ក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោក (WHO) បាន និងកំពុងពិចារណា អំពីការប្រកាសជំងឺរាតត្បាត Monkeypox ជាជំងឺបញ្ហាសុខភាពអាសន្នសកល។
ការប្រកាសនេះ មានន័យថា WHO កំណត់ជំងឺអុតស្វាជាជំងឺ ដែលមានហានិភ័យខ្ពស់ អាចរាតត្បាតទៅប្រទេសជាច្រើនទៀត។ ប្រទេសអភិវឌ្ឍន៍ជាច្រើន ជាទិសដៅលេខមួយនៃជំងឺអុតស្វា ព្រោះករណីអុតស្វា កើតមានច្រើនបំផុត នៅប្រទេសទាំងនោះ។
អ្នកវិទ្យាសាស្ត្រជាច្រើន មានសង្ស័យ និងមិនសូវទុកចិត្តនោះទេថា ការប្រកាសណាមួយ អាចធ្វើឱ្យមេរោគនេះ អន់ថយការរាតត្បាត។ អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញ បម្រែបម្រួលហ្សែនរបស់មេរោគនេះ ដែលគួរឱ្យចាប់អារម្មណ៍នោះទេ។ ប៉ុន្តែទីប្រឹក្សារបស់ WHO បានលើកឡើង កាលពីខែមុនថា កំណើនករណីអុតស្វានៅតំបន់អឺរ៉ុប មានទំនាក់ទំនងនឹងសកម្មភាពផ្លូវភេទរបស់ក្រុមបុរសភេទទីបី នៅឯពិធីបុណ្យតន្ត្រីចំនួន២ នៅប្រទេសអេស្ប៉ាញ និងបែលហ្សិក។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ករណីជំងឺអុតស្វា បានកើនឡើងដល់ជាង ៣៣០០ករណី ក្នុង ៤២ប្រទេស។ ជាង ៨០% នៃករណីទាំងអស់ កើតមាននៅអឺរ៉ុប ខណៈពេលដែលទ្វីបអាហ្វ្រិករកឃើញជាង ១៤០០ករណី ក្នុងឆ្នាំនេះ និងស្លាប់ ៦២ករណី៕
ប្រភព៖ VOA Learning English II https://learningenglish.voanews.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង