ក្នុងកម្មវិធីសន្ទនាអំពីសុខភាពរបស់ពេទ្យយើង លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេសរោគកុមារ និងជាស្ថាបនិក នៃមន្ទីរសម្រាកព្យាបាលកុមារ និងសម្ភព ឈួ អ៊ីសេង បានលើកបង្ហាញពីជំងឺផ្តាសាយធំលើកុមារ។ ផ្តាសាយធំ ជាជំងឺឆ្លងធ្ងន់ធ្ងរមួយដែរ តាមផ្លូវដង្ហើម ដែលបង្កឡើងដោយមេរោគ Influenza។
លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង លើកឡើងថា ជំងឺផ្ដាសាយធំ ខុសពីជំងឺផ្តាសាយធម្មតា។ ជំងឺផ្តាសាយធម្មតា បង្កឡើងដោយប្រតិកម្ម ឬក៏ការប្រែប្រួលអាកាសធាតុ ឬក៏ប្រតិកម្មចំណីអាហារ គេហៅថា អាឡេកហ្ស៊ី។ ជំងឺផ្តាសាយធម្មតា អាចជាទៅវិញ ដោយមិនចាំបាច់ប្រើថ្នាំព្យាបាល។ ប៉ុន្តែជំងឺផ្តាសាយធំ ទាមទារឱ្យមានការពិនិត្យព្យាបាលពីគ្រូពេទ្យជំនាញ។
លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បន្ថែមថា អាការៈ ឬរោគសញ្ញាជំងឺផ្តាសាយធំ និងជំងឺផ្តាសាយធម្មតា មានអាការៈស្រដៀងគ្នាដែរ។ ប៉ុន្តែផ្តាសាយធម្មតា ពេលខ្លះ គ្រាន់តែក្អក និងហៀរសំបោរតិចតួច ហើយក្នុងករណីខ្លះ ក៏អាចមានក្តៅខ្លួនផងដែរ។ ចំណែកផ្តាសាយធំ មានអាការៈក្អក និងហៀរសំបោរដូចគ្នា ហើយពេលខ្លះ ក្តៅខ្លួនខ្លាំង រហូតដល់បញ្ឈរភ្នែកក៏មានដែរ។ ផ្តាសាយធំ ធ្វើឱ្យកុមារ ឈឺកខ្លាំង ហើយពេលខ្លះ ប្តូរសំឡេងង៉ុលៗ ជាដើម។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ជំងឺផ្តាសាយធំ ចម្លងពីបុគ្គលមួយ ទៅបុគ្គលមួយ តាមផ្លូវដង្ហើម ឬតាមតំណក់ទឹកមាត់ ដូចគ្នានឹងករណីចម្លងជំងឺកូវីដ១៩ ដែរ។
លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បន្តថា ជំងឺផ្តាសាយធំ បើសិនជាយើងព្យាបាលមិនបានត្រឹមត្រូវ ទុកឱ្យជំងឺវិវត្តទៅធ្ងន់ធ្ងរ អាចនាំឱ្យរលាកសួតធ្ងន់ធ្ងរ ដូចករណីជំងឺកូវីដផងដែរ។ ដូច្នេះជំងឺផ្តាសាយធំ អាចបង្កហានិភ័យ ដែលអាចប៉ះពាល់ដល់អាយុជីវិតផងដែរ។
លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បានណែនាំថា បើសិនជាកូនចៅរបស់លោកអ្នក ក្តៅខ្លួន ហៀរសំបោរ ដែលជារោគសញ្ញាជំងឺផ្តាសាយ គឺឪពុកម្តាយអាណាព្យាបាល អាចព្យាបាលកូនចៅនោះ នៅផ្ទះ ដោយជៀសវាងប្រើប្រាស់ថ្នាំផ្សះ តែអាចប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល និងតមទឹកកក ឬចំណីអាហារ និងទឹកត្រជាក់ៗ។ បើ១ថ្ងៃ ទៅ ២ថ្ងៃ ជំងឺផ្តាសាយនោះ មិនបានធូរស្រាលទេ ឬក៏វិវត្តកាន់តែធ្ងន់ធ្ងរ ត្រូវប្រញាប់យកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ប្រសើរជាងការទិញថ្នាំ មកព្យាបាលដោយខ្លួនឯង។
លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បន្ថែមថា គ្រូពេទ្យពូកែ មិនមែនព្យាបាលអ្នកជំងឺ ជាសះស្បើយតែឯងនោះទេ។ តែគ្រូពេទ្យពូកែ គឺត្រូវធ្វើយ៉ាងណា ឱ្យមាតាបិតា សហការជាមួយពេទ្យ ហើយយកចិត្តទុកដាក់ជាមួយអ្នកជំងឺ នោះជាការប្រសើរ ហើយក៏ជាកត្តាមួយ ដែលធ្វើឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។ យើងបានដឹងហើយថា ការព្យាបាលអ្នកជំងឺ បើសិនជាគ្រូពេទ្យនោះ ពូកែ តែអ្នកថែទាំអ្នកជំងឺមិនពូកែ នោះអ្នកជំងឺ នឹងមិនជាទេ។
លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បានរម្លឹកថា ជំងឺផ្តាសាយធំ កាលពីឆ្នាំ១៨០០ ជាង គឺបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ បណ្តាលឱ្យស្លាប់មនុស្សយ៉ាងច្រើន ដោយបានឆ្លងរាលដាលដូចជំងឺកូវីដ នាពេលបច្ចុប្បន្ន។ ក្នុងនោះ អ្នកវិទ្យាសាស្ត្រ ក៏បានព្យាយាមស្រាវជ្រាវរកថ្នាំវ៉ាក់សាំង ចាក់ការពារ។ មកដល់ពេលនេះ នៅកម្ពុជាយើង ក៏ដូចជានៅមន្ទីរសម្រាកព្យាបាលកុមារ និងសម្ភព ឈួ អ៊ីសេង ដែលស្ថិតនៅទួលស្វាយព្រៃ ជិតផ្សារអូឡាំពិក ក្នុងរាជធានីភ្នំពេញ ក៏មានថ្នាំវ៉ាក់សាំង ចាក់ការពារជំងឺផ្តាសាយធំ ក៏ដូចជា ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងទៀតផងដែរ។
សូមជម្រាបជូនថា មន្ទីរសម្រាកព្យាបាលកុមារ និងសម្ភព ឈួ អ៊ីសេង ជាមន្ទីរពេទ្យឯកជន នៅក្នុងរាជធានីភ្នំពេញ ដែលបានប្រើប្រាស់កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូ ដំណើរការដោយរលូន និងពុំមានការរំខាន៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង