ក្នុងនាទីគន្លឹះសុខភាពរបស់ពេទ្យយើង វេជ្ជបណ្ឌិតឯកទេស ឱ លក្ខិណា ប្រធានផ្នែកវះកាត់ត្របកភ្នែក និងជំងឺភ្នែកកុមារ នៅមន្ទីរពេទ្យភ្នែកជប៉ុន បានលើកឡើងពីប្រធានបទ «ការបញ្ចេញភាពតានតឹងក្នុងភ្នែក»។ វេជ្ជបណ្ឌិតឯកទេស ឱ លក្ខិណា បានលើកឡើងពីវិធីការពារ ៣ចំណុច ដើម្បីកុំឱ្យភ្នែកមានបញ្ហា។
វិធី ៣ចំណុច ដើម្បីការពារភ្នែក រួមមាន៖
១-សម្រាកឱ្យបានគ្រប់គ្រាន់
២-ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
៣-កាត់បន្ថយការប្រើប្រាស់ ឬមើលស្កេនគ្រប់ប្រភេទ ( ទូរស័ព្ទ iPad កុំព្យួទ័រ និងទូរទស្សន៍ )
ចំពោះការព្យាបាលបញ្ហាតានតឹងក្នុងភ្នែក ត្រូវបានវេជ្ជបណ្ឌិតឯកទេស ឱ លក្ខិណា លើកឡើងថា បើសិនជា អ្នកជំងឺ មានបញ្ហាភ្នែក ដែលបង្កដោយជំងឺ ក្នុងភ្នែកផ្ទាល់ យើងនឹងដោះស្រាយទៅតាមមូលហេតុនោះ ដោយអាចផ្តល់ជាថ្នាំបណ្តក់ ព្យាបាលភ្នែក ដោយអាចផ្តល់ជាវិតាមីនបន្ថែម ឬក៏កាត់ជាកញ្ចក់វ៉ែនតា ដើម្បីឱ្យគាត់ទទួលបានគំហើញមួយដ៏សមស្រប និងដើម្បីកុំឱ្យភ្នែកប្រឹង លើសពីលទ្ធភាពរបស់ភ្នែកយើង។
មួយទៀត វេជ្ជបណ្ឌិតឯកទេស ឱ លក្ខិណា ក៏បានលើកឡើងថា បើសិនជាបញ្ហាភ្នែកនោះ បង្កឡើងដោយបរិយាកាសរស់នៅ ដោយកន្លងមក គាត់ចូលចិត្តប្រើប្រាស់ Contact Lens គឺយើងអាចណែនាំឱ្យគាត់បន្ថយការប្រើប្រាស់ Contact Lens មកជាការប្រើប្រាស់វ៉ែនតាវិញ ដើម្បីឱ្យភ្នែកគាត់ បានសម្រាក។ ក្នុងនោះ យើងក៏ណែនាំឱ្យគាត់ប្រើប្រាស់វ៉ែនតាខ្មៅ ដើម្បីជួយទប់ពន្លឺព្រះអាទិត្យ ដើម្បីការពារភ្នែក។ ឱ្យគាត់សម្រាកឱ្យបានគ្រប់គ្រាន់។ មិនត្រូវធ្វើការពេលយប់ច្រើនពេក ហើយអាចប្រើចំហាយទឹក ដើម្បីជួយផ្តល់សំណើមដល់កញ្ចក់ភ្នែក ឬក៏ស្អំកំដៅលើត្របកភ្នែក ដើម្បីជួយឱ្យក្រពេញទឹកភ្នែកយើង ធ្វើការបានល្អ។ មួយវិញទៀត គឺហូបទឹកឱ្យបានគ្រប់គ្រាន់។
វេជ្ជបណ្ឌិតឯកទេស ឱ លក្ខិណា បានបន្តថា បើភ្នែកមានបញ្ហា ស្រវាំង មើលមិនច្បាស់ រួយៗ ឬមានអារម្មណ៍ថា តានតឹងភ្នែក ជាដើម ត្រូវទៅឱ្យគ្រូពេទ្យឯកទេសភ្នែក ពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវ។
វេជ្ជបណ្ឌិតឯកទេស ឱ លក្ខិណា បានបញ្ជាក់ថា «ភាពតានតឹងភ្នែក ការចុករួយក្នុងភ្នែក ក្រហាយ ស្រវាំងភ្នែក ពេលខ្លះ បណ្តាលមកពីជំងឺភ្នែក ដូចជា ភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក ឬបញ្ហារលាកភ្នែក ដែលអាចបង្កទៅជាភាពធ្ងន់ធ្ងរ ឬក៏បណ្តាលឱ្យបាត់បង់គំហើញផងដែរ។ ដូច្នេះបងប្អូនទាំងអស់ ដែលមានបញ្ហាភ្នែក សូមទៅជួបគ្រូពេទ្យជំនាញភ្នែក ឱ្យពេទ្យពិនិត្យ និងព្យាបាលភ្នែកនោះ ដើម្បីវាយតម្លៃ និងព្យាបាលទាន់ពេលវេលា។
សូមបញ្ជាក់ថា មន្ទីរពេទ្យភ្នែកជប៉ុន ជាមន្ទីរពេទ្យឯកជន នៅក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់នូវកម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន៕