ស្វែងយល់ពីការការពារការចម្លងនៃជំងឺពងបែកដៃជើង និងក្នុងមាត់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-06-09

ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នេះ បានចេញ​សេចក្តីណែនាំ ស្តីពី ការការពារការចម្លងនៃជំងឺពងបែកដៃជើង និងក្នុងមាត់។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ គឺជាជំងឺឆ្លង ដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និងកុមារ ភាគច្រើន​លើកុមារ ដែលមានអាយុតិចជាង ១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម ៥ឆ្នាំ។ ជំងឺនេះ កើតមាននៅក្នុងប្រទេស​កម្ពុជាយើង តាំងពីឆ្នាំ២០១២ ហើយជាជំងឺ​ ដែលកើតមាននៅប្រទេស​ជាច្រើនលើពិភពលោក​ផងដែរ​។

 

សេច​ក្តី​ប្រកាស លើកឡើងថា ជំងឺ​ពង​បែក​នៅដៃជើង និងក្នុងមាត់ ខុសពីជំងឺជើង និងមាត់ ដែលកើតឡើង​​ចំពោះសត្វគោ។ ជំងឺ​ពងបែក​នៅដៃជើង និងក្នុងមាត់ មិនឆ្លងទៅ ឬចម្លង​មកពីសត្វចិញ្ចឹម សត្វពាហនៈ​​ដទៃ​​​ឡើយ​។

 

ជំងឺពងបែក​នៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស ( Enterovirus ) ដែលភាគច្រើនដោយវីរុសកុកសាគី (Coxsackievirus) ហើយជាទូទៅ​ បណ្តាលឱ្យមានមានជំងឺស្រាល។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់​ ក៏អាច​បង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួន អាចបង្កឱ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់។

 

រោគសញ្ញាដំបូង​នៃ​ជំងឺពង​បែកដៃជើង និងក្នុងមាត់​៖

ជំងឺនេះ ជាទូទៅ ចាប់ផ្តើម​ឡើងដោយមានក្តៅខ្លួន ការហូបចុកថយចុះ អស់កម្លាំង និងឈឺបំពង់ក។ ស្បែក​មានរមាស់​ចាប់ផ្តើមចេញក្នុងកំឡុងពេល ១ ទៅ ២ថ្ងៃ ដោយមានស្នាម​ចំណុច​ក្រហម​អុចៗ និងខ្លះ មានពងបែក​នៅលើបាតដៃ ដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉េះគូទ ឬអវៈយវៈភេទ​។

 

រោគសញ្ញាធ្ងន់ធ្ងរ​នៃជំងឺពង​បែកនៅដៃជើង និងក្នុងមាត់៖

ក្នុងចំណោម​កុមារមួយចំនួនតូច ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ អាចបង្ក​ឱ្យមាន​ជំងឺធ្ងន់ធ្ងរ។ រោគសញ្ញានៃជំងឺធ្ងន់ធ្ងរ រួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ទន់អវៈយវៈ និងប្រកាន់ ឬកន្ត្រាក់​ដៃជើង ) និងរោគសញ្ជា ពិបាក​ដកដង្ហើម (ហត់)។ ក្នុងករណីឃើញរោគសញ្ញាទាំងអស់នេះ នៅលើកូន​ សូម​ឪពុកម្តាយ ឬអាណាព្យាបាល​ស្វែងរកសេវាព្យាបាល​ជាបន្ទាន់នៅមន្ទីរពេទ្យ​ ដែលជិតបំផុត​។

 

ការព្យាបាល​កុមារ ដែលមានជំងឺ​ពង​បែកនៅដៃជើង និងក្នុងមាត់៖

មិនមានការព្យាបាល​ជាក់លាក់ណាមួយ សម្រាប់​ជំងឺពងបែក​នៅដៃជើង និងក្នុងមាត់។ អ្នកជំងឺ គួរពិសាទឹកឱ្យបានច្រើន និងពេលខ្លះ អាចត្រូវការព្យាបាល​ទៅតាមរោគសញ្ញា ដើម្បីបន្ថយ​គ្រុនក្តៅដោយថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់​ការឈឺចាប់ ដែលបណ្តាល​មកពីដំបៅ​ក្នុងមាត់​។ ទោះជាមិន​បានទទួលការព្យាបាល អ្នកជំងឺភាគច្រើន អាចជាសះស្បើយទៅវិញ​ក្នុងកំឡុងពេលពី ៧ ទៅ ១០ថ្ងៃ និងកម្រ​មានផលវិបាកណាស់។ លើកលែង​តែករណីជំងឺមួយចំនួនតូច ដែល​ធ្ងន់ធ្ងរ​ ត្រូវទាមទារ​ការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ ដែល​បានរៀបរាប់​នៅចំណុចខាងលើ។

 

ក្រសួងសុខាភិបាល ប្រកាសថា ជំងឺពងបែក​នៅដៃជើង និងក្នុងមាត់ បង្កឡើងដោយវីរុសផ្សេងៗគ្នា។ ការឈឺជំងឺនេះ ម្តងអាចបង្កឱ្យមានប្រព័ន្ធ​ការពារខ្លួន ទៅនឹងវីរុសតែមួយប្រភេទប៉ុណ្ណោះ ដូច្នេះយើង​អាចឈឺម្តងទៀត ប្រសិន​បើយើង​ឆ្លង​វីរុស​ប្រភេទថ្មីមួយផ្សេងទៀត។

 

សេចក្តីប្រកាស លើកឡើងថា រយៈពេលគិតចាប់តាំងពីថ្ងៃឆ្លងវីរុស រហូតដល់ថ្ងៃចេញរោគសញ្ញាដំបូង ជាទូទៅ ៣ ទៅ ៧ថ្ងៃ។ រោគសញ្ញាដំបូង មានគ្រុនក្តៅជាទូទៅ មានរយៈពេលពី ១ថ្ងៃ ទៅ ២ថ្ងៃ។ ការហូបចុកថយចុះ អស់កម្លាំង និងជាញឹកញយឈឺបំពង់ក។ មួយ ឬពីរថ្ងៃ បន្ទាប់ពីគ្រុនក្តៅ អ្នកជំងឺចាប់ផ្តើម​ឈឺ​ក្នុងមាត់ ដោយមានចំណុចពណ៌ក្រហមតូចៗ ដែលចេញជាពង និងវិវត្ត​ទៅជាដំបៅ មានលើអណ្តាត អញ្ចាញ និងផ្នែកខាង​ក្នុងនៃថ្ពាល់​។ ស្បែកកន្តួលមិនរមាស់ ស្នាមកន្តួល ឬពង​បែក​ជាទូទៅ​ មាននៅលើបាតដៃ និងបាតជើង ហើយក៏អាចមាន​នៅលើកំប៉េះ​គូទ និងអវៈយវៈភេទ។ ជួន​កាលអ្នកជំងឺ មានតែ​កន្តួល ឬដំបៅ​ក្នុងមាត់។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានរោគសញ្ញាប្រព័ន្ធប្រសាទ និងផ្លូវដង្ហើម​ជាមួយគ្នា និងវិវត្ត​ទៅរកការស្លាប់យ៉ាងឆាប់រហ័ស បើគ្មានការព្យាបាល​សមស្រប​ទាន់ពេលវេលា។​

 

វិធីការពារ​ជំងឺពងបែក​នៅដៃជើង និងក្នុងមាត់​៖

ជំងឺពងបែក​នៅដៃជើង និងមាត់ ជាជំងឺឆ្លង ដែលឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមការប៉ះពាល់ផ្ទាល់ជាមួយនឹងវត្ថុរាងនៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃ ដែលចេញពីពងបែក និងលាមកអ្នកជំងឺ។ អ្នកជំងឺ​អាចចម្លង​ខ្លាំង​បំផុតក្នុងសប្តាហ៍ទី១។ ជំងឺពងបែក ដៃជើង និងមាត់ មិនឆ្លងទៅ ឬឆ្លងមកពីសត្វ ឡើយ។​

 

ក្រសួង​សុខាភិបាល សូមរម្លឹក និងអំពាវនាវដោយទទូចដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍​ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នានូវវិធានការ៖ អនាម័យ​ល្អ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ពិសេសក្រោយពីប៉ះពាល់​ជាមួយនឹងវត្ថុរាវនៃ​ផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក​ ស្លេស និងសំបោរ ទឹករងៃ ដែលចេញពីពងបែក និងលាមកអ្នកជំងឺ។​ ត្រូវលាងសម្អាតដៃ ឱ្យបានស្អាត មុនពេលរៀបចំ​អាហរ មុនពេលបរិភោគ មុនបញ្ចុកចំណី​ដល់ទារក ឬកុមារ ក្រោយចេញពីបង្គន់ និងក្រោយប្តូរ​ទ្រនាប់ គូទទារក ឬជូតសម្អាតរាងកាយកុមារ។ លាងសំអាតផ្ទៃ និងរបស់ ដែល​ប្រលាក់​ ដោយទឹក និងសាប៊ូ។​ ជៀសវាង​ការប៉ះពាល់ស្និទ្ធស្នាល ( ថើប អោប ប្រើប្រាស់សម្ភារៈសម្រាប់ហូបចុករួមគ្នា។ល។ ) ត្រូវបន្តផ្តល់អាហារ ដែលមានសារជាតិចិញ្ចឹម​ច្រើន និងទឹកស្អាតដល់កុមារ។ ប្រើស្លាបព្រា និងចានដាច់ដោយឡែកសម្រាប់កុមារនិមួយៗ។ អ្នកមើលថែទាំកុមារតូចៗ ត្រូវមានអនាម័យ​ផ្ទាល់ខ្លួន​ល្អ​៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង