ក្រសួងសុខាភិបាល ណែនាំពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា
ជំងឺអុតស្វា ត្រូវបានអង្គការសុខភាពពិភពលោក ប្រកាសពីការផ្ទុះឆ្លងរាលដាល កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លើបុគ្គលម្នាក់ នៅចក្រភពអង់គ្លេស ដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា ដែលជាកន្លែងកើតមានជំងឺអុតស្វានេះ។ ករណីជំងឺអុតស្វា ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅបណ្តាប្រទេសប្រមាណជា ១៩ប្រទេស នៅលើពិភពលោក គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានអ្នកឆ្លងសរុប ១៥៨នាក់ អ្នកសង្ស័យ ១១៧នាក់ និងមិនទាន់មានករណីស្លាប់នៅឡើយ។
ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅកម្ពុជាយើង មិនទាន់មានករណីជំងឺអុតស្វាបែបនេះនៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍យើង ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ ដែលមានចំណុចសំខាន់ៗ ត្រូវអនុវត្ត។
រោគសញ្ញាជំងឺអុតស្វា៖
ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨,៥°C និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំ និងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង
បើមានអាការៈដូចខាងលើ ត្រូវដាក់បុគ្គលនោះ ឱ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅជិត។ ការដាក់ឱ្យនៅដាច់ដោយឡែកនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺ បានព្យាបាលជាសះស្បើយ ឬមានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។ ជំងឺអុតស្វា ជាជំងឺឆ្លង តាមរយៈការប៉ះពាល់នឹងអ្នកជំងឺ។
វិធីការពារ កុំឱ្យឆ្លងជំងឺអុតស្វា៖
- ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬជែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។
- ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នក ដែលមានជំងឺនេះ ឬបុគ្គល ដែលសង្ស័យ រួមទាំងការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺបានជាសះស្បើយ។
- ចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជា សម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារៈប្រើប្រាស់របស់បុគ្គលនេះ ដោយឡែក។
- បុគ្គលសង្ស័យ ដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងអំឡុងពេលធ្វើការតាមដានសុខភាពរយៈពេល ២១ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។
- ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។
- ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជាជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយ លើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។
- បុគ្គល ដែលមានចេញកន្ទួលរមាស់អមដោយគ្រុនក្តៅ និងមានរោគសញ្ញាដូចខាងលើនេះ ត្រូវទៅពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗរហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរពិសោធន៍ផងដែរ។
- អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអប់រំសុខភាពប្រជាជន និងលើកកម្ពស់ការយល់ដឹងស្តីពីការការពារការចម្លងរោគនៅក្នុងសហគមន៍របស់ខ្លួន។
ក្រៅពីនេះ ក្រសួងសុខាភិបាល ក៏បានណែនាំដល់មន្ត្រីប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់នូវអ្នកដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹក នៅលើសរីរាង្គ អមដោយមានគ្រុនក្តៅ និងមានរោគសញ្ញា ដូចរៀបរាប់ខាងលើ រួមទាំងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វា បែបអង់ដេមី គឺត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។
បណ្តាប្រទេសប៉ែកខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វា មានដូចជា ប្រទេសបេណាំង កាមេរ៉ូន អាហ្វ្រិកកណ្តាល កុងហ្គូ ហ្គាបុង និងប្រទេសហ្គាណា (រកឃើញលើសត្វ) កូដឌីវ័រ លីបេរី នីហ្សេរីយ៉ា សេរ៉ាឡេអូន និងប្រទេសស៊ូដង់ខាងត្បូង។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាមិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាប៉ុណ្ណោះ។
ក្រសួងសុខាភិបាល ក៏បានណែនាំដល់មន្ត្រីប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិ ត្រូវណែនាំអ្នកធ្វើដំណើរទៅកាន់តំបន់ ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាងការប៉ះពាល់ជាមួយសត្វ ដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់ ) ដែលអាចមានផ្ទុកនូវវីរុសអុតស្វា ហើយគួរជៀសវាងការបរិភោគសាច់សត្វព្រៃ។
ក្រៅពីវិធានការខាងលើ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការបង្ការត្រៀមបម្រុង ដោយនឹងរិះរកប្រភព ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង អុតស្វា ទុកជាមុន ផងដែរ
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង