ជំងឺមហារីក្រពេញប្រូស្តាត គឺជាជំងឺកើតឡើងលើមនុស្សប្រុសជាច្រើន ហើយមានហានិភ័យមរណភាពខ្ពស់ សម្រាប់អ្នកជំងឺដែលត្រូវប្រឈម។ ការស្រាវជ្រាវ បានរកឃើញថា កត្តាប្រឈមរបស់ជំងឺមហារីកក្រពេញប្រូស្តាត មានដូចជា អាយុ (ចាប់ពី ៦៥ឆ្នាំឡើងទៅ) និងការលើសទម្ងន់។ល។ សកលវិទ្យាល័យ Loma Linda ទើបរកឃើញថា អាហារមួយប្រភេទនេះ អាចទាក់ទងនឹងជំងឺមហារីកក្រពេញប្រូស្តាត នោះគឺ ទឹកដោះគោ។
ទឹកដោះគោ គឺជាអាហារទ្រទ្រង់ជីវិតដ៏សំខាន់ សម្រាប់រាងកាយមនុស្ស។ រាងកាយមនុស្ស ត្រូវការវីតាមីន ជាតិរ៉ែច្រើនប្រភេទ និងប្រូតេអ៊ីន ដែលសម្បូរបែប នៅក្នុងទឹកដោះគោ។ ក៏ប៉ុន្តែបើទទួលទានច្រើន ក៏មិនល្អដែរ ព្រោះការសិក្សាថ្មីមួយ បានរកឃើញថា ទឹកដោះគោ អាចមានទំនាក់ទំនង នឹងហានិភ័យខ្ពស់ក្នុងការវិវត្តជំងឺមហារីកក្រពេញប្រូស្តាត។
ការស្រាវជ្រាវនេះបានបញ្ជាក់ថា បុរសដែលទទួលទានទឹកដោះគោ បរិមាណ ៤៣០ក្រាម (១.៧៥កែវ) ក្នុង ១ថ្ងៃ ប្រឈមនឹងហានិភ័យមហារីកក្រពេញប្រូស្តាត ២៥% ខ្ពស់ជាងបុរស ដែលទទួលទានក្នុងបរិមាណតិច។ គួរបញ្ជាក់ថា កាល់ស្យូម ត្រូវបានគេរកឃើញថា មានទំនាក់ទំនងនឹងជំងឺមហារីកមួយប្រភេទនេះ កន្លងមក។
ទោះជាយ៉ាងណា ការសិក្សានេះ មិនបានបញ្ជាក់ថា ទឹកដោះគោ គឺជាមូលហេតុបង្កជំងឺមហារីកក្រពេញប្រូស្តាតនោះទេ។ អ្វីដែលត្រូវបានលើកឡើង គឺការទទួលទានទឹកដោះគោ មានទំនាក់ទំនងនឹងការកើនឡើងនូវហានិភ័យ ជំងឺមហារីកក្រពេញប្រូស្តាត។ ដូចនេះ ទំនាក់ទំនងនេះ គួរមានការសិក្សាបន្តនៅពេលខាងមុខ។ កាន់តែពិសេសនោះ គឺបុរសដែលគ្រួសារមានប្រវត្តិ ជំងឺមហារីកក្រពេញប្រូស្តាត គួរពិចារណាអំពីបរិមាណទឹកដោះគោ ដែលខ្លួនទទួលទានប្រចាំថ្ងៃ៕
ប្រភព៖ Eat This Not That II https://www.eatthis.com/ & Fox6 Milwaukee II https://www.fox6now.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង