ជំងឺវង្វេងវង្វាន់ គឺជាបណ្តុំអាការ កើតឡើង ដោយសារខួរក្បាលមានបញ្ហាកោសិកាខួរខូចខាត ដែលបណ្តាលឱ្យបញ្ឈប់សកម្មភាព និងបាត់ទំនាក់ទំនងទៅកោសិកាខួរក្បាលផ្សេងៗទៀត។ ជំងឺវង្វេងវង្វាន់ ប៉ះពាល់ការគិត សកម្មភាព និងការធ្វើការងារប្រចាំថ្ងៃ។ ជំងឺវង្វេងវង្វាន់ មានអាការៈ ដូចជា បាត់ការចងចាំ បាត់ភាសា បាត់ការយល់ព័ត៌មាន និងបាត់បង់ការផ្ជង់អារម្មណ៍ ជាដើម។
លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ នាយកផ្នែកសរសៃប្រសាទនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឱ្យដឹងថា ភាគច្រើននៃមនុស្សកើតជំងឺវង្វេងវង្វាន់ គឺជាមនុស្សមានវ័យចំណាស់ អាយុលើសពី ៦៥ឆ្នាំ។ ប៉ុន្តែក៏មានអ្នកអាយុតិចជាង ៦៥ឆ្នាំ កើតជំងឺនេះ ដែលគេហៅថា ជំងឺវង្វេងវង្វាន់វ័យក្មេង។
លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ បានបន្ថែមថា ក្នុងដំណាក់កាលដំបូង រោគសញ្ញានៃជំងឺវង្វេងវង្វាន់ ចាប់ផ្ដើមលេចចេញ រួមមាន បាត់បង់ការចងចាំញឹកញាប់ និងវិវត្តទៅជាវង្វេងវង្វាន់ បុគ្គលិកលក្ខណៈប្រែប្រួល ភាពព្រងើយកន្តើយ បាត់បង់សមត្ថភាពក្នុងការបំពេញការងារប្រចាំថ្ងៃ។
ការថមថយការចងចាំ ដូចជា សមត្ថភាពការចាប់យក និងចងចាំព័ត៌មានថ្មីៗ មិនចងចាំឈ្មោះ និងវត្ថុ មិនចាំពាក្យ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មិនស្គាល់មុខមនុស្ស ដែលធ្លាប់ស្គាល់ វង្វេងផ្លូវនៅទីកន្លែង ដែលខ្លួនធ្លាប់ស្គាល់ច្បាស់។
លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ បន្ថែមថា ការថមថយសមត្ថភាព ក្នុងការរៀបចំគម្រោងផែនការ និងការប្រើប្រាស់ឧបករណ៍ ដូចជា ការបើកបរ ទិញដូរ ការប្រើប្រាស់ថ្នាំ និងធ្វើការងារ ហើយអាចវិវត្តទៅរកការបាត់បង់សមត្ថភាពអនុវត្តការងារប្រចាំថ្ងៃ ដូចជា ការហូបចុក ស្លៀកពាក់ ចូលបង្គន់ និងបញ្ហាដំណេក។
មានជំងឺជាច្រើនប្រភេទ ដែលអាចបង្កអោយមានជំងឺវង្វេងវង្វាន់ ប៉ុន្តែភាគច្រើន ពុំមានមូលហេតុច្បាស់លាស់ទេ។ មូលហេតុមួយចំនួន មានដូចជា ជំងឺអាល់ហ្សេមែរ ( Alzheimer ) ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ការញៀនស្រា មេរោគអេដស៍ ដុំសាច់ខួរក្បាល ការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ រលាកស្រោមខួរ និងខួរក្បាល ជំងឺក្រពេញមួយចំនួន (ពកករ) កង្វះវីតាមីន បេ១២។
លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ បន្តថា ការធ្វើរោគវិនិច្ឆ័យនៃជំងឺវង្វេងវង្វាន់ ពឹងផ្អែកទៅលើការសួរនាំពីអ្នកថែទាំ និងអ្នកជំងឺ ការពិនិត្យរាងកាយទូទៅ និងប្រព័ន្ធសរសៃប្រសាទ ពិនិត្យឈាម បូមទឹកឆ្អឹងខ្នង ថតស្កេនខួរក្បាល វាស់ចរន្តអគ្គិសនីខួរក្បាល។
ពាក់ព័ន្ធនឹងផលវិបាក ដែលកើតចេញពីជំងឺវង្វេងវង្វាន់ ត្រូវបានលោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ លើកឡើងថា ធ្វើឱ្យរាងកាយទ្រុឌទ្រោម កង្វះអាហារូបត្ថម្ភដោយសារហូបចុកតិចតួច ភ្លេចហូប ពិបាកទំពារ លេប ងាយឈ្លក់ អាចស្ទះផ្លូវដង្ហើម និងរលាកសួត។ ក្នុងនោះ អនាម័យរាងកាយ ក៏មិនល្អ មិនអាចងូតទឹកខ្លួនឯងបាន ដុសធ្មេញ សិតសក់ ចូលបង្គន់។ អ្នកជំងឺ ក៏មានការលំបាកក្នុងទំនាក់ទំនងប្រចាំថ្ងៃ ហើយប្រឈមគ្រោះថ្នាក់មួយចំនួនដូចជា គ្រោះថ្នាក់ចរាចរណ៍ ដួល បាត់បង់វត្ថុមានតម្លៃ ត្រូវចំណាយថវិកាខ្ពស់ក្នុងការថែទាំ និងប៉ះពាល់ផ្លូវចិត្តអ្នកថែទាំ ជាដើម។
លោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ ក៏បានលើកឡើងពីវិធីបង្ការជំងឺវង្វេងវង្វាន់ មានដូចជា៖ ប្រើប្រាស់ខួរក្បាលទៀងទាត់ ធ្វើការងារប្រើកម្លាំងកាយ និងចូលរួមការងារសង្គម បញ្ឈប់ការជក់បារី ព្យាបាលជំងឺលើសឈាមអោយបានល្អ ពិនិត្យលើរបបអាហារ ដោយត្រូវទទួលទានអាហារ ផ្លែឈើ បន្លែ អាស៊ីត Omega3 មានក្នុងត្រី និងគ្រាប់ធញ្ញជាតិ ជាដើម។
ចំណែកការព្យាបាលជំងឺវង្វេងវង្វាន់ ត្រូវបានលោកសាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ លើកឡើងថា ភាគច្រើនអ្នកជំងឺ មិនអាចព្យាបាលជាដាច់ទេ។ ប៉ុន្តែគ្រូពេទ្យ អាចជួយព្យាបាលរោគសញ្ញា និងទប់ស្កាត់ការវិវត្តជំងឺ ដោយការប្រើប្រាស់ថ្នាំ ដូចជា Donepezil (Aricept), Rivastigmine, Galantamine, Memantine, Vitamin E, Omega 3, Coenzyme Q10, Gingko។
រីឯការព្យាបាល ដោយមិនប្រើថ្នាំ មានដូចជា ផ្លាស់ប្តូរមជ្ឈដ្ឋានរស់នៅ បង្កើតភាពជិតស្និទ្ធជាមួយអ្នកជំងឺ លើកទឹកចិត្តអ្នកជំងឺ ហាត់ប្រាណ ទម្លាប់ការទទួលទានដំណេកជៀសវាងសម្លេងរំខាន កាត់បន្ថយសារធាតុកាហ្វេ បង្កើតការវិភាគប្រចាំថ្ងៃរបស់អ្នកជំងឺ ស្តាប់ភ្លេងមានលក្ខណៈស្រទន់ ចិញ្ចឹមសត្វ ដូចជា ឆ្កែ ឆ្មា ជាដើម៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង