ឈឺឆ្អឹងខ្នង និងឈឺចង្កេះ ជារោគសញ្ញា ដែលកើតមានញឹកញាប់ និងទូទៅ។ មានមូលហេតុចម្បង ដែលធ្វើឱ្យអ្នកជំងឺភាគច្រើន ធ្វើការងារមិនបាន ឬរំខានញឹកញាប់ដល់កិច្ចការប្រចាំថ្ងៃ។ ការឈឺខ្នង ឈឺចង្កេះ អាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើន នៅក្នុងអាយុចន្លោះពី ៤៥ឆ្នាំ ទៅ ៥០ឆ្នាំ។ ប្រសិនបើ មិនបានធ្វើការព្យាបាលឱ្យបានត្រឹមត្រូវនោះទេ បញ្ហាឈឺខ្នង និងឈឺចង្កេះ អាចវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ។
ខាងក្រោមនេះ ជាគន្លឹះ ៨យ៉ាង ដើម្បីបំបាត់ និងការពារការឈឺឆ្អឹងខ្នង ឈឺចង្កេះ៖
១. ហាត់ប្រាណ ដើម្បីបង្កើន និងពង្រឹងសាច់ដុំចង្កេះ
២. ហាត់អាអេរ៉ូប៊ិក ( ផ្នែកកាយសម្ព័ន្ធ )
៣. ការម៉ាស្សាថ្នមៗ ទៅលើចង្កេះ
៤. ហាត់សមាធិ
៥. គេងឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមទីតាំងណែនាំ
៦. ស្អំទឹកកក ឬទឹកក្តៅ នៅកន្លែងមានបញ្ហា
៧. អនុវត្តកាយវិការអង្គុយ ឬឈរឱ្យបានត្រឹមត្រូវ
៨. ទិញពូកគេង ដែលមានគុណភាព មិនស្រុត ហើយអាចការពារអ្នកពីការឈឺខ្នង ឈឺចង្កេះ
មានមូលហេតុជាច្រើន ដែលបណ្តាលឱ្យឈឺខ្នង និងឈឺចង្កេះ រួមមាន៖
.វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់
.ការសឹកសន្លាក់ឆ្អឹង ឬដោយសារការពុកឆ្អឹងចង្កេះ
.ការរលាកសន្លាក់ឆ្អឹង និងឆ្អឹងចង្កេះ
.ភាពចុះខ្សោយ និងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង
.ការបាក់បែកឆ្អឹងចង្កេះ ដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិល ជាដើម
.ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ
.ជំងឺមហារីក។ល។
អ្នកជំនាញ បានបញ្ជាក់ថា មូលហេតុភាគច្រើន បណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័ស និងព្យាបាលឱ្យបានត្រឹមត្រូវ វាអាចផ្ដល់ផលវិបាក ដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងការឈឺចាប់ខ្លាំង រហូតមិនអាចធ្វើការបាន។
ចំពោះរោគសញ្ញានៃការឈឺខ្នង និងឈឺចង្កេះ ត្រូវបានវេជ្ជបណ្ឌិតជំនាញ លើកឡើងថា អ្នកជំងឺអាចមានអារម្មណ៍ថា ស្ពឹក ហើយការស្ពឹកនេះ មិនមែនស្ពឹក តែនៅតំបន់ចង្កេះនោះទេ ភាគច្រើន អាចមានការស្ពឹកនៅតំបន់ជើង ដូចជា កំភួនជើង ភ្លៅ ជាដើម។
ក្រៅពីស្ពឹកនៅតំបន់ជើងហើយនោះ លោកអ្នក ក៏អាចមានអារម្មណ៍រួយជើង ឬក៏ឈឺ ដូចជាគេយកម្ជុលមកចាក់ ជាដើម។
កាលណា ដែលមានការកៀបខ្លាំង ទៅលើប្រព័ន្ធសរសៃប្រសាទហើយនោះ វាអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើការគ្រប់គ្រងប្រព័ន្ធទឹកនោម និងប្រព័ន្ធបញ្ចេញចោល (បន្ទោបង់) មិនបានល្អ។
គ្រូពេទ្យឯកទេសខាងឆ្អឹង បានណែនាំថា បើសិនជាលោកអ្នក មិនចង់ឱ្យកើតមានបញ្ហាធ្ងន់ធ្ងរ ចំពោះឆ្អឹងខ្នង និងចង្កេះ លោកអ្នក គួរតែមានវិធានការ នៅក្នុងការថែរក្សាឆ្អឹងខ្នង និងចង្កេះ ឱ្យបានល្អ ទាំងការអង្គុយ ការឈរ ការដេក ការលី ឬក៏ធ្វើការងារធ្ងន់ៗ ជាពិសេស គឺការហាត់ប្រាណ។
បើសិនជាលោកអ្នកកើតមានបញ្ហាឈឺចង្កេះហើយនោះ លោកអ្នកមិនត្រូវជ្រើសរើសវិធីហាត់ប្រាណ ដូចជា ហក់លោតទេ ព្រោះថាបើសិនជាថ្ងៃណាមួយ លោកអ្នកលោតតោងរបស់អ្វីមួយនោះ ហើយបែរជារអិលដៃតោងមិនជាប់ បណ្តាលឱ្យដួលអុកគូទនោះ វាកាន់តែធ្វើឱ្យចង្កេះរបស់លោកអ្នកមានបញ្ហា។ វិធីល្អបំផុតសម្រាប់អ្នកជំងឺឈឺចង្កេះ ដែលចង់ហាត់ប្រាណនោះ គឺត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេស ជាមុនសិន។ វិធីហាត់ប្រាណ ដែលល្អ គឺហែលទឹក និងជិះកង់៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង