បច្ចេកវិទ្យា សម្រាប់អ្នកអាលែកហ្ស៊ីចំណីអាហារ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-06-09

អាហារជាង ១៧០ប្រភេទ អាចបង្កបញ្ហាអាលែកហ្ស៊ី និងប្រតិកម្មដល់អ្នកទទួលទាន។ អាហារទាំងនោះ រួមមាន ទឹកដោះគោ ស៊ុត សណ្ដែកដី គ្រាប់ធញ្ញជាតិ ស្រូវសាលី សណ្ដែកសៀង ត្រី ឬអាហារប្រភេទសំបកខ្យង។ល។ កាន់តែពិបាកនោះ គឺ​គ្មានថ្នាំព្យាបាល សម្រាប់ការប្រតិកម្ម​នឹងអាហារ ដែលគេហៅថា អាលែកហ្ស៊ី នោះទេ។ ប៉ុន្តែការលូតលាស់បច្ចេកវិទ្យា បាននាំឲ្យមានការច្នៃប្រឌិតបច្ចេកវិទ្យាមួយចំនួន ដែលអាចឆ្លើយតបទៅនឹងបញ្ហានេះ។

បច្ចេកវិទ្យា ដែលអាចជួយសម្រួល ឬដោះស្រាយបញ្ហាអាលែកហ្ស៊ីចំណីអាហារ៖

១. Nima

Nima គឺជាបច្ចេកវិទ្យា ដែលត្រូវបានគេ​ដាក់លក់ក្នុងទីផ្សារ កាលពីឆ្នាំ​២០១៦។ វាជាឧបករណ៍តូចមួយ ដែលអាចប្រាប់អ្នកថាអាហាររបស់អ្នក មានផ្ទុកសារធាតុស្អិត (Gluten) ឬអត់ ត្រឹមតែរយៈពេល ២នាទីប៉ុណ្ណោះ។ នោះវាអាចជួយសម្រួលដល់​អ្នកដែលមានអាលែកហ្ស៊ីនឹង Gluten។

២. Ally

Ally គឺជាឧបករណ៍ ដែលមានរាងដូចជា ស្ករគ្រាប់ដើម Lollipop ហើយវាអាចសម្គាល់ថា សារធាតុស្ករ ដែលធ្វើអំពី​ទឹកដោះគោ (Lactose) នៅក្នុងអាហារ។ ក្នុងបច្ចេកវិទ្យានេះ គេត្រូវបំបែកអាហារមួយចំណែកតូច រួចបន្តក់ទឹកប៉ុន្មានដំណក់ ទៅលើបន្ទះស៊ីលីកូនតូចមួយ នៅនឹងឧបករណ៍ Ally។ បន្ទាប់មក គេយកបន្ទះតេស្តវែងតូច ដាក់ចូលក្នុងរន្ធរបស់ Ally។ រួចគេត្រូវភ្ជាប់ Bluetooth ទៅនឹងទូរស័ព្ទដៃ។ រយៈពេល ៦០វិនាទី អ្នកនឹងដឹងចម្លើយ នៅលើទូរស័ព្ទដៃ។

៣. Allergy Amulet

Allergy Amulet ជាឧបករណ៍ស្វែងរកសារធាតុសណ្ដែកដី ក្នុងចំណីអាហារ។ វាជាឧបរកណ៍ ដែលគេអាចដាក់តាមខ្លួនងាយស្រួល នៅលើខ្សែក បន្តោងខ្សែដៃ នាឡិកា ឬបន្តោងសោរ។ វាមានផ្នែកមួយទៀត ដែលជាបន្ទះវែង ដែលគេអាចដាក់ចូលក្នុងអាហាររឹង ឬរាវ។ នៅពេលអ្នកដាក់បន្ទះតេស្តវែងនោះ ចូលក្នុងឧបករណ៍ Amulet អ្នកនឹងទទួលបានសញ្ញាបៃតង ឬក្រហម អំពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន។

៤. TellSpec

TellSpec គឺជាផលិតផលរបស់ក្រុមហ៊ុនមួយ ក្នុងប្រទេសកាណាដា។ វាមានភាពវៃឆ្លាតក្នុងការទាយដឹងអំពី គ្រឿងផ្សំ និងសារធាតុបង្កអាលែកហ្ស៊ី ឬបញ្ហាពុល។ បច្ចេកវិទ្យានឹងស្កេនម៉ូលេគុលតូចៗ របស់អាហារ ដោយរួមបញ្ចូលបច្ចេកវិទ្យា NIR spectroscopy ជាមួយនឹង bio-informatics និងក្បួនដោះស្រាយទំនើបទាន់សម័យ។

៥. SCiO

ក្រុមហ៊ុនចាប់ផ្ដើមថ្មីរបស់​អ៊ីស្រាអែល បានផលិត sensor ពហុមុខ ដែលអាចសម្គាល់ម៉ូលេគុលអាហារ ថ្នាំ និងរុក្ខជាតិ។ បច្ចេកវិទ្យានេះ អាចវិភាគពីអាហារបានតាមរយៈក្បួន algorithm ហើយទិន្នន័យរបស់វាត្រូវបានស្តុកទុក នៅលើប្រព័ន្ធឌីជីថល (cloud-based) ដែលមានការ update ជាប្រចាំ។ គួរបញ្ជាក់ថា វាជាឧបករណ៍ស្កេនអាហារ ដែលមានភ្ជាប់សេវាទៅនឹងទូរស័ព្ទដៃ។

៦. AllerPal

AllerPal ជាបច្ចេកវិទ្យាដែលមាននៅលើ iOS និង Google Play តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ មុខងាររបស់វា គឺផ្សាភ្ជាប់ទំនាក់ទំនងរវាងវេជ្ជបណ្ឌិត គ្រួសារ និងអ្នកផ្ដល់សេវាថែទាំ សម្រាប់ប្រឹក្សាអំពីបញ្ហាអាលែកហ្ស៊ីអាហារ របស់ក្មេង។ តាមប្រព័ន្ធទំនាក់ទំនងនេះ អាណាព្យាបាលអាចប្រឹក្សាអំពី ប្រភេទអាហារ រោគសញ្ញា និងស្ថានភាពបន្ទាន់របស់កូន។

៧. Aibi

Aibi គឺជាឧបករណ៍ពាក់ជាប់ខ្លួន ដែលអាចឲ្យក្មេងផ្ដល់ព័ត៌មាន​អំពីរោគសញ្ញា និងស្ថានភាពប្រតិកម្ម ទៅដល់អ្នកផ្ដល់សេវាសុខាភិបាល។ វិធីនេះ គេអាចជួយសម្រួលកុមារ ក្នុងគ្រាអាសន្ននៃប្រតិកម្ម ឬការពារស្ថានភាពធ្ងន់ធ្ងរ។

៨. Rescufy

Rescufy ជាកម្មវិធីទូរស័ព្ទដៃ ដែលអាចឲ្យកុមារ ឬអ្នកដែលជួបបញ្ហាប្រតិកម្ម នឹងចំណីអាហារ ផ្ដល់ព័ត៌មានបន្ទាន់ទៅសេវាសង្គ្រោះ៕

 

ប្រភព៖ The Medical Futurist II https://medicalfuturist.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង