តើអ្នកដឹងទេថា ជំងឺទឹកនោមផ្អែុម មានប្រវត្តិបែបណា?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-06-23

ពាក្យ Diabetes ត្រូវបានដាក់ឈ្មោះដំបូងដោយ Apollonius of Memphis អំឡុងពេល ៣០០ឆ្នាំ មុនគ.ស.។ ក្នុងអតីតកាល ជំងឺទឹកនោមផ្អែមប្រភេទ១ បង្កឱ្យមនុស្សបាត់បង់ជីវិតត្រឹមតែប៉ុន្មានខែ ឬប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ ក្រោយមកទៀត អ្នកវិទ្យាសាស្ត្រ បានណែនាំវិធីព្យាបាលដោយប្រើអាំងស៊ុយលីន ដើម្បីគ្រប់គ្រងទឹកនោមផ្អែម។ ការគ្រប់គ្រង និងព្យាបាលជំងឺទឹកនោមផ្អែម បាន​វិវត្ត និងលូតលាស់ជាបន្តបន្ទាប់មក ទោះបីគ្មានវិធីព្យាបាលឱ្យជា ១០០% ក៏ដោយ។ អត្ថបទនេះ នឹងបកស្រាយអំពីប្រវត្តិរបស់ជំងឺទឹកនោមផ្អែម ចាប់ពីការរកឃើញដំបូង និងវិធីព្យាបាល ទៅតាមដំណាក់កាលនិមួយៗ។

 

. ការរកឃើញជំងឺទឹកនោមផ្អែម៖

  • កាលពីជាង ៣០០០ឆ្នាំមុន មនុស្សជនជាតិអេស៊ីបសម័យបុរាណ បានលើកឡើងអំពីអាការៈមួយ ដែលគេសម្គាល់បានថា ជាជំងឺទឹកនោមផ្អែមប្រភេទ១។ គេឃើញមានរោគសញ្ញាមួយចំនួន ដូចជា នោមច្រើន ស្រេកទឹក និងស្រកទម្ងន់។ វិធីព្យាបាល ដែលត្រូវបានណែនាំឱ្យប្រើប្រាស់នៅពេលនោះគឺ ទទួលទាន​គ្រាប់ធញ្ញជាតិទាំងមូល ដើម្បីកាត់បន្ថយរោគសញ្ញា។
  • មនុស្សក្នុងសម័យឥណ្ឌាបុរាណ រកឃើញថា គេអាចប្រើសត្វស្រមោច មកតេស្តទឹកនោម ដើម្បី​ស្វែងរកជំងឺទឹកនោមផ្អែម
  • ជំងឺទឹកនោមផ្អែម ក៏មានវត្តមាន ក្នុងសម័យក្រិចបុរាណដែរ។ ប៉ុន្តែវេជ្ជបណ្ឌិតសម័យនោះ លោក Dalen បានលើកឡើងថា វាជាជំងឺកម្រ ដោយហេតុថា លោកឃើញមានមនុស្ស ២នាក់ប៉ុណ្ណោះ ដែលមានជំងឺទឹកនោមផ្អែម។
  • ក្នុងស.វ. ទី៥ ឥណ្ឌា និងចិន បានសិក្សាឃើញថា ជំងឺទឹកនោមផ្អែម មានប្រភេទខុសគ្នា គឺប្រភេទ១ និងប្រភេទ២។ គេក៏បង្ហាញថា ជំងឺទឹកនោមផ្អែមប្រភេទ២ កើតមានទូទៅលើមនុស្ស ដែលមានទម្ងន់ធ្ងន់ និងមានមាសប្រាក់។ នេះគេចង់ពន្យល់ថា មនុស្ស ដែលញ៉ាំច្រើន និងធ្វើពលកម្មតិច ប្រឈមខ្លាំងនឹងទឹកនោមផ្អែមប្រភេទ២។
  • ក្នុងយុគសម័យកណ្ដាល គេជឿថា ជំងឺទឹកនោមផ្អែម ជាជំងឺក្រលៀន ប៉ុន្តែវេជ្ជបណ្ឌិតអង់គ្លេសម្នាក់ រកឃើញនៅចុងស.វ. ទី១៨ ថា ទឹកនោមផ្អែម កើតមាននៅលើមនុស្ស ដែលធ្លាប់មានរបួសលំពែង។
  • ក្នុងឆ្នាំ១៧៧៦ គ្រូពេទ្យឈ្មោះ Matthew Dobson បានបញ្ជាក់ថា ទឹកនោមរបស់អ្នកជំងឺទឹកនោមផ្អែម អាចមានរសជាតិផ្អែម ក្រោយលោកបានសិក្សាឃើញថា កម្រិតគ្លុយកូស ក្នុងទឹកនោមអ្នកជំងឺ មានកម្រិតខ្ពស់។
  • ក្នុងដើម.វ. ទី១៩ គេដឹងថា ជំងឺទឹកនោមផ្អែម អាចគ្រោះថ្នាក់ដល់អាយុជីវិត និងរ៉ាំរ៉ៃ ហើយមនុស្សជាច្រើនប្រឈមនឹងជំងឺនេះ។ ប៉ុន្តែក្នុងពេលនោះ គេនៅតែមិនទាន់មានវិធីព្យាបាល ដែលមានប្រសិទ្ធភាពនោះទេ។

 

. វិធីព្យាបាលដំបូង៖

  • គ្រូពេទ្យសម័យក្រិចបុរាណ បានណែនាំវិធីព្យាបាល ដោយ «ហាត់ប្រាណ» ប្រសិនបើអាចការជិះសេះជាវិធីល្អ ក្នុងការកាត់បន្ថយបញ្ហានោមច្រើន។
  • វិធីផ្សេងទៀត មានដូចជា៖ (១) របបអាហារ ដែលមានទឹកដោះគោ និងកាបូអ៊ីដ្រាត (២) ម្សៅ Fenugreek សារជាតិ Lupin និងស្លឹក Wormseed (៣) គ្រឿងញៀន ឬអាភៀន (៤) អាហារដែលងាយកិន (៥) ថ្នាំជក់ (៦) បន្លែបៃតង (៧) របបអាហារ ដែលគ្មានកាបូអ៊ីដ្រាត និង (៨) ការតមអាហារ។
  • អ្នកជំនាញមួយចំនួន បានណែនាំសារធាតុគីមី និងថ្នាំច្រើនប្រភេទ ដើម្បីព្យាបាលទឹកនោមផ្អែម។ ក្នុងនោះ មាន (១) អាម៉ូញ៉ូមស៊ុលហ្វីត (២) ថ្នាំព្យាបាលជំងឺបេះដូង Digitalis (៣) Magnesia (៤) ដី ស (៥) អំបិលលីចូម និង (៦) អំបិលប៉ូតាស្យូម។
  • វេជ្ជបណ្ឌិត ក៏បានណែនាំវិធីព្យាបាល ដោយរបៀបរបបរស់នៅ ដូចជា (១) លំហាត់ប្រាណ (២) ស្លៀកសម្លៀកបំពាក់កក់ក្ដៅ (៣) ងូតទឹកត្រជាក់ (៤) ជៀសវាងស្ត្រេស និង (៥) ម៉ាស្សា។
  • ក្នុងឆ្នាំ១៨៨៩ លោក Joseph von Mering and Oskar Minkowski រកឃើញថា សត្វសុនខដែលត្រូវបានគេយកលំពែងចេញ កើតមានជំងឺទឹកនោមផ្អែម និងស្លាប់ ក្នុងរយៈពេលខ្លី។ នេះជួយឱ្យអ្នកវិទ្យាសាស្ត្រស្វែងយល់ថា លំពែងមាននាទីសំខាន់ក្នុងដំណើរការកម្រិតជាតិស្ករ ក្នុងឈាម។
  • ក្នុងឆ្នាំ១៩០១ លោក Edward Albert Sharpey-Schafer បានរកឃើញទំនាក់ទំនងទឹកនោមផ្អែម និងកង្វះអាំងស៊ុយលីន (លោកជាអ្នកហៅ អាំងស៊ុយលីន ដំបូង)។
  • ក្នុងឆ្នាំ១៩២១ Frederick Banting និង Charles Best រកឃើញអរម៉ូនអាំងស៊ុយលីន។
  • ក្នុងឆ្នាំ១៩២២ ក្មេងប្រុស អាយុ ១៤ឆ្នាំ Leonard Thompson ទទួលការចាក់អាំងស៊ុយលីន ព្យាបាលទឹកនោមផ្អែមដំបូងគេ ហើយអាចរស់បាន ១៣ឆ្នាំថែមទៀត (ស្លាប់ដោយសារជំងឺរលាកសួត)។
  • ក្នុងឆ្នាំ១៩៣៦ Harold Percival Himsworth បានរកឃើញថា មនុស្សជាច្រើន មានបញ្ហាប្រឆាំងអាំងស៊ុយលីន ជាជាងខ្វះអាំងស៊ុយលីន និងបង្កជំងឺទឹកនោមផ្អែមប្រភេទ២។ នោះគឺកោសិកា ក្នុងរាងកាយ មិនអាចស្រូបយកនូវគ្លុយកូសបាន ហើយធ្វើឱ្យលំពែងខូចផងដែរ។

 

. វិធីព្យាបាលសម័យទំនើប៖

  • មនុស្ស ដែលមានទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២ ត្រូវចាក់អាំងស៊ុយលីន ជារៀងរាល់ថ្ងៃ។ ប៉ុន្តែអាំងស៊ុយលីននេះ ធ្វើឡើងពីលំពែងសត្វ។
  • ក្នុងឆ្នាំ១៩៧៨ អ្នកវិទ្យាសាស្ត្រ បានបង្កើតអាំងស៊ុយលីន ដែលគេច្នៃដូចអាំងស៊ុយលីនមនុស្ស។ គេបានដាក់ឈ្មោះវាថា Humulin
  • ក្នុងឆ្នាំ១៩៨០ជាង គេបានបង្កើតឧបករណ៍តាមដាន គ្លុយកូស ក្នុងឈាម ដំបូង។
  • ក្នុងឆ្នាំ១៩៩០ជាង គេបានបង្កើតឧបករណ៍ បាញ់អាំងស៊ុយលីន ចូលរាងកាយ (external insulin pumps) ដែលមានប្រសិទ្ធភាពជាងការចាក់ធម្មតា។
  • ក្រោយមក គេបានណែនាំវិធីផ្សេងៗទៀត ដូចជា ការផ្ដាច់បារី បន្ធូរបន្ថយស្ត្រេស និងគេងបានគ្រប់គ្រាន់។
  • ចូលដល់ស.វ. ទី២០ គេបានប្រើវិធីព្យាបាលដោយថ្នាំលេប ក្រៅពីការចាក់អាំស៊ុយលីន។ ថ្នាំទាំងនោះ រួមមាន (១) Metformin (២) Sulfonylureas (៣) Pramlintide (៤) Sodium-glucose cotransporter 2 (SGLT2) inhibitors និង (៥) Glucagon-like peptide 1 (GLP-1) receptor inhibitors។
  • អ្នកវិទ្យាសាស្ត្រ ក៏បានសិក្សាពីវិធីព្យាបាលទឹកនោមផ្អែម សម្រាប់ពេលអនាគតផងដែរ ដូចជា វិធីព្យាបាលដោយប្រព័ន្ធភាពស៊ាំ និងលំពែងសិប្បនិម្មិត៕

 

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង