អ្នកម្តាយ ត្រូវលះបង់ទម្លាប់ ឱ្យកូនតូចៗ លេងហ្គេម ឬមើលកត្តុតាតាមទូរស័ព្ទ អាយផេត និងទូរទស្សន៍

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-06-23

បញ្ហាភ្នែកម៉្ញូប អាចកើតឡើងលើកុមារគ្រប់វ័យ ហើយបង្កឡើងដោយកត្តាជាច្រើន មានកត្តាពីកំណើត កត្តាតំណពូជ និងជាពិសេស​ការមើលជិតរយៈពេលយូរ ដូចជា ការអានសៀវភៅ ការមើលអេក្រង់​កុំព្យួទ័រ មើលទូរទស្សន៍ ឬមើល​ទូរស័ព្ទច្រើន ជាដើម។​ ក្នុងនោះ ទម្លាប់​ឱ្យកុមារ លេងហ្គេមតាមទូរស័ព្ទ ឬមើលកត្តុតា​តាមទូរស័ព្ទ មើលអាយផេត និងមើលទូរទស្សន៍ ដើម្បីឱ្យកូននៅស្ងៀម ជាទម្លាប់​មិនល្អ ដែលអាចឱ្យ​កុមារ ឈានទៅម៉្ញូបភ្នែក​។

វេជ្ជបណ្ឌិតឯកទេស សូរ សុបញ្ញាវតី អនុប្រធានផ្នែកវះកាត់ត្របកភ្នែក និងជំងឺភ្នែកកុមារ ធ្វើការនៅមន្ទីរពេទ្យភ្នែកជប៉ុន បានប្រាប់កម្មវិធីពេទ្យយើង​ ពីវិធីការពារ​ភ្នែកម៉្ញូប​សម្រាប់​កុមារ តាមរយៈ​កាត់បន្ថយការមើល​ជិត​យូរ និងច្រើនពេក ដូចជា លេងហ្គេម​ ឬក៏​មើលកត្តុតា តាមទូរសព្ទ ឬកុំព្យួទ័រ ឬក៏មើលទូរទស្សន៍ ឬតាមម៉ាស៊ីនឌីជីថល​ ជាដើម។

វេជ្ជបណ្ឌិតឯកទេស សូរ សុបញ្ញាវតី ក៏បានណែនាំដល់​អ្នកម្តាយ ឱ្យលះបង់​ទម្លាប់ ដែល​ឱ្យកូន​តូចៗ លេងហ្គេម ឬក៏មើលកត្តុតាតាមទូរស័ព្ទ ឬមើលទូរទស្សន៍ ដើម្បី​ឱ្យអ្នកម្តាយ មានពេលទៅធ្វើការងារ​ផ្សេងៗ គឺត្រូវតែ​ឈប់ធ្វើដូច្នេះ ព្រោះអាចនឹង​ឱ្យកូនវិវត្តទៅរក​ភ្នែក​ម៉្ញូប​​។

ចំពោះកុមារ ដែលត្រូវរៀនច្រើនតាមទូរស័ព្ទ កុំព្យួទ័រ ទូរទស្សន៍ ឬក៏អានសៀវភៅច្រើន ក៏ត្រូវបានវេជ្ជបណ្ឌិត​ឯកទេស សូរ សុបញ្ញាវតី ​ណែនាំថា កុមារនោះ ត្រូវសម្រាកឱ្យបានច្រើន ក្នុងរយៈពេល ១ម៉ោង ទៅ ២ម៉ោង សម្រាកម្តង ៥នាទី ទៅ ១០នាទី ដោយការបិទភ្នែក ឬការសំឡឹងមើលវត្ថុឆ្ងាយ លើសពី ៦ម៉ែត្រឡើងទៅ ឬក៏កុមារនោះ អាចដើរ​យកខ្យល់​អាកាស នៅខាងក្រៅផ្ទះមួយសន្ទុះ ហើយបន្ទាប់មក កុមារ​អាចវិលមករកការសិក្សាវិញបាន​។

មួយវិញទៀត វេជ្ជបណ្ឌិតឯកទេស សូរ សុបញ្ញាវតី ក៏បានណែនាំថា ការផ្លាស់ប្តូរឥរិយាបថ​ក្នុងការ​អង្គុយ និងការអានសៀវភៅ ឬមើលអេក្រង់​ទូរស័ព្ទ កុំព្យួទ័រ ឬទូរទស្សន៍ ក៏មានសារសំខាន់​សម្រាប់​ភ្នែកកុមារដែរ។ នោះគឺ​ការអង្គុយមិនត្រង់ខ្លួន ហើយ​ចូលចិត្ត​មើលជិតៗពេក ក៏អាចប៉ះពាល់ដល់ភ្នែករបស់កុមារ ធ្វើឱ្យ​ឆាប់ម៉្ញូបផងដែរ​។

ចំពោះវិធីព្យាបាលភ្នែកម៉្ញូប​របស់​កុមារ ត្រូវបានវេជ្ជបណ្ឌិតឯកទេស សូរ សុបញ្ញាវតី លើកឡើងថា បច្ចុប្បន្ន​ ពុំទាន់មានវិទ្យាសាស្ត្រ​ណា អាច​ព្យាបាល​ភ្នែកម៉្ញូបរបស់​កុមារ បានជាសះស្បើយ ១០០%នោះទេ។ ប៉ុន្តែយើង​មានដំណោះស្រាយ និងវិធីជាច្រើន ដែល​អាចពន្យារនៃការវិវត្តភ្នែក​ម៉្ញូប​របស់​កុមារ​ ដូចជា ការប្រើប្រាស់​វ៉ែនតា ដើម្បីសម្រួលដល់​ការប្រឹង​មើល។ គេក៏អាចប្រើ​ Soft Contact Lens ដែល​មានដឺក្រេស្រាល។ ក្នុងនោះ ក៏គេអាចប្រើប្រាស់​ថ្នាំបន្ទក់ភ្នែក ប្រើ Contact Lens ORTHO-K ហើយក៏អាចប្រើ​ការវះកាត់ភ្នែក ដោយប្រើកាំរស្មី ​ឡាស៊ែ។ តែការព្យាបាលដោយវះកាត់​នេះ គេត្រូវរង់ចាំរហូតដល់​កុមារពេញវ័យ ទើបអាចធ្វើបាន។     

វេជ្ជបណ្ឌិតឯកទេស សូរ សុបញ្ញាវតី បានណែនាំដល់ឪពុកម្តាយ និងអាណាព្យាបាលថា​ បើសិន​ជាកូនៗ មានបញ្ហាភ្នែក​ម៉្ញូប គួរតែនាំទៅពិនិត្យ និងព្យាបាល​នៅកន្លែង​ឯកទេស ឱ្យបានត្រឹមត្រូវ ហើយការប្រើប្រាស់​វ៉ែន​តា សម្រាប់ភ្នែក​ម៉្ញូប ជាជម្រើសដ៏ល្អមួយ ដើម្បីឱ្យកុមារ អាចមើលឃើញច្បាស់ល្អឡើងវិញ។ ការប្រើប្រាស់វ៉ែនតាម៉្ញូប មិនមែន​ធ្វើ​ឱ្យកុមារ​ឡើង​ដឺក្រេភ្នែក​ម៉្ញូប​នោះទេ​។

​សូមបញ្ជាក់ថា មន្ទីរពេទ្យភ្នែកជប៉ុន ជាមន្ទីរពេទ្យឯកជន នៅក្នុងរាជធានីភ្នំពេញ បាន​ប្រើប្រាស់​នូវ​កម្មវិធី​ពេទ្យ​យើង​។ កម្មវិធី​ពេទ្យ​យើង បង្កើត​ដោយ​ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន​ថេ​ក អេ​ស៊ា ជា​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ចូលរួមចំណែក​កសាង​ប្រព័ន្ធ​សុខាភិបាល​ទំនើប បែប​ឌីជីថល នៅ​កម្ពុជា  និង​សម្រាប់​សហគមន៍​អាស៊ាន តាមរយៈ​ការផ្តល់​សុវត្ថិភាព​ដល់កំណត់​ត្រា​ព្យាបាល ទិន្នន័យ​សុខភាព​អ្នកជំងឺ និង​ជួយ​ឲ្យ​គ្លីនិក និង​មន្ទីរពេទ្យ​ដៃគូ​ដំណើរការ​រលូន និង​ពុំមាន​ការរំខាន​៕