេអ៊ីន Ki67 ជាពិន្ទុដែលអ្នកវិទ្យាសាស្ត្រប្រើ សម្រាប់តាមដានមហារីកដែលលូតលាស់លឿន។

 

ក្រោយកាវះកាត់ ស្ត្រីទាំងនោះ បានទទួលទានថ្នាំគ្រាប់ប្រឆាំងអរម៉ូន ព្យាបាលមហារីកសុដន់។ ប៉ុន្តែពួកគេមិនបានទទួលការព្យាបាល ដោយវិទ្យុសកម្មនោះទេ។

 

៥ឆ្នាំក្រោយមក ស្ត្រី ១០នាក់ ក្នុងចំណោមស្ត្រីទាំង ៥០០នាក់ កើតមានមហារីកសុដន់ម្ដងទៀត ហើយអ្នកជំងឺម្នាក់បានស្លាប់។ ទោះជាយ៉ាងណា លទ្ធផលនេះមានលក្ខណៈស្រដៀងនឹង លទ្ធផលរបស់ស្ត្រីដែលទទួលការព្យាបាលវិទ្យុសកម្ម។ នោះមានន័យថា ការព្យាបាលតាមវិធីវិទ្យុស​កម្ម ផ្ដល់អត្ថប្រយោជន៍ដល់អ្នកជំងឺមហារីក ក្នុងកម្រិតទាប។ ទោះបីព្យាបាលដោយវិទ្យុសកម្ម ឬមិនព្យាបាល អ្នកជំងឺប្រឈមនឹងការលាប់មហារីកសុដន់ ដោយខ្លួនឯង។ ម្យ៉ាងទៀត វិធីនេះអាច​​បង្កឱ្យអ្នកជំងឺ មានបញ្ហាស្បែក ខ្សោយកម្លាំង ឬក្នុងរយៈពេលវែង អាចកើតមានជំងឺបេះដូង និងជំងឺមហារីកផ្សេងទៀត។

 

សរុបមក ការសិក្សានេះ បានបង្ហាញថា វិធីព្យាបាលទាំង២ គឺជាវិធីព្យាបាលជំងឺមហារីក ក្រោយការវះកាត់ ដើម្បីធានាសុវត្ថិភាពអ្នកជំងឺ និងជួយឱ្យអ្នកជំងឺជាសះស្បើយ។ ប៉ុន្តែវាហាក់ ដូចជា គ្មានប្រសិទ្ធភាពធំធេងនោះទេ។ ដូចនេះ បើផ្អែកតាមការសិក្សានិមួយៗ អ្នកជំងឺមហារីកពោះវៀនធំ អាចនឹងរំលងការព្យាបាលដោយថ្នាំគីមី ហើយអ្នកជំងឺមហារីកសុដន់ អាចមិនត្រូវការវិធីព្យាបាលដោយវិទ្យុសកម្ម៕

 

ប្រភព៖ VOA Learning English II https://learningenglish.voanews.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង