បញ្ហាភ្នែកស្ងួត គឺជាបញ្ហា ដែលភ្នែកមិនអាចផលិតទឹកភ្នែកគ្រប់គ្រាន់ សម្រាប់ផ្ដល់សំណើមដល់ភ្នែក។ រោគសញ្ញារបស់បញ្ហាភ្នែកស្ងួត មានសភាពស្រាលល្មម ដែលអ្នកអាចជួបផលរំខាន និងប្រតិកម្មទៅនឹងពន្លឺផងដែរ។ ក៏ប៉ុន្តែអ្នកគួរយកចិត្តទុកដាក់ និងព្យាបាលវាឲ្យបានល្អ ពុំដូច្នោះ វាអាចបង្កផលវិបាកធ្ងន់ធ្ងរ ខណៈអ្នកមិនព្យាបាលទាន់ពេល។ តើបញ្ហាភ្នែកស្ងួត អាចបង្កពិការភាពភ្នែក ដែរ ឬទេ?
ស្ថានភាពភ្នែកស្ងួតកម្រិតស្រាល ឬមធ្យម មិនងាយបង្កការខូចភ្នែក ឬការឆ្លងមេរោគ ដែលឈានដល់ពិការភាពនោះទេ ជាពិសេសប្រសិនបើអ្នកជំងឺ ទទួលការព្យាបាលត្រឹមត្រូវ។ ប៉ុន្តែករណីធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់ស្រទាប់ក្រៅ ឬស្រទាប់ថ្លារបស់ភ្នែក ឬហៅថា “កែវភ្នែក”។ នៅពេលកែវភ្នែកខូច វានឹងនាំឲ្យអ្នកជំងឺព្រិលភ្នែក។ បញ្ហានេះ ក៏អាចឈានដល់ពិការភាពភ្នែកផងដែរ។
ផលប៉ះពាល់រយៈពេលវែង នៃបញ្ហាស្ងួតភ្នែក៖
១. ចុះខ្សោយសមត្ថភាពបំពេញកិច្ចការប្រចាំថ្ងៃ រួមមាន ការបើកបរ និងអាន ជាដើម
២. ការឆ្កូត ឬចេញខ្ទុះក្នុងកែវភ្នែក អាចបង្កស្លាកស្នាមលើកែវភ្នែក
៣. ប្រឈមខ្ពស់ទៅនឹងការឆ្លងរោគ
នៅពេលកែវភ្នែកមានបញ្ហា វេជ្ជបណ្ឌិត អាចផ្ដល់វិធីព្យាបាល ដូចជា៖
១. រុំភ្នែក
២. ប្រើក្រមួន ឬទឹកបន្តក់
៣. ពាក់លែនភ្នែកពិសេស
៤. ប្រើទឹកបន្តក់ ប្រឆាំងរលាក
៥. ប្រើថ្នាំអង់ទីប៊ីយោទិច
តើបញ្ហាភ្នែកស្ងួត អាចកើតមានយូរប៉ុណ្ណា? អាចជាសះស្បើយដែរ ឬទេ?
បញ្ហាភ្នែកស្ងួត អាចកើតមានចន្លោះពីច្រើនម៉ោង ទៅច្រើនខែ ឬជារៀងរហូត ទៅតាមស្ថានភាព។ គេអាចបន្ធូររោគសញ្ញាភ្នែកស្ងួត ដោយដោះស្រាយកត្តា ដែលបង្កបញ្ហាភ្នែកស្ងួតរបស់ខ្លួន។
កត្តាដែលបង្កបញ្ហាភ្នែកស្ងួត៖
១. សម្លឹងកុំព្យូទ័រ ទូរទស្សន៍ ឬទូរស័ព្ទច្រើនម៉ោង
២. ប្រឈមនឹងខ្យល់ស្ងួត
៣. ប្រឈមនឹងការផ្លាស់ប្ដូរអាកាសធាតុ
៤. មានអាលែកហ្ស៊ី
៥. ប្រឈមនឹងសារធាតុពុល
៦. មានជំងឺប្រចាំកាយ រួមមាន ជំងឺរលាកសន្លាក់ឆ្អឹង ឬជំងឺទឹកនោមផ្អែម -ល-
៧. ប្រើថ្នាំមួយចំនួន រួមមាន ថ្នាំគ្រប់គ្រងសម្ពាធឈាម ឬថ្នាំបាក់ទឹកចិត្ត -ល-
៨. ផលវិបាកនៃការវះកាត់ ឬការប្រើលែនភ្នែកយូរ
៩. អាយុកាន់តែច្រើន
១០. ប្រឈមនឹងការប្រែប្រួលអ័រម៉ូន (មានផ្ទៃពោះ ប្រើថ្នាំពន្យារកំណើត និងអស់រដូវ)
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង