អ្នកប្រហែលជាដឹងហើយថា ជាតិស្ករ ដែលអ្នកទទួលទាន អាចបង្កបញ្ហាសុខភាពច្រើនបែបយ៉ាង រួមមាន ការឡើងសម្ពាធឈាមខ្ពស់ ឡើងទម្ងន់ ជំងឺទឹកនោមផ្អែម ជំងឺខ្លាញ់រុំថ្លើម។ ជំងឺទាំងនេះ ក៏មានពាក់ព័ន្ធទៅនឹងជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាម។ ប៉ុន្តែអ្នកឆ្ងល់ទេថា ប្រសិនបើអត់ញ៉ាំស្ករចំនួន ១៤ថ្ងៃ រាងកាយ និងសុខភាព នឹងទៅជាបែបណា?
ទាំងនេះ ជាឥទ្ធិពល នៃការមិនញ៉ាំជាតិស្កររយៈពេល ១៤ថ្ងៃ៖
១. បាត់បង់ចំណង់ ក្នុងការញ៉ាំស្ករ៖
ជាធម្មតា រាល់ពេលដែលអ្នកញ៉ាំជាតិស្ករ អរម៉ូន នឹងជំរុញកម្រិតជាតិស្ករក្នុងឈាម ឲ្យធ្លាក់ចុះ។ នេះបង្កើតបានជាស្ថានភាពមួយ ដែលអ្នកមានកម្រិតជាតិស្ករក្នុងឈាមទាប (hypoglycaemia)។ កម្រិតជាតិស្ករទាប បង្កឲ្យអ្នកកាន់តែស្រេកឃ្លានជាតិស្ករ។ ដូចនេះ ការកាត់បន្ថយជាតិស្ករ ស្មើនឹងកាត់បន្ថយតម្រូវការជាតិស្ករ ឬការឃ្លានស្ករតិចជាងមុន។
២. ឃ្លានអាហារតិចជាងមុន៖
ជាតិស្ករ ជាកត្តាបង្កឲ្យអ្នកឃ្លានអាហារ ដូចនេះ ប្រសិនបើបន្ថយជាតិស្ករ អ្នកនឹងឃ្លានអាហារតិចជាងមុន។ មូលហេតុ គឺនៅពេលអ្នកកាត់បន្ថយការញ៉ាំស្ករ កម្រិតជាតិស្ករក្នុងឈាម មានស្ថិរភាពល្អ ហើយកោសិការបស់អ្នក ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
៣. មិនសូវខ្សោយកម្លាំង៖
ជាទូទៅ បន្ទាប់ពីញ៉ាំអាហាររួច ជាតិស្ករនឹងធ្វើឲ្យអ្នកងងុយគេង ព្រោះខួរក្បាលមានភាពហត់នឿយ។ ប៉ុន្តែប្រសិនបើកាត់បន្ថយជាតិស្ករ អ្នកនឹងធ្វើឲ្យខួរក្បាល ធ្វើសកម្មភាពបានល្អ និងមានថាមពលរាងកាយ។
៤. បំបាត់ជាតិទឹក និងខ្លាញ់ ដែលលើស៖
ការមិនញ៉ាំជាតិស្ករ នឹងជួួយបំបាត់ជាតិទឹក និងខ្លាញ់ដែលលើស។ លទ្ធផលដែលអ្នកទទួលបានគឺ ក្បាលពោះ និងចង្កេះតូចជាងមុន។
៥. មានអារម្មណ៍ល្អជាងមុន៖
ខុសពីធម្មតា ពេលនេះ អ្នកនឹងមានអារម្មណ៍ស្ងប់ជាងមុន និងស្ត្រេសតិចជាងមុន។ មុខងារនៃការគិត និងការផ្ដោតអារម្មណ៍ក៏ដំណើរការបានប្រសើរ។
៦. ស្បែកស្អាតចែងចាំង៖
មុននៅលើស្បែកមុខ នឹងថយចុះ ខណៈពេលដែលមុខរបស់អ្នក នឹងមានភាពស្រស់ចែងចាំង។
៧. កាត់បន្ថយបញ្ហារលាក ការឈឺចាប់ និងជំងឺផ្សេងៗ៖
ការអនុវត្តមិនញ៉ាំជាតិស្ករ ជួយកាត់បន្ថយការរលាកសរសៃឈាម។ ក្នុងរយៈពេលយូរ វានឹងជួយបន្ថយហានិភ័យ ការកកឈាម ជំងឺដាច់សរសៃឈាម និងជំងឺគាំងបេះដូង។ល។ ទន្ទឹមនឹងនេះ កោសិកាខួរក្បាលក៏លូតលាស់ បានល្អផងដែរ៕
ប្រភព៖ Dr. Eric Berg DC II https://www.youtube.com/c/DrEricBergDC & NHS II https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង