តើមួយថ្ងៃ ត្រូវគេងប៉ុន្មានម៉ោង ទើបល្អដល់សុខភាព?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-30

​ការស្រាវជ្រាវ​របស់អ្នកវិទ្យាសាស្ត្រ ​បង្ហាញថា ពេលវេលាដំណេក ចាំបាច់បំផុត មិនថា កុមារ ឬមនុស្សពេញវ័យ និងមនុស្សចាស់នោះទេ។ ទារក ដែលទើបនឹងកើត ដល់អាយុ ២ឆ្នាំ គេងជាមធ្យមពី ១២ ទៅ ១៤ ម៉ោង ក្នុងមួយថ្ងៃ។ ចំពោះកុមារអាយុ ៤ ឆ្នាំ ត្រូវការពេល ១១ ម៉ោង ដើម្បីគេង ហើយកុមារអាយុ ១០ ឆ្នាំ គឺ ១០ ម៉ោង។ ចាប់ពីពេញវ័យឡើងទៅ ដំណេកជាយ៉ាងតិចបំផុត ៧ម៉ោង ក្នុងមួយថ្ងៃ។ ​

ក្រុមអ្នកស្រាវជ្រាវ បានព្រមានអំពីបញ្ហាទាំងឡាយនៃការប្រព្រឹត្តិរបស់កុមារ ឬការប្រឈមកើតជំងឺសរសៃឈាមបេះដូង ប្រសិនបើកុមារ គេងមិនគ្រប់គ្រាន់។ ដូច្នេះ​អាណាព្យាបាល ឬមាតាបិតា គួររឹតបន្តឹងទៅលើការកំណត់ពេលវេលានៃការគេងរបស់កូន ព្រមទាំងព្យាយាមហ្វឹកហាត់ ឲ្យពួកគេ ចូលគេងតាមពេលវេលាឲ្យបានទៀងទាត់។

​ការស្រាវជ្រាវ បានបង្ហាញពីការគេងគ្រប់គ្រាន់ ទៅតាមក្រុមអាយុ ដូចខាងក្រោម៖

​១-ទារកទើបនឹងកើតដល់បីខែ៖ គេងឲ្យបាន ១៤-១៧ម៉ោង

២-ទារកចាប់ពី ៤-១១ខែ៖ គេងឲ្យបាន ១២-១៥ម៉ោង

៣-ក្មេងអាយុចាប់ពី ១-២ឆ្នាំ៖ គេងឲ្យបាន ១១-១៤ម៉ោង

៤-ក្មេងអាយុចាប់ពី ៣-៥ឆ្នាំ៖ គេងឲ្យបាន ១០-១៣ម៉ោង

៥-ក្មេងអាយុចាប់ពី ៦-១៣ឆ្នាំ៖ គេងឲ្យបាន ៩-១១ម៉ោង

៦-ក្មេងអាយុចាប់ពី ១៤-១៧ឆ្នាំ៖ គេងឲ្យបាន ៨-១០ម៉ោង

៧-មនុស្សពេញវ័យ ចាប់ពី ១៨-៦៤ឆ្នាំ៖ គេងឲ្យបាន ៧-៩ម៉ោង

៨-អាយុចាប់ពី ៦៥ឆ្នាំឡើងទៅ៖ គេងឲ្យបាន៧-៨ម៉ោង

ផល​អាក្រក់ ដែលកុមារគេងតិច មិនគ្រប់ម៉ោង អាចធ្វើឲ្យពួកគេ ជួបនឹងបញ្ហាខាងផ្នែកអារម្មណ៍ ដូចជា ឆាប់​ក្រេវ​ក្រាធ ឆាប់កើតទុក្ខ និងមានបញ្ហាភ័យខ្លាច។ ​

.សារៈប្រយោជន៍នៃការគេងគ្រប់គ្រាន់៖

ការគេងមិនត្រឹមតែឲ្យរាងកាយ និងខួរក្បាល បានសម្រាក​ទេ តាមពិតទៅ នៅពេលយើងគេងលក់ រាងកាយរបស់យើង រឹតតែខ្លាំង ក្នុងការជួយសាច់ដុំ ដែលធ្វើការច្រើន នៅពេលថ្ងៃ និងកម្ចាត់នូវអ្វីដែលមិនល្អដែលខួរក្បាលបានបង្កើត។ ​

.ផលប៉ះពាល់នៃការគេងមិនគ្រប់គ្រាន់៖

ការគេងមិនគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យយើងហត់ទេ វាក៏មានផលប៉ះពាល់ផ្សេងទៀត ចំពោះសុខភាព។ ការគេងមិនគ្រប់គ្រាន់ អាចធ្វើឲ្យយើង មិនអាចធ្វើការសម្រេចចិត្តបានល្អ ខ្វះនូវគំនិតច្នៃប្រឌិត និងពិបាកក្នុងការធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចបណ្តាលឲ្យមានជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជា ជំងឺធាត់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង (Alzheimer’s) ជាដើម៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង